ខេត្តកំពង់ស្ពឺ៖ កម្លាំងជំនាញនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានបង្ក្រាបនិងឃាត់ខ្លួនស្ត្រីសង្ស័យចំនួន ៤នាក់ពាក់ព័ន្ធនឹងករណីលួចមានស្ថានទម្ងន់ទោស (ឆក់ខ្សែក) ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។
ប្រតិបត្តិការនេះធ្វើឡើងតាមការចង្អុលបង្ហាញនិងបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ព្រមទាំងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ ដែលជាក់ស្តែងកាលពីវេលាម៉ោង១៥:០០នាទី ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦ កម្លាំងមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើសនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យជាស្ត្រីចំនួន០៤នាក់ជាប់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (ឆក់ខ្សែក) ស្ថិតនៅភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ជនសង្ស័យរួមមានទី១៖ ឈ្មោះ ឈុន ស្រីនិត ភេទស្រី អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិធ្លក សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ,ទី២៖ ឈ្មោះ សុត ស្រីណាង ភេទស្រី អាយុ ១៦ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ទីលំនៅបច្ចុប្បន្នភូមិរកាកោង១ ឃុំរកាកោង ស្រុកមុខកំពូល ខេត្តកណ្តាល,ទី៣៖ ឈ្មោះ កែវ សុីណា ភេទស្រី អាយុ១៥ឆ្នាំ មុខរបរលក់ដូរ ទីលំនៅបច្ចុប្បន្នភូមិក្រោលគោ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញនិងទី៤៖ ឈ្មោះ សុត ស្រីណែត ភេទស្រី អាយុ ១៤ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិរកាកោង១ ឃុំរកាកោង ស្រុកមុខកំពូល ខេត្តកណ្តាល។
ជាលទ្ធផលកម្លាំងកងរាជអាវុធហត្ថ ចាប់យកវត្ថុតាងបានរួមមាន៖ ខ្សែកលោហធាតុពណ៌លឿងចំនួន១ខ្សែ (បានប្រគល់ឱ្យជនរងគ្រោះវិញ), ម៉ូតូចំនួន ២គ្រឿង និងទូរស័ព្ទចំនួន២គ្រឿង។
បច្ចុប្បន្នជនសង្ស័យខាងលើរួមនឹងវត្ថុតាងត្រូវបានកម្លាំងមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធីជាធរមាន ៕

ដោយ៖ សុរិយា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច