ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦ សាលា ប៊ែលធី អន្តរជាតិ បានប្រារព្ធពិធីប្រគល់សញ្ញាបត្រមធ្យមសិក្សាទុតិយ ភូមិប៊ែលធីជូនដល់សិស្សប៊ែលធីថ្នាក់ទី១២ ជំនាន់ទី២១ ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ក្នុងឆ្នាំសិក្សា២០២៥-២០២៦ សរុបចំនួន ២,៦៤៧នាក់ នៅសាលសន្និសីទនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំង ទី២ (ស្ពានអាកាសចោមចៅ) ក្រោម អធិបតីភាព ឯកឧត្តម បណ្ឌិត លី ឆេងតំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក និងជាអគ្គនាយក ប៊ែលធី គ្រុប និងលោកជំទាវ។
លោក ប៊ុត ឌីម៉ង់ ប្រធានការិយាល័យចំណេះទូទៅ បានឱ្យដឹងថា បច្ចុប្បន្ន សាលា ប៊ែលធី អន្តរជាតិ មាន ៣៥សាខា (៣៣សាខា កំពុងដំណើរការ និង ២សាខា កំពុងសាងសង់) និងមានកម្មវិធីសិក្សា៦ធំៗគឺ ១-ចំណេះទូទៅ ២-ថ្នាក់២ភាសា (អង់គ្លេស-ចិន) ៣-ភាសាអង់គ្លេសទូទៅ ៤-ភាសាចិនទូទៅ ៥-កម្មវិធីអភិវឌ្ឍបញ្ញា IMA និង ៦-ថ្នាក់ត្រៀមប្រឡងតេស្ត អន្តរជាតិ ព្រមទាំងបានបញ្ជូលកម្មវិធីសិក្សាបន្ថែមធំៗ ចំនួន១២។
លោកបានបន្ថែមថា ក្នុងឆ្នាំសិក្សា២០២៥-២០២៦ សាលា ប៊ែលធី អន្តរជាតិ មានសិស្សថ្នាក់ទី ១២ ចូលរួមប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំនួន ២,៧១៥នាក់ (ពីរពាន់ប្រាំពីររយដប់ប្រាំ) ក្នុងនោះ ជាប់ ២,៦៤៧នាក់ (ពីរពាន់ប្រាំ មួយរយសែសិបប្រាំពីរ) ស្មើនឹង ៩៧.៥០% និងមានសិស្សនិទ្ទេស A ចំនួន ១៧៤នាក់។ ចំពោះសិស្សដែលបានប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនឹងទទួលបានសញ្ញាបត្រចំនួន២៖ ១-ចេញដោយ សាលា ប៊ែលធី អន្តរជាតិ និង ២-ចេញ ដោយក្រសួងអប់រំ យុវជននិងកីឡា។ សញ្ញាបត្រទាំងពីរនេះ ត្រូវបានដាក់បញ្ចូល (Upload) ទៅក្នុងវែបសាយប៊ែលធី ដើម្បីទុកជាកាលប្បវត្តិសម្រាប់សិស្សគ្រប់រូបទាញយក (Download)ប្រើប្រាស់ជាផ្លូវការផងដែរ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត លី ឆេង បានកោតសរសើរចំពោះសិស្សជ័យលាភីទាំងអស់ ដែលបានខិតខំយក ចិត្តទុកដាក់ប្រឹងប្រែងសិក្សារៀនសូត្ររយៈពេល ១២ឆ្នាំកន្លងមកនេះ ជាពិសេសគោរពបទបញ្ជាផ្ទៃក្នុង មានវិន័យ សីលធម៌ និងគុណធម៌ល្អ មិនបង្កផលលំបាកដល់គ្រួសារ និងសង្គមជាតិ រហូតទទួលបានជោគជ័យប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិនាពេលនេះ។ ឯកឧត្តមបណ្ឌិត ក៏បានថ្លែងអំណរគុណចំពោះមាតាបិតា និងអាណាព្យាបាលសិស្សទាំងអស់ ដែល បានផ្តល់ឱកាស និងជំរុញកូនៗឱ្យសិក្សាបន្ថែមនៅផ្ទះ ធ្វើកិច្ចការផ្ទះ និងគោរពវិន័យសាលា ព្រមទាំងសហការយ៉ាងជិតស្និតជាមួយគណៈគ្រប់គ្រងនៅតាមបណ្តាសាខានៃសាលា ប៊ែលធី អន្តរជាតិ។
ជាការផ្តាំផ្ញើ ឯកឧត្តមបណ្ឌិត បានលើកទឹកចិត្តដល់សិស្សជ័យលាភីទាំងអស់ ឱ្យខិតខំយកចិត្តទុកដាក់បន្តការសិក្សា រៀនសូត្របន្ថែមទៀតនៅថ្នាក់ឧត្តមសិក្សាដោយធ្វើការជ្រើសរើសនូវមុខវិជ្ជាណា ដែលខ្លួនស្រឡាញ់ពេញចិត្តសម្រាប់ធ្វើជាអាជីពខ្លួនឯងទៅថ្ងៃអនាគត និងអាចប្រកួតប្រជែងដណ្តើមទីផ្សារការងារជាមួយបណ្តាយុវជនទាំងក្នុងតំបន់អាស៊ាននិងពិភព លោក ដើម្បីដើរឱ្យទាន់ការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត (AI)។
ឯកឧត្តមបណ្ឌិត ក៏បានជម្រាបជូនផងដែរថា បច្ចុប្បន្នសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានចុះកិច្ចព្រមព្រៀងជាមួយ សាកលវិទ្យាល័យ MONASH (ម៉ូណាស់) ដ៏ល្បីមកពីប្រទេសអូស្ត្រាលី ដើម្បីបើកថ្នាក់ឆ្នាំមូលដ្ឋាន (Foundation Year) ចូលរៀនថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៧ ខាងមុខនេះ ដោយទទួលនិស្សិតជាតិ-អន្តរជាតិពីគ្រប់មជ្ឈដ្ឋានមកសិក្សាផ្ទាល់នៅ ស្នាក់ការកណ្តាល ប៊ែលធី គ្រុប (ជាន់ទី៥)។ និស្សិតសិក្សារយៈពេល១ឆ្នាំនៅ MONASH – BELTEI IU Cambodia និងបន្តសិក្សា៣ឆ្នាំ នៅសាកលវិទ្យាល័យMONASH ប្រទេសអូស្ត្រាលី។
ជាទីបញ្ចប់ ឯកឧត្តមបណ្ឌិត និង លោកជំទាវ បានចូលរួមអបអរសាទរ និងប្រគល់សញ្ញាបត្រដល់សិស្សជ័យលាភី ទាំង ២,៦៤៧នាក់ នាពេលនោះផងដែរ៕


ដោយ៖ ស ជី
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច