ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងជើងនឹងសាកល្បងកាំជ្រួចមីស៊ីលដែលអាចបាញ់ដល់អាមេរិកគ្រប់ពេល

ចែករំលែក៖

សារព័ត៌មានរ៉យទ័របានផ្សាយថា កូរ៉េខាងជើងបានប្រកាសថានឹងធ្វើការសាកល្បងកាំជ្រួចមីស៊ីល ICBM គ្រប់ពេលគ្រប់ទីកន្លែងឲ្យតែទទួលបានការបញ្ជាពីមេដឹកនាំ គីម ជុងអ៊ុន។ រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងចាត់ទុកអាមេរិកជាមូលហេតុធ្វើឲ្យប្រទេសនេះត្រូវតែអភិវឌ្ឍអាវុធទំនើបៗ។

នៅថ្ងៃទី៨ ខែមករា សារព័ត៌មានជាតិ កូរ៉េខាងជើង KCNA បានផ្សាយថា ក្រសួង ការបរទេសកូរ៉េខាងជើងបានប្រកាសឲ្យ ដឹងថា ទីក្រុងព្យុងយ៉ាងនឹងសាកល្បងកាំជ្រួចមីស៊ីលនៅពេលណាទទួលបានការ បញ្ជាពីមេដឹកនាំ។

ក្នុងថ្ងៃទី៨ ខែមករា នោះដែរ រដ្ឋមន្ត្រី ក្រសួងការពារជាតិអាមេរិកលោក Ashton Carter បានប្រកាសឲ្យដឹងថា កម្មវិធីបរ មាណូនិងកាំជ្រួចមីស៊ីលរបស់កូរ៉េខាងជើង អាចជាការគំរាមកំហែងជាទ្រង់ទ្រាយធំ ដល់អាមេរិក។ លោកបញ្ជាក់ទៀតថា អាមេរិកបានត្រៀមលក្ខណៈបាញ់ទម្លាក់កាំជ្រួចមីស៊ីលកូរ៉េខាងជើង ប្រសិនបើមីស៊ីលនោះឆ្ពោះសំដៅទឹកដីអាមេរិក។

លោក Carter ដែលជាអ្នកនឹងត្រូវចាកចេញពីមុខតំណែងនៅមិនយូរ ប៉ុន្មានទៀត នោះទេ នៅក្នុងរដ្ឋបាលរបស់លោកបារ៉ាក់ អូបាម៉ា ក្នុងនាមជារដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិកបានថ្លែងប្រាប់នៅ ក្នុងសន្និសីទសារព័ត៌មានជាមួយទូរទស្សន៍ NBC ថា សហរដ្ឋអាមេរិកនឹងប្រុងប្រៀប ដើម្បីធ្វើការបាញ់ទម្លាក់មីស៊ីល “បើសិនជា មីស៊ីលនោះសំដៅមករកដែនដីរបស់ខ្លួនមែននោះឬក៏មកលើដែនដីមិត្តរបស់យើង និងសម្ពន្ធមិត្តទាំងឡាយ”។

គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងជើងបានប្រកាសជាឱឡារិកថា កូរ៉េខាងជើងត្រៀម រួចជាស្រេចហើយ ដើម្បីធ្វើការសាកល្បង បាញ់គ្រាប់មីស៊ីលផ្លោងឆ្លងទ្វីប (ICBM) នៅគ្រប់ពេល និងគ្រប់ទីកន្លែង។

ក្រុមអ្នកឯកទេសអាមេរិកក៏បានបញ្ជាក់ ផងដែរថា ទីក្រុងព្យុងយ៉ាងត្រៀមសាកល្បង មីស៊ីលឆ្លងទ្វីបដែលអាចបាញ់បានចម្ងាយពី៥.៥០០ដល់១មឺុនគីឡូម៉ែត្រ។

សកម្មភាពរបស់កូរ៉េខាងជើងបានធ្វើ ឲ្យប្រទេសជិតខាងព្រួយបារម្ភតែតាំខ្លាំង ពិសេសគឺកូរ៉េខាងត្បូងដែលជាសត្រូវរបស់ កូរ៉េខាងជើង។ ការប្រកាសត្រៀមសាក ល្បងកាំជ្រួចមីស៊ីលឆ្លងទ្វីបបានធ្វើឲ្យកូរ៉េខាងត្បូងត្រូវតែចាត់វិធានការជាបន្ទាន់ក្នុងការការពារការវាយប្រហារណាមួយពីកូរ៉េខាងជើង។ អ្វីដែលទីក្រុងសេអ៊ូលត្រូវតែ ធ្វើនាពេលនេះគឺជំរុញឲ្យដាក់ប្រព័ន្ធមីស៊ីល ការពារឲ្យបានលឿនបំផុតដែលអាចធ្វើទៅបាន។ ទីក្រុងសេអ៊ូលបានបញ្ជាក់ពីការប្តេជ្ញា ចិត្តរបស់ខ្លួនថា នឹងដាក់ពង្រាយប្រព័ន្ធ ខែលការពារមីស៊ីលអាមេរិកហៅកាត់ថា «THAAD» នៅឆ្នាំ២០១៧នេះទោះបីជាមានការប្រឆាំងពីប្រទេសចិនក្តី។

ទីក្រុងសេអ៊ូលនិងវ៉ាស៊ីនតោនដែលភ្ជាប់ សម្ពន្ធមិត្តនឹងគ្នាដោយសន្ធិសញ្ញាការពារ ប្រទេសឲ្យគ្នាទៅវិញទៅមកកាលពីឆ្នាំមុន បានជូនដំណឹងអំពីគម្រោងដំឡើងប្រព័ន្ធខែលការពារមីស៊ីលអាមេរិកឈ្មោះ «THAAD» នៅក្នុងទឹកដីកូរ៉េខាងត្បូង។

ប្រព័ន្ធខែលការពារមីស៊ីល«THAAD» ជាប្រព័ន្ធមីស៊ីលដ៏វិសេសវិសាលបំផុតមួយ នៅលើលោកក្នុងការទប់ទល់ការវាយ ប្រហារណាមួយពីសំណាក់កូរ៉េខាងជើង។ ការប្តេជ្ញាចិត្តរបស់កូរ៉េខាងត្បូងនេះដោយហេតុតែកន្លងមកកូរ៉េខាងជើងបានផ្គើនខ្លាំង ដោយបង្កើនការសាកល្បងគ្រាប់មីស៊ីល របស់ខ្លួនជាច្រើន និងធ្វើតេស្តនុយក្លេអ៊ែរ ចំនួនពីរទៀតផងនៅឆ្នាំ២០១៦។

ចំពោះប្រទេសចិនក៏ដូចជារុស្ស៊ី “ការដាក់ពង្រាយប្រព័ន្ធខែលការពារមីស៊ីល អាមេរិកនៅកូរ៉េខាងត្បូងជាការផ្តល់ផលប្រយោជន៍ដល់សហរដ្ឋអាមេរិកនិងក៏ប៉ះពាល់ដល់ស្ថិរភាពនៅក្នុងតំបន់”។

រដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូង នៅក្នុងរបាយការណ៍មួយជូនចំពោះប្រធានាធិបតីស្តីទីកូរ៉េខាងត្បូងបានគូសបញ្ជាក់ថា ការដាក់ពង្រាយប្រព័ន្ធខែលការពារមីស៊ីល «THAAD» គឺជាផ្នែកមួយនៃការខិតខំប្រឹងប្រែងរបស់កូរ៉េខាងត្បូងក្នុងការពង្រឹង ឲ្យកាន់តែខ្លាំងថែមទៀតកិច្ចការពារជាតិ ខ្លួនទល់នឹងការគំរាមកំហែងរបស់កូរ៉េខាងជើង។

ប្រទេសចិនវិញបានបញ្ចេញប្រតិកម្មយ៉ាងទាន់ចិត្តដែរ ដោយចាត់ទុកការដាក់ ពង្រាយប្រព័ន្ធខែលការពារមីស៊ីលអាមេរិក «THAAD» នៅកូរ៉េខាងត្បូងថា នឹងប៉ះពាល់ដោយផ្ទាល់ដល់សន្តិសុខជាតិចិន និងកាន់តែបង្កើនហានិភ័យជម្លោះខ្លាំង ថែមទៀតនៅក្នុងតំបន់។ ទន្ទឹមនេះដែរចិនបានប្រកាសវិធានការមួយចំនួនប្រឆាំង ទល់នឹងកូរ៉េខាងត្បូងដែលទីក្រុងសេអ៊ូលចាត់ទុកថា ជាទណ្ឌកម្មដាក់ប្រឆាំងទល់ នឹងកូរ៉េខាងត្បូង។

វិធានការរបស់ប៉េកាំងនោះមានដូចជាការដាក់កម្រិតលើការចូលរួមក្នុងកម្មវិធីទូរទស្សន៍ចិនពីសំណាក់ក្រុមតារាចម្រៀងដ៏ឆ្នើមរបស់ក្រុមភ្លេង K-pop និងតារាល្បីៗផ្សេងទៀតរបស់កូរ៉េខាងត្បូងឬក៏ការសម្តែង ទស្សនីយភាពនានានៅលើទឹកដីចិន។ មិនតែប៉ុណ្ណោះ ទីក្រុងប៉េកាំងថែមទាំងធ្វើការបដិសេធមិនឲ្យមានជើងហោះហើរកូរ៉េខាងត្បូងចូលមកក្នុងទឹកដីខ្លួននៅឱកាសបុណ្យចូលឆ្នាំចិនដែលនឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃទី២៨មករាខាងមុខ។

រីឯទីក្រុងវ៉ាស៊ីនតោនបានធានាចិនថា ប្រព័ន្ធខែលការពារមីស៊ីលអាមេរិកពុំមែនជាការគំរាមកំហែងណាមួយដល់ចិនឡើយ ហើយចិនវិញក៏មិនត្រូវយកលេសណា មួយដើម្បីធ្វើការប្រឆាំងទល់នឹងប្រព័ន្ធខែលការពារមីស៊ីលនេះដែរ។

កន្លងមកអាមេរិកក៏បានចោទប្រកាន់ប្រទេសចិនដែលជាសម្ពន្ធមិត្តដ៏ជិតស្និទ្ធ បំផុតរបស់កូរ៉េខាងជើង។ ការនាំចេញ ផលិតផលនានារបស់កូរ៉េខាងជើងរហូត ដល់ជាង៨០ភាគរយទៅកាន់ប្រទេសចិន។ ដូច្នេះប្រសិនបើចិនរារាំងកម្មវិធីអាវុធរបស់កូរ៉េខាងជើងក៏មិនមានការរីកចម្រើនទៅ មុខយ៉ាងឆាប់នោះដែរ។

ក្រុមអ្នកឯកទេសវិភាគរបស់អាមេរិកបានបញ្ជាក់ថា ចិនគឺជាអ្នកកាន់កូនសោ កម្មវិធីកាំជ្រួចមីស៊ីលនិងគ្រាប់បែកបរមាណូ តែចិនមិនព្រមចាក់សោឡើយដោយ ទុកឲ្យកូរ៉េខាងជើងធ្វើព្យុះភ្លៀងគំរាមកំហែង ដល់អាមេរិកដែលជាសត្រូវរបស់ចិនផងដែរនោះ៕ ម៉ែវ សាធី

topol-m 220px-atlas-b_icbm


ចែករំលែក៖