ទាហានឥណ្ឌា និងប៉ាគីស្ថានកាលពីថ្ងៃទី១ ខែមករា បានបះទង្គិចគ្នាដោយអាវុធធុនធ្ងន់ ។ ទាហានប្រទេសទាំងពីរបានបើកការវាយប្រហារទៅលើ ទីតាំគ្រប់គ្រងរបស់ប្រទេសនីមួយៗ ស្ថិតនៅតាមបណ្តោយព្រំដែន ស្រុក Poonch ជាប់ព្រំដែនគ្រប់គ្រង LoC បែងចេកតំបន់កាស្មៀរទៅជា២ចំណែក ។
ស្រុក Poonch ស្ថិតនៅចម្ងាយពីទីក្រុង Srinagar តំបន់កាស្មៀរ គ្រប់គ្រងដោយឥណ្ឌា ។ មន្ត្រីការពារជាតិឥណ្ឌាបានឲ្យដឹងថា ការផ្ទុះអាវុធដាក់គ្នាកើតឡើងនៅវេលាម៉ោង១០ព្រឹក អូសបន្លាយរហូតដល់៣ម៉ោង ។ មកទល់ពេលនេះ មិនទាន់មានព័ត៌មានស្តីពីការស្លាប់ ឬរបួសនៅឡើយ។
បន្ទាត់ព្រំដែន LoC កាត់ផ្តាច់តំបន់កាស្មៀរ ស្ថិតនៅជើងភ្នំហិមព្វាន ( Himalaya) ជាពីរចំណែក មួយចំណែក គ្រប់គ្រងដោយឥណ្ឌា និង មួយចំណែកទៀត គ្រប់គ្រងដោយប៉ាគីស្ថាន។ ប៉ុន្តែប្រទេសទាំងពីរបានប្រកាស ថា តំបន់កាស្មៀរទាំងមូលគឺជារបស់ខ្លួន ។
បើទោះបីមានកិច្ចព្រមព្រៀងឈប់បាញ់កាលពីឆ្នាំ២០០៣មក តែទាហានប្រទេសទាំងពីរបានផ្ទុះអាវុធដាក់គ្នាជាញឹកញាប់ ដោយចោទប្រកាន់គ្នាទៅវិញទៅមក ជាអ្នកបំពាន់បទឈប់បាញ់។
នៅថ្ងៃទី១ ខែមករា មេបញ្ជាការកងទ័ពឥណ្ឌា ឧត្តមសេនីយ៍ Bipin Rawat បានប្រកាសថា ទាហានប្រទេសនេះ ចង់ឲ្យមានសន្តិភាព លើពិភពលោក ប៉ុន្តែឥណ្ឌាមិនស្ទាក់ស្ទើរនៅក្នុងការប្រើកម្លាំងទ័ពពេលចាំបាច់។
កាលពីឆ្នាំ២០១៦ ទាហានឥណ្ឌារងការខូចខាតជាច្រើន ដោយសារតែការវាយប្រហារតាមព្រំដែន ដោយមានទាហានជាង៦០នាក់ស្លាប់ ៕ ម៉ែវ សាធី