ភ្នំពេញ៖ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ មានកិត្តិយស សូមជម្រាបជូនសាធារណជនជាតិ និងអន្តរជាតិមេត្តាជ្រាបថា អនុលោមតាមកិច្ចសហប្រតិបត្តិការយោធារវាងក្រសួងការពារជាតិនៃព្រះរាជា ណាចក្រកម្ពុជា និងក្រសួងការពារជាតិនៃសាធារណរដ្ឋប្រជាមានិតចិន កងទ័ពនៃប្រទេសទាំងពីរនឹងរៀបចំ សមយុទ្ធរួមគ្នា ក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរវកម្មនិងចោរសមុទ្ររួមគ្នា និងការងារមនុស្សធម៌» ដែលនឹងប្រព្រឹត្តទៅរយៈពេល១៥ថ្ងៃ ចាប់ពីចុងខែវិច្ឆិកា ដល់ដើមខែធ្នូ ឆ្នាំ២០២៦។
សមយុទ្ធនេះ រៀបចំឡើងក្នុងគោលបំណងអភិវឌ្ឍឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ កម្ពុជា-ចិន ការផ្លាស់ប្តូរបទពិសោធ បង្កើនសមត្ថភាពកម្រិតជំនាញ និងការពង្រឹងចំណង មិត្តភាពដែកថែបរវាងកងទ័ពនៃប្រទេសទាំងពីរ។ ប្រតិបត្តិការនេះ ក៏ផ្តោតសំខាន់លើការប្រឆាំងភេរវកម្ម ការងារមនុស្សធម៌ និងការងារសង្គ្រោះផងដែរ។
ចំពោះទីកន្លែងនិងកាលបរិច្ឆេទ៖ ទី១ សមយុទ្ធលើគោក និងអាកាស នៅវិទ្យាស្ថាននាយទាហាន ចម្រុះ និងសាលាហ្វឹកហ្វឺនតេជោសែនជុំគិរី ទី២ សមយុទ្ធលើសមុទ្រ និងអាកាស នៅមូលដ្ឋានសមុទ្ររាម មូលដ្ឋាមទ័ពអាកាសកងកេង និងតំបន់សមុទ្រ ខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៦។
ក្នុងអំឡុងពេលសមយុទ្ធ នឹងមានការប្រើប្រាស់គ្រាប់ពិត គ្រឿងយុទ្ធោបករណ៍ធុនធ្ងន់ បច្ចេកវិទ្យា ដ្រូន (Drone) និងការចល័តកងទ័ពទាំងលើទឹក លើគោក និងលើអាកាស។ ជាមួយគ្នានេះ ក៏មានសកម្មភាព ការងារសង្គម និងមនុស្សធម៌នៅតាមបណ្តាមូលដ្ឋានក្បែរតំបន់សមយុទ្ធផងដែរ។
ដើម្បីឱ្យកិច្ចដំណើរការសមយុទ្ធខាងលើប្រព្រឹត្តទៅដោយរលូន និងធានាបាននូវសុវត្ថិភាពខ្ពស់ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្បែតំបន់ សមយុទ្ធ មេត្តាជ្រាបជាព័ត៌មាន និងកុំមានការភិតភ័យចំពោះសកម្មភាពចល័តទ័ព ឬការប្រើប្រាស់គ្រាប់ពិត ក្នុងអំឡុងពេលហ្វឹកហ្វឺននេះ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន៕

ដោយ៖ តារា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច