ព័ត៌មានទាន់ហេតុការណ៍៖

សមាគមកីឡាក្រសួងមហាផ្ទៃផ្តល់ថវិកា២លានរៀល ដល់គ្រូសារ លោកស្រីណុល កន

ចែករំលែក៖

ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ លោក ម៉ក សំអុល អគ្គលេខាធិការរង សមាគមកីឡាក្រសួងមហាផ្ទៃ និងអនុប្រធាននាយកដ្ឋាន កងអង្គរក្ស បានដឹកនាំមន្ត្រីក្នុងសមាគមកីឡាក្រសួងមហាផ្ទៃនាំយកថវិកា ចំនួន២លានរៀលប្រគល់ជូនដល់កូនស្រីទី៤របស់លោកស្រីណុល កន ឈ្មោះ ខាន់ ចន្ទ្រា ដែលថវិការបស់កីឡាករ កីឡាការិនី ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៃសមាគមកីឡាក្រសួងមហាផ្ទៃ ដើម្បីចូលរួមរំលែកទុក្ខជាមួយក្រុមសារអតីត កីឡាការិនីអត្តពលកម្ម ទសវត្សរ៍ឆ្នាំ១៩៦៥ ដែលធ្លាប់ដណ្តើមបានមេដាយសរុបចំនួន៥គ្រឿង ក្នុងនោះមានមេដាយមាស និងមេដាយសំរឹទ្ធិនៅភូមិភាគអាស៊ី។

ក្នុងឱកាសនោះដែរ លោក ម៉ក់ សំអុល បានឲ្យដឹងថា លោកស្រី ណុល កន គឺជាវីរៈនារីឆ្នើម របស់កម្ពុជា ក្នុងវិស័យកីឡា អត្តពលកម្ម កាលពីអំឡុងទសវត្សរ៍ឆ្នាំ១៩៦៥ ដោយធ្លាប់ដណ្តើមបានមេដាយមាស និងសំរឹទ្ធិ លើវិញ្ញាសា ចោលស្នរ និងចោលថាស។

លោកបានបន្តទៀតថា ចំពោះថវិកាដែលសមាគមប្រគល់ជូន កូនស្រីរបស់អតីតកីឡាការិនី ណុល កន ដេលបានទទួលមរណភាពកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ កន្លងទៅថ្មីៗនេះ មិនមែនន័យថា ចង់បង្ហាញមុខមាត់នោះទេ ប៉ុន្តែជាការ ដឹងគុណចំពោះវីរភាពក្លាយ ដែលលោក ស្រីណុល កន បានលះបង់កម្លាំងកាយចិត្ត និងពេលវេលាលេងកីឡា ក្នុងន័យជួយលើកកិត្តិយលប្រទេសជាតិ។

លោកបានបញ្ជាក់ថា ទឹកចិត្តបន្តិចបន្តួចនេះ គឺជាការចូលរួម រំលែកទុក្ខ ជាមួយក្រុមគ្រូសារសព និងបង្ហាញឲ្យកីឡាករ កីឡការិនីជំនាន់ក្រោយបានដឹងស្នាដៃរបស់អ្នកស្រី ណុល កន ដែលជាវីរនារី ជំនាន់ទសវត្សរ៍៦០ និង៧០ ដែលនាំឲ្យប្រទេសដទៃស្គាល់ពីកីឡាកម្ពុជា ។ ម្យ៉ាងវិញទៀត ចង់ឲ្យមូលនិធិចែករំលែកនេះបន្តជានិរន្តដល់យុវជនជំនាន់ក្រោយៗទៀតរបស់កម្ពុជា៕ សារីម

3


ចែករំលែក៖