ព័ត៌មានទាន់ហេតុការណ៍៖

ដើម្បីការពារ លោក គីម ជុងអ៊ុន ជំរុញការដាក់ពង្រាយអាវុធនុយក្លេអ៊ែរតាក់ទិកឱ្យកាន់តែទូលំទូលាយ

ចែករំលែក៖

សារព័ត៌មាន Reuters បានដកស្រង់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានផ្សាយថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថាប្រទេសលោកគួរតែផ្ដោតលើការដាក់ពង្រាយអាវុធនុយក្លេអ៊ែរតាក់ទិកឱ្យកាន់តែទូលំទូលាយលើគ្រប់វិស័យទាំងអស់ ហើយថាសមត្ថភាពផលិតសម្ភារៈនុយក្លេអ៊ែរបាន និងកំពុងត្រូវបានពង្រីកជាលំដាប់។
លោក គីម ជុងអ៊ុនដែលធ្វើការកត់សម្គាល់ខាងលើអំឡុងការធ្វើអធិការកិច្ចមួយកាលពីថ្ងៃពុធ ទៅកាន់រោងចក្រផលិតសម្ភារៈនុយក្លេអ៊ែរ និងស្រាវជ្រាវអាវុធ ក៏បានសង្កត់ធ្ងន់ដែរថាឋានៈជារដ្ឋអាវុធនុយក្លេអ៊ែរមិនអាចត្រូវបានបំពានដាច់ខាត។ KCNA ក្នុងសេចក្ដីរាយការណ៍របស់ខ្លួន នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ មិនបានបញ្ជាក់អត្តសញ្ញាណ ឬទីតាំងនៃរោងចក្រខាងលើនោះទេ។ «សមត្ថភាពនុយក្លេអ៊ែររបស់យើងក្នុងពេលឥលូវបានក្លាយជាការពិត»។ នេះជាការគូសបញ្ជាក់របស់លោក គីម ដែលត្រូវបានដកស្រង់សម្ដីដោយ KCNA។
តាមលោក គីម កូរ៉េខាងជើងគួរតែផ្ដោតលើការដាក់ពង្រាយអាវុធនុយក្លេអ៊ែរតាក់ទិកឱ្យកាន់តែទូលំទូលាយ ពោលគឺអាចប្រើប្រាស់បានសម្រាប់គ្រប់បេសកកម្ម ឬប្រតិបត្តិការទាំងអស់ ហើយបានចាត់ទុកសមិទ្ធផលថ្មីៗនេះនៅក្នុងការផលិតអាវុធនុយក្លេអ៊ែរជាជោគជ័យដ៏ធំមួយចំពោះ គោលនយោបាយកងកម្លាំងនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ លោក គីម ក៏បានបញ្ជាក់ដែរថាការប៉ុនប៉ងណាមួយដើម្បីបដិសេធឋានៈជារដ្ឋអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងដែលត្រូវបានបញ្ចូលជាច្បាប់មួយនៃរដ្ឋធម្មនុញ្ញកូរ៉េខាងជើងកាលពីឆ្នាំ២០២៣ នឹងត្រូវបានចាត់ទុកថាជាការប្រកាសសង្រ្គាមដោយបើកចំហ។ យ៉ាងណាក៏ដោយ សម្រាប់ក្រុមអ្នកវិភាគ ដំណើរទស្សនកិច្ចរបស់លោក គីម ទៅកាន់រោងចក្រផលិតអាវុធក៏អាចជាការបញ្ជូនសារមួយ ទៅកាន់សហរដ្ឋអាមេរិកផងដែរ នៅចំពោះការលើកឡើងពីលទ្ធភាពនៃទំនាក់ទំនងការទូតរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង។
លោក Lim Eul-chul ជាសាស្ត្រាចារ្យម្នាក់មកពីសាកលវិទ្យាល័យ Kyungnam របស់កូរ៉េខាងត្បូងបាននិយាយថាអ្វីដែលលោក គីមបានលើកឡើង មិនមែនជាការបិទទ្វារចរចាទាំងស្រុងនោះទេ ហើយវាអាចជាការបញ្ជូនសារទៅកាន់សហរដ្ឋអាមេរិកថាកិច្ចចរចាលើការរំសាយអាវុធនុយក្លេអ៊ែរបានបិទបញ្ចប់ហើយ។ ដូច្នេះប្រសិនបើមានកិច្ចចរចានៅពេលអនាគត នោះកិច្ចព្រមព្រៀងនឹងផ្តោតលើការចរចារវាងរដ្ឋអាវុធនុយក្លេអ៊ែរ និងរដ្ឋអាវុធនុយក្លេអ៊ែរ ឬនិយាយឱ្យងាយយល់កិច្ចចរចាគឺត្រូវតែផ្ដោតលើការទទួលស្គាល់កូរ៉េខាងជើងជារដ្ឋអាវុធនុយក្លេអ៊ែរ៕

ដោយ៖ ធីរីណា


ចែករំលែក៖