ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី​ ហ៊ុន សែន ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសពី សាកលវិទ្យាល័យក្វាងសុី ប្រទេសចិន

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បាន សម្តែងការអបអរសារទដល់សម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជា ភរិយា និងជាប្រធានកាកបាទក្រហមកម្ពុជា ដែលទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស ពីសាកលវិទ្យាល័យក្វាងស៊ី ប្រទេសចិន កាលពីព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧ ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ថ្ងៃនេះខ្ញុំមានកិត្តិយសបំផុតដែលបាន ចូលរួមនៅក្នុងពិធីប្រគល់សញ្ញាបត្របណ្ឌិត កិត្តិយសផ្នែកអក្សរសាស្ត្រពីសាកលវិទ្យា ល័យក្វាំងស៊ី ប្រទេសចិនជូនដល់ភរិយាជា ទីស្រឡាញ់។ ខ្ញុំពិតជាមានមោទនភាព ខ្លាំងណាស់ចំពោះស្នាដៃ និងការខិតខំប្រឹង ប្រែងលះបង់គ្រប់យ៉ាងដោយគ្មានការ នឿយហត់របស់ឧត្តមភរិយានៅក្នុងកិច្ចការ មនុស្សធម៌ដើម្បីសេចក្តីសុខ និងជីវភាព រស់នៅរបស់ពលរដ្ឋកម្ពុជានៅគ្រប់ទីកន្លែងទាំងអស់រហូតមានការទទួលស្គាល់ជា សកលថ្ងៃនេះពីសាកលវិទ្យាល័យក្វាងស៊ី ប្រទេសចិន» ។

សម្តេចតេជោ ហ៊ុន សែន បានចែក រំលែកថា «ភរិយាខ្ញុំមិនត្រឹមតែខិតខំប្រឹងប្រែងដឹកនាំកាកបាទក្រហមកម្ពុជាឲ្យបានល្អតែប៉ុណ្ណោះទេ តែគាត់ជាម្តាយល្អ ជាជីដូន ល្អ និងជាឧត្តមភរិយាដ៏ល្អបំផុតរបស់ខ្ញុំ។ ខ្ញុំសូមអរគុណគណៈគ្រប់គ្រងសាកលវិទ្យា ល័យក្វាងស៊ីនិងសូមអរគុណបងប្អូនជន រួមជាតិ ជាពិសេសក្មួយៗយុវជនដែលបានចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចការកាក បាទក្រហមកម្ពុជា» ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាបានថ្លែងក្នុងឱកាសនោះថា សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអក្សរសាស្រ្តដែលសម្តេច ទទួលបានពីសាកលវិទ្យាល័យជាតិខេត្តក្វាងស៊ី ប្រទេសចិនមិនមែនជាកិត្តិយស សម្រាប់តែសម្តេចនោះទេ តែក៏ជាកិត្តិយស ដ៏ឧត្តុងឧត្តមថ្មីមួយទៀតសម្រាប់ប្រទេសជាតិ ជាពិសេសសម្រាប់ស្រ្តីខ្មែរទាំងមូល ផងដែរ ។

លោកសាស្រ្តាចារ្យសៀ សាំងគួ សាកល វិទ្យាធិការសាកលវិទ្យាល័យជនជាតិក្វាងស៊ី បានថ្លែងលើកឡើងពីគុណសម្បត្តិនិងស្នាដៃជាច្រើនរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងការលើកកម្ពស់ទំនាក់ទំនងកម្ពុជា-ចិន និងការបណ្តុះបណ្តាលអក្សរចិននៅកម្ពុជាក៏ដូច ជាវិស័យអប់រំ និងវប្បធម៌រវាងកម្ពុជា-ចិន។

លោកសាស្រ្តាចារ្យ សៀ សាំគួ បន្តថា ព្រោះតែការពិនិត្យឃើញបែបនេះហើយ ទើបគណៈកម្មការវាយតម្លៃផ្តល់សញ្ញា បត្រផ្នែកអន្តរជាតិរបស់សាកលវិទ្យាល័យជាតិខេត្តក្វាងស៊ី ប្រទេសចិនបានសម្រេចជាឯកច្ឆន្ទប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយស នេះជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលត្រូវបានគេប្រសិទ្ធនាមថា «មាតាសប្បុរសធម៌នៅកម្ពុជា» បានថ្លែង ដូច្នេះថា «ការទទួលបាននូវសញ្ញាបត្រនេះគឺជាកិត្តិយសដ៏ឧត្តុង្គឧត្តមមួយថែមទៀត សម្រាប់ជាតិកម្ពុជាទាំងមូល ពិសេស សញ្ញាបត្រនេះគឺមិនត្រឹមតែជាកិត្តិយសដ៏ថ្លៃថ្លាសម្រាប់ជីវិតផ្ទាល់ខ្លួនខ្ញុំតែប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកិត្តិយសសម្រាប់ស្រ្តីខ្មែរផងដែរ»។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានបន្ថែមយ៉ាង ដូច្នេះថា «ទន្ទឹមនេះជ័យលាភីនេះក៏បាន ផ្សារភ្ជាប់ខ្លួនខ្ញុំទៅនឹងសហគមន៍ បញ្ញវន្ត និងឥស្សរជនដទៃទៀតនៅលើពិភពលោក ដែលសាកលវិទ្យាល័យជនជាតិក្វាងស៊ីធ្លាប់ បានប្រគល់សញ្ញាបត្រជូនក្នុងពេលកន្លងមក។ កិត្តិយសនេះក៏បានបង្កើតនូវគំរូដ៏ ប្រពៃមួយដល់សហសេវិក ថ្នាក់ដឹកនាំ មន្រ្តី រាជការក៏ដូចជាប្រជាជនកម្ពុជានៅទូទាំងប្រទេសឲ្យខិតខំបង្កើតគុណបំណាច់ និង ស្នាដៃធំធេងចំពោះជាតិដែលមានតម្លៃស័ក្តិ សមជាឥស្សរជនឆ្នើមនៃជ័យលាភីនេះ»។

ជាមួយការទទួលបានសញ្ញាបត្របណ្ឌិត កិត្តិយសនេះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានថ្លែងជំរុញលើកទឹកចិត្ត ដល់យុវជន យុវនារីត្រូវចេះឲ្យតម្លៃទៅលើ ការសិក្សារៀនសូត្រ ការសិក្សាស្រាវជ្រាវ និងការបណ្តុះបណ្តាលជំនាញផ្សេងៗដែល ជាកត្តាចាំបាច់សម្រាប់សង្គមជាតិ ពិសេស ក្នុងពេលប្រទេសកំពុងមានសុខសន្តិភាពពេញលេញ មានស្ថិរភាពនយោបាយ មាន សណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍដែល ជាឱកាសសម្រាប់យុវជន យុវនារីក្នុងការ ចូលរួមកសាងស្នាដៃថ្មីៗទៀតសម្រាប់ បង្កើតនូវតម្លៃជាតិផងនិងការទទួលជាអន្តរជាតិផង ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក៏បានប្តេជ្ញាបន្តឆន្ទៈមិនរាថយ និង បំណងប្រាថ្នាដ៏មុតមាំក្នុងការបន្តថែរក្សា និងលើកស្ទួយនូវវិស័យអក្សរសាស្រ្តជាតិឲ្យស្ថិតស្ថេរ និងរីកចម្រើនគង់វង្សតទៅនិងសូមឲ្យប្រជាជនកម្ពុជាគ្រប់ស្រទាប់គ្រប់ វ័យជាពិសេសស្រ្តីគ្រប់រូបចូលរួមទទួលការ បណ្តុះបណ្តាល និងការអានការតាក់តែង និពន្ធសំដៅលើកស្ទួយវិស័យអក្សរសាស្រ្តជាតិដើម្បីធ្វើឲ្យប្រជាជននិងសង្គមជាតិទាំង មូលរស់នៅក្នុងវប្បធម៌ ទំនៀមទម្លាប់ និង ប្រពៃណីដ៏ថ្លៃថ្នូរដែលជាបំណងប្រាថ្នា របស់ជាតិ ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក៏បានចែករំលែកនូវកិត្តិយសដែល ទទួលសញ្ញាបត្របណ្ឌិតកិត្តិយសនេះទៅ ក្រុមគ្រួសារ ឧត្តមស្វាមី កូនៗ និងចៅៗជាទី ស្រឡាញ់របស់សម្តេចដែលតែងតែស្ថិតនៅជាប់ជាមួយសម្តេច និងផ្តល់កម្លាំងចិត្ត និងភាពកក់ក្តៅដល់សម្តេចនៅគ្រប់កាលៈទេសៈទាំងអស់។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានចែករំលែកកិត្តិយសប្រកបដោយមោទនភាពនេះជូនដល់សហសេវិក មន្រ្តី រាជការ យុទ្ធជន យុទ្ធនារី ដែលជាកម្លាំងដ៏រឹងមាំក្នុងការការពារនិងកសាងប្រទេស ជាតិ ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានគូសបញ្ជាក់ ថា កិត្តិយសដែលសម្តេចទទួលបាននៅថ្ងៃនេះមិនអាចកាត់ផ្តាច់ចេញពីការចូលរួម របស់បងប្អូនជនរួមជាតិ មន្រ្តី បុគ្គលិក អ្នក ស្ម័គ្រចិត្ត យុវជន យុវនារី សមាជិក សមា ជិកានៃកាកបាទក្រហមកម្ពុជាគ្រប់ៗរូបឡើយ។ សម្តេចជឿជាក់ថា កម្លាំងទាំងនេះ នឹងបន្តខ្លាំងក្លាឈានមុខជានិច្ចក្នុងបុព្វ ហេតុមនុស្សជាតិ ។

សូមបញ្ជាក់ថា ក្រៅពីការទទួលបាន សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអក្សរ សាស្រ្តពីសាកលវិទ្យាល័យជាតិខេត្តក្វាងស៊ី ប្រទេសចិននៅថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក៏ធ្លាប់ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិ យសផ្នែកមនុស្សធម៌ពីសាកលវិទ្យាល័យកម្ពុជានៅឆ្នាំ២០០៨, សញ្ញាបត្របណ្ឌិត កិត្តិយសផ្នែកអក្សរសាស្រ្តពីសាកលវិទ្យាល័យជុនដូ ប្រទេសកូរ៉េខាងត្បូងនៅឆ្នាំ ២០០៩, សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែក វិទ្យាសាស្រ្តសេដ្ឋកិច្ចពីសាកលវិទ្យាល័យ ស្រ្តីសេអ៊ូល ប្រទេសកូរ៉េខាងត្បូងនៅឆ្នាំ ២០០៩ និងសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកវិទ្យាសាស្រ្តអប់រំពីសាកលវិទ្យាល័យស៊ីឡា ក្រុងប៊ូសាន ប្រទេសកូរ៉េខាងត្បូង នៅឆ្នាំ២០១០ ៕ ហេង សូរិយា

2

7


ចែករំលែក៖