ភ្នំពេញ៖ រសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានអនុញ្ញាតឲ្យ លោកស្រី ចំរើន មូតិតា ជំនាញការជាន់ ខ្ពស់ផ្នែកអភិវឌ្ឍន៍ជនបទនិងលោក Eric Johnson ជំនាញការជាន់ខ្ពស់ផ្នែកអភិវឌ្ឍន៍ សង្គម នៃធនាគារពិភពលោកចូលជួប សម្តែងការគួរសមនៅឯទីស្តីការក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ជំនួបនេះធ្វើឡើងក្នុងគោលបំណង ពិគ្រោះយោបល់ពីការវាយតម្លៃគម្រោង លើកកម្ពស់កម្រិតជីវភាពនិងសហគមន៍ក្រីក្រដើម្បីឈានទៅបញ្ចប់ឯកសារគម្រោងទាំងស្រុង។
លោកស្រី ចំរើន មូតិតា បានមាន ប្រសាសន៍ថា គម្រោងនេះត្រូវបានរៀបចំឡើងក្នុងទិសដៅ ជួយកែលំអជីវភាពរបស់ពលរដ្ឋក្រីក្រនៅជនបទនិងទីក្រុងតាម រយៈផ្តល់ការបណ្តុះបណ្តាលបច្ចេកទេស កសិកម្ម និងក្រៅកសិកម្មដល់ពួកគាត់ បង្កើតឱកាសប្រើប្រាស់ឥណទាននិងប្រាក់សន្សំតាមរយៈក្រុមជួយខ្លួនឯងនិងបង្កើនផលិតភាពកសិកម្មនិងក្រៅកសិកម្មនិងចង្វាក់ផលិតកម្មតម្លៃបន្ថែម។ គម្រោងនេះបានចែកតំបន់គោលដៅជាពីរគឺខេត្តសៀមរាបមានចំនួន១៥.០០០គ្រួសារ និង រាជធានីភ្នំពេញមានចំនួន៤.៤៤៣ គ្រួសារដែលមានរយៈពេល៥ឆ្នាំពី ឆ្នាំ២០១៧ ដល់២០២១។
លោករដ្ឋមន្រ្តីបានសម្តែងការគាំទ្រ ដល់ការរៀបចំគម្រោងនេះដើម្បីជំរុញឲ្យ គម្រោងនេះអនុវត្តកាន់តែមានប្រសិទ្ធ ភាពនិងនិរន្តរភាព។ លោករដ្ឋមន្រ្តីបានណែនាំឲ្យតំណាងធនាគារពិភពលោកពិចារណាសិក្សាលើការវិភាគសេដ្ឋកិច្ច កសិកម្ម ដោយពិនិត្យឲ្យបានស៊ីជម្រៅនូវកម្រិតជីវភាពកសិករខ្នាតតូចនិងវិភាគពីកម្រិត ចំណូលរបស់ពួកគាត់ប្រចាំឆ្នាំធៀបទៅនឹងផលិតផលក្នុងស្រុកសរុបក្នុងប្រជាជនម្នាក់ធ្វើយ៉ាងណាឲ្យចំណូលពីវិស័យកសិកម្មនោះអាចឆ្លើយតបទៅនឹងកំណើនសេដ្ឋកិច្ចជាមធ្យមរង្វង់៧ភាគរយ ទើបប្រជាកសិករខ្នាតតូចទាំងនោះអាចទ្រទ្រង់ស្ថានភាពនៃការវិវឌ្ឍសេដ្ឋកិច្ចបាន។
លោករដ្ឋមន្រ្តីបានស្នើឲ្យបញ្ចូលបច្ចេក វិទ្យាកសិកម្មទំនើប សម្រាប់ប្រព័ន្ធស្រោចស្រពខ្នាតតូច ដូចជាការសាងសង់អណ្តូងទឹកដើរដោយថាមពលពន្លឺព្រះអាទិត្យ និងរៀបចំប្រព័ន្ធចែកចាយមេជូនសហគមន៍ដែលប្រើប្រាស់ទឹកសម្រាប់ការដាំបន្លែនិង ដំណាំរួមផ្សំដើម្បីកាត់បន្ថយចំណាយថ្លៃដើម ហើយឈានទៅផ្គត់ផ្គង់ទីផ្សារក្នុង ស្រុកនិងប្រកួតប្រជែងជាមួយការនាំចូល៕ ហេង សូរិយា