ព័ត៌មានទាន់ហេតុការណ៍៖

ភ្លៀងធ្លាក់ខ្លាំងជន់លិច១០ខេត្តនៅភាគខាងត្បូងប្រទេសថៃ ស្លាប់១៨នាក់

ចែករំលែក៖

 
គិតមកដល់ព្រឹកថ្ងៃតី៩ ខែមករា មានមនុស្សដល់ទៅ១៨នាក់បានស្លាប់នៅក្នុងគ្រោះទឹកជំនន់ទ្រង់ទ្រាយធំ មិនធ្លាប់មានជាច្រើនទសវត្សរ៍កន្លងមក នៅបណ្តាខេត្តភាគខាងត្បូងប្រទេសថៃ ។ គ្រោះទឹកជំនន់នោះ ធ្វើឲ្យពលរដ្ឋជាង ១លាននាក់ រងផលប៉ះពាល់ ភូមិស្រុករាប់ពាន់ត្រូវទឹកជន់លិច ។ សាលារៀបរាប់ពាន់ខ្នងនៅក្នុងខេត្តទាំង១០ ត្រូវទឹកជន់លិច បង្ខំឲ្យសិស្សត្រូវផ្អាក់រៀន ។

ក្រសួងគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិថៃ បានប្រកាសឲ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងខុសប្រក្រតីរយៈពេលជាង១សប្តាហ៍ បង្កឲ្យមានទឹកជំនន់ជាទ្រង់ទ្រាយធំនៅភាគខាងត្បូង។ តាមការព្យាករណ៍ភ្លៀងនៅតែបន្តធ្លាក់ខ្លាំងពីរថ្ងៃខាងមុខទៀត ធ្វើឲ្យស្ថានភាពកាន់តែធ្ងន់ជាងមុន។ បច្ចុប្បន្នមានខេត្ត៥លិចលង់ខ្លាំងជាងគេបំផុត ក្នុងនោះមានខេត្ត Chumphon, Trang, Nakhon Si Thammarat, Phatthalung, និងSuratThani ។

រដ្ឋាភិបាលថៃ បានបញ្ជូនកម្លាំងទាហាន នៅភាគខាងត្បូង និងកម្លាំងទាហានអាកាសទៅចូលរួមជួយដល់ពលរដ្ឋតំបន់លិចលង់ខ្លាំងជាងគេបំផុត។ នៅពេលនេះ ផ្លូវ១៧ខ្សែតភ្ជាប់ពីទីក្រុង បាងកក់ ទៅកាន់បណ្តាខេត្តភាគខាងត្បូង ត្រូវលិចលង់ ក្នុងនោះមានផ្លូវ៩ខ្សែ ត្រូវបិទចរាចរណ៍ទាំងស្រុង។ ផ្លូវដែកទៅកាន់តំបន់ភាគខាងត្បូង ក៏ត្រូវផ្អាក់ជាច្រើនថ្ងៃកន្លងមក។

ជារៀងរាល់ឆ្នាំ អាកាសធាតុនៅក្នុងប្រទេសថៃ ចាប់តាំងពីខែវិច្ឆិកា ដល់ខែកុម្ភៈ គឺមានអាកាសធាតុស្ងួត និងត្រជាក់ ហើយជាពេលវេលានៃដំណើរកម្សាន្តទៅកាន់បណ្តាខេត្តភាគខាងត្បូង ។ ប៉ុន្តែនៅក្នុងឆ្នាំនេះ មានអាកាសធាតុខុសប្រក្រតី ភ្លៀងធ្លាក់នៅរដូវកាលនេះ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរស់នៅរបស់ពលរដ្ឋថៃ៕ ម៉ែវ សាធី

mosque_1753053i street-wide_1753056i thailan


ចែករំលែក៖