ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទុះទំនាស់ពាក្យសម្ដី ពូយកដំបងវ៉ៃក្មួយចំក្បាលផ្នែកខាងក្រោយ បណ្ដាលឱ្យស្លាប់ នៅឃុំលាយបូរ ស្រុកត្រាំកក់

ចែករំលែក៖

ខេត្តតាកែវ៖ ករណីទំនាស់ពាក្យសម្ដីរវាងពូ និងក្មួយ បានឈានដល់អំពើហិង្សា ដោយជនសង្ស័យយកដំបងវ៉ៃក្មួយប្រុសចំពីលើក្បាលផ្នែកខាងក្រោយ បណ្ដាលឱ្យរងរបួសធ្ងន់ធ្ងរ និងដាច់ខ្យល់ស្លាប់នៅមន្ទីរពេទ្យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ៥:០០ ទៀបភ្លឺ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ បន្ទាប់ពីហេតុការណ៍បានកើតឡើងកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅភូមិកាច់ត្រក ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។

តាមការបញ្ជាក់ពីសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំលាយបូរ ប្រាប់នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ឱ្យដឹងថា មុនពេលកើតហេតុ ក្មួយប្រុសដែលជាជនរងគ្រោះបានទៅបង់សំណាញ់ រួចត្រឡប់មកផ្ទះវិញ និងជុំគ្នាលេងបៀកម្សាន្តបន្តិចបន្តួច។ បន្តិចក្រោយមក បុរសដែលត្រូវជាពូរបស់ជនរងគ្រោះ និងជាមនុស្សចូលចិត្តផឹកស្រា បាននិយាយជេរដៀមដាមក្មួយប្រុសរាលដាលដល់ឪពុកម្ដាយ។ ពេលនោះ ក្មួយប្រុសបានតបតពាក្យសម្ដីថា ឱ្យជេរត្រឹមខ្លួនបានហើយ កុំជេរដល់ឪពុកម្ដាយ។ ស្រាប់តែជនសង្ស័យ (ត្រូវជាពូ) បានដើរចេញទៅវិញទៅមក ហើយប្រទះឃើញដំបងមួយដើមប៉ុនកដៃ ប្រវែងជាង ១ ម៉ែត្រ ក៏ស្ទុះទៅវ៉ៃក្មួយប្រុសចំពីលើក្បាលផ្នែកខាងក្រោយ បណ្ដាលឱ្យជនរងគ្រោះប្រកាច់ដួលទៅនឹងដី។

ក្រោយកើតហេតុ សាច់ញាតិប្រញាប់បញ្ជូនក្មួយប្រុសទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ។ ប៉ុន្តែដោយសារស្ថានភាពរបួសធ្ងន់ពេក ក្រុមគ្រូពេទ្យបានបញ្ជូនបន្តទៅមន្ទីរពេទ្យរាជធានីភ្នំពេញ ហើយជនរងគ្រោះក៏បានដាច់ខ្យល់ស្លាប់នៅវេលាម៉ោងប្រមាណ ៥:០០ ទៀបភ្លឺ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦។ បច្ចុប្បន្ន សពជនរងគ្រោះត្រូវបានសាច់ញាតិយកមកធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ក្នុងភូមិកាច់ត្រក ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។

ពាក់ព័ន្ធនឹងករណីនេះ សមត្ថកិច្ចជំនាញបានចុះអន្តរាគមន៍ និងឃាត់ខ្លួនជនសង្ស័យ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់។ ទន្ទឹមនឹងនេះ អ្នកស្រុក និងអ្នកជិតខាងបានលើកឡើងដោយក្តីសោកស្ដាយថា ក្មួយប្រុសដែលស្លាប់ជាមនុស្សរួសរាយរាក់ទាក់ ស្លូតបូត សុភាពរាបសារ និងគោរពចាស់ទុំ មិនគួរជួបហេតុការណ៍អកុសលបែបនេះឡើយ៕

ដោយ៖ សុរិយា


ចែករំលែក៖