ភ្នំពេញ ៖ រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជា ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា លោក ហ៊ុយ វណ្ណៈ នារសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ បានបង្ហោះលើផេកផ្លូការ លើកពី“សម័យអង្គរ” ៖ សម័យកាលរុងរឿងខ្លាំងរបស់កម្ពុជា ចាប់ពី សតវត្សទី៩ ដល់ទី១៣។ ខ្មែរ រុងរឿងនាសម័យកាលនោះ កត្តា៥សំខាន់ៗ៖
១– ការបង្រួបបង្រួមជាតិ និងលទ្ធិទេវរាជ៖ ព្រះបាទជ័យវរ្ម័នទី២ បានប្រកាសឯករាជ្យ និងបង្រួបបង្រួមទឹកដីនៅឆ្នាំ៨០២ លើភ្នំគូលែន ដោយប្រើពិធីទេវរាជពង្រឹងឯកភាពជាតិ និងអំណាចរាជានិយម។
២– ប្រព័ន្ធធារាសាស្ត្រ និងកសិកម្ម៖ ការកសាងបារាយណ៍ ទំនប់ និងប្រឡាយទឹក ជួយផ្គត់ផ្គង់ទឹកធ្វើស្រែបានច្រើនដងក្នុងមួយឆ្នាំ និងបង្កើតភោគផលលើសតម្រូវការ។
៣— ភាពខ្លាំងនៃកងទ័ព និងនយោបាយ៖ ព្រះមហាក្សត្រដូចជា ព្រះបាទសូរ្យវរ្ម័នទី២ និងព្រះបាទជ័យវរ្ម័នទី៧ បានពង្រីកទឹកដី និងការពារអធិបតេយ្យភាព ធ្វើឱ្យអាណាចក្រខ្មែរក្លាយជាមហាអំណាចនៅអាស៊ីអាគ្នេយ៍។
៤— ស្ថាបត្យកម្ម និងសិល្បៈ៖ ការកសាងប្រាសាទធំៗដូចជា អង្គរវត្ត និងបាយ័ន ព្រមទាំងចម្លាក់ និងសិលាចារឹក បង្ហាញពីជំនាញវិស្វកម្ម និងវប្បធម៌ជាន់ខ្ពស់។
៥— សាសនា និងសុខុមាលភាពសង្គម៖ ការលើកកម្ពស់ព្រហ្មញ្ញសាសនា និងពុទ្ធសាសនា រួមទាំងការកសាងមន្ទីរពេទ្យ សាលាសំណាក់ និងសាលារៀន ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧។
*** សាស្ត្រាចារ្យប្រវត្តិសាស្ត្រមួយរូបលើកឡើងថា រយៈពេល៥០០ឆ្នាំនៃការរីកចម្រើនរបស់ខ្មែរ អតីតកាល ហើយមានលក្ខណៈបន្តគ្នាបាន (continuity) ដោយសារកត្តាគោលការណ៍៣សំខាន់៖ (leadership, value & meritocracy)។
*** បន្ទាប់ពីបាត់គោលការណ៍នេះមក ជាពិសេសចាប់ពីរជ្ជកាលព្រះបាទជ័យវរ្ម័នទី៨ ខ្មែរយើងដុនដាបរហូត… ការរើរាជធានី, ការបោះបង់រាជធានី, សង្គ្រាម កើតមានជាបន្តបន្ទាប់…៕

ប្រភព ៖ ហ៊ុយ វណ្ណៈ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច