ភ្នំពេញ៖ កម្មវិធី“ឆា-ឈីង” គឺជាការអប់រំកុមារអំពីមូលដ្ឋានគ្រឹះ នៃការគ្រប់គ្រងលុយកាក់តាមរយៈការបង្ហាញវីដេអូចម្រៀង ការសួរសំនួរ ហើយនិងការលេងល្បែងកំសាន្ដ ដែលពាក់ព័ន្ធនឹងគោលគំនិតទាំង៤ របស់ “ឆា-ឈីង” គឺការរកលុយសន្សំចាយ និងបរិច្ចាគ ។ ឆ្នាំ២០១៧នេះ នឹងរីកទៅដល់ខេត្តធំ២ផ្សេងទៀត គឺខេត្តបាត់ដំបង និងខេត្តសៀមរាប ។
“ឆា-ឈីង” គឺជាកម្មវិធីឈ្នះពានរង្វាន់ និងគ្រប់ជ្រុងជ្រោយ ដែលជួយអប់រំចំណេះដឹងរឿងលុយកាក់ទៅដល់កុមារអាយុពី៧ដល់១២ឆ្នាំ ។ នៅទូទាំងទ្វីបអាស៊ី កម្មវិធី “ឆា-ឈីង” ត្រូវបានចាក់ផ្សាយជា៩ភាសាផ្សេងគ្នា និងទស្សនាដោយទស្សនិកជន៥១លាន ក្រុមគ្រួសារ តាមរយៈប៉ុស្ត៍ទូរទស្សន៍ខ្សែកាប Cartoon Network Asia ។
កម្រងវីដេអូ“ឆា-ឈីង”នីមួយៗជាវីដេអូគំនូរជីវចលអមដោយបទចម្រៀង ដែលមានរយៈពេលប្រមាណបីនាទីនិងមានតួអង្គដ៏រស់រវើកប្រាំមួយនាក់ដែលពន្យល់អប់រំកុមារអំពីគោលគំនិតមូលដ្ឋាននៃការគ្រប់គ្រងលុយកាក់គឺការរកលុយការសន្សំការចាយលុយនិងការបរិច្ចាក។កម្មវិធី“ឆា-ឈីង”គឺជាកម្មវិធីអប់រំចំណេះដឹងមូលដ្ឋានគ្រឹះហិរញ្ញវត្ថុដែលបានអនុវត្តជោគជ័យនៅក្នុងប្រទេសកម្ពុជាកន្លងមក។នៅក្នុងឆ្នាំ២០១៧នេះកម្មវិធីនេះនៅតែបន្តអនុវត្តតួយ៉ាងកាលពីថ្មីៗនេះក្រុមការងារស្ម័គ្រចិត្តមួយក្រុមធំដែលរួមមានបុគ្គលិកនិងទីប្រឹក្សាធានារ៉ាប់រងអាយុជីវិតរបស់ក្រុមហ៊ុនព្រូដិនសលកម្ពុជាបានចុះផ្សព្វផ្សាយកម្មវិធី“ឆា-ឈីង”ទៅដល់កុមារា-កុមារីក្នុងសាលាបថមសិក្សាចំនួនបួនក្នុងខេត្តបាត់ដំបងនិងសៀមរាប។
លោកទូចថាវរិទ្ធិប្រធានទំនាក់ទំនងស្ថាប័នរដ្ឋក្រុមហ៊ុនព្រូដិនសលកម្ពុជាដែលបានចូលរួមយ៉ាងសកម្ម ក្នុងកម្មវិធីនេះតាំងពីដំណាក់កាលដំបូងមកបានមានប្រសាសន៍ថា“កម្មវិធីអប់រំកុមារ“ឆា-ឈីង”គឺជាកម្មវិធីថ្នាក់តំបន់មួយរបស់ក្រុមហ៊ុនPrudential Corporation Asia ដែលក្រុមហ៊ុនព្រូដិនសលកម្ពុជាបានយកមកផ្សព្វផ្សាយនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើងដោយមានការអនុញ្ញាតពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា។គោលដៅសំខាន់របស់យើងគឺចង់អោយកុមារកម្ពុជាទទួលបាននិងរៀនសូត្រនូវចំណេះដឹងថ្មីៗផ្នែកហិរញ្ញវត្ថុមូលដ្ឋានដែលកម្មវិធី“ឆា-ឈីង”យកចិត្តទុកដាក់លើគោលគំនិតសំខាន់បួនគឺរកលុយសន្សំចាយនិងបរិច្ចាគ។”លោកបានបន្ថែមទៀតថា“នៅក្នុងប្រទេសកម្ពុជាកម្មវិធីនេះបានចាប់ផ្តើមពីឆ្នាំ២០១៤មកតាមរយៈការផ្សព្វផ្សាយលើកញ្ចក់ទូរទស្សន៍ហើយក្នុងឆ្នាំ២០១៥និង២០១៦យើងបានចុះផ្សព្វផ្សាយកម្មវិធីនេះទៅតាមសាលានានាទាំងនៅក្នុងរាជធានីភ្នំពេញក៏ដូចជាបណ្តាខេត្តមួយចំនួនទៀត។យើងមានផែនការដើម្បីធ្វើយ៉ាងណាអោយកម្មវិធីនេះទៅជាកម្មវិធីដែលសាលាអាចយកទៅប្រើប្រាស់បានជាលក្ខណៈកម្មវិធីសិក្សាបន្ថែមសម្រាប់ពេលទំនេរពីការសិក្សាមុខវិជ្ជាស្នូលរបស់ពួកគាត់។”
លោក ទ្រី ហាក់ ជានាយកសាលាបឋមសិក្សាសម្តេចជាស៊ីមក្នុងខេត្តបាត់ដំបងបាននិយាយថា“ខ្ញុំសូមថ្លែងអំណរគុណដល់ក្រុមហ៊ុនព្រូដិនសលកម្ពុជាដែលថ្ងៃនេះបានមកសហការជាមួយសាលានិងរៀបចំកម្មវិធី“ឆា-ឈីង”សម្រាប់កុមារយើង។ខ្ញុំគិតថាកម្មវិធីនេះល្អមែនទែនព្រោះបណ្តុះបណ្តាលក្មេងអោយយល់ដឹងពីគោលគំនិតនៃការរកលុយសន្សំចាយនិងបរិច្ចាគ។នេះជាចំណេះដឹងបន្ថែមមួយទៀតដែលពិតជាមានសារសំខាន់សម្រាប់បណ្តុះដល់កុមារចាប់ពីវ័យក្មេងទៅ។”
គួរបញ្ជាក់ដែរថា ចាប់តាំងពីដើមឆ្នាំ២០១៦ មកក្រុមការងារស្ម័គ្រចិត្តរបស់ក្រុមហ៊ុនព្រូដិនសលកម្ពុជាបានចុះទៅតាមសាលាបឋមសិក្សាជាច្រើននៅក្នុងរាជធានីភ្នំពេញនិងខេត្តគោលដៅមួយចំនួនដោយបាននាំយកវីដេអូ“ឆា-ឈីង”ទៅចាក់បង្ហាញដល់កុមារជាច្រើននាក់និងបានរៀបចំការលេងល្បែងកំសាន្តនិងសកម្មភាពអប់រំជាច្រើនទៀតដើម្បីបណ្តុះគំនិតអប់រំក្នុងការគ្រប់គ្រងលុយកាក់និងបង្កើតបរិយាកាសសប្បាយរីករាយសម្រាប់កុមារទាំងនោះ៕ វឌ្ឍនា
កុមារ និងក្រុមការងាររបស់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា រីករាយនឹងសកម្មភាពកម្មវិធី “ឆា-ឈីង”
បុគ្គលិកក្រុមហ៊ុន ព្រូដិនសលកម្ពុជា សួរសំណួរល្បងប្រាជ្ញាដល់កុមារ ក្នុងអំឡុងពេលអនុវត្តសកម្មភាពកម្មវិធី “ឆា-ឈីង”នៅសាលាបថមសិក្សាមួយក្នុងខេត្តសៀមរាប
ក្រុមការងារ ព្រូដិនសលកម្ពុជា តំណាងថ្នាក់ដឹកនាំសាលា និងប្អូនៗសិស្សានុសិស្ស ថតរូបជុំគ្នាទុកជាអនុស្សាវរីយ៍