ព័ត៌មានទាន់ហេតុការណ៍៖

ចោរឆក់កាបូបជនជាតិបរទេសកំពុងជិះម៉ូតូទៅធ្វើការបានដោយសុវត្ថិភាពមិនរំខានសមត្ថកិច្ចមូលដ្ឋាន

ចែករំលែក៖

ភ្នំពេញ: ក្រុមជនសង្ស័យមានគ្នាពីរនាក់បានធ្វើសកម្មភាពឆក់កាបូបស្ពាយជនជាតិអូស្ត្រាលី២នាក់ ដែលជាបុគ្គលិកនៅណាហ្គាវើលដ៍បានសម្រេចរួចជិះម៉ូតូគេចដោយសុវត្ថិភាពកាលពីវេលាម៉ោង ៩និង៤០នាទីយប់ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវ៥១ កែងនឹងផ្លូវ២៤០ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ។

សមត្ថកិច្ចនគរបាលប៉ុស្តិ៍ចតុមុខបានឲ្យដឹងថា ជនបរទេសទាំង២នាក់ដែលជាជនរងគ្រោះខាងលើ មានឈ្មោះ Mandy Ka និងឈ្មោះ Man Cheung ជនជាតិអូស្ត្រាលី មានមុខរបរជាបុគ្គលិកណាហ្គាវើលដ៍ ស្នាក់នៅផ្ទះជួល ផ្លូវលេខ១៩ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ មុនពេលកើតហេតុជនរងគ្រោះទាំងពីរនាក់ បានជិះម៉តូឌុបគ្នា ចេញពីផ្ទះទៅហូបអាហារនៅហាងមួយកន្លែង តាមបណ្តោយផ្លូវលេខ៦៣ ហើយបានមកធ្វើការងារនៅណាហា្គវើលដ៍ ដោយធ្វើដំណើរតាមផ្លូវលេខ៥១ ពីជើងទៅត្បូង។លុះមកមកដល់ចំណុចកើត ក៏ស្រាប់តែមានជនសង្ស័យមិនស្គាល់មុខ ២នាក់ជិះម៉ូតូមិនចាំម៉ាក ពណ៌ខ្មៅ បានធ្វើសកម្មភាពឆក់កាបូបស្ពាយពីស្មាជនរងគ្រោះជិះខាងក្រោយបានសម្រេចរួចគេចខ្លួន បាត់តែម្តង។

ជនរងគ្រោះប្រាប់ថានៅក្នុងកាបូបស្ពាយដែលចោរឆក់យកទៅបាត់នោះមានលុយដុល្លារហុងកុង ចំនួន៣,៨៧០$ ស្មើនឹង៥៤០ដុល្លារសហរដ្ឋអាមេរិច, ទូរសព្ទIPhone 6ចំនួន២គ្រឿង ឯកសារធ្វើការងារនៅណាហ្គាវើលដ៍ រួមទាំងសម្ភារ:មួយចំនួនទៀត ។

បន្ទាប់ពីកើតហេតុរួចជនរងគ្រោះបានត្រឹមមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ ដើម្បីស្រាវជ្រាវចាប់ខ្លួនជនសង្ស័យមកផ្តន្ទាទោសទៅតាមច្បាប់ប៉ុណ្ណោះ ៕ ប្រាថ្នា

 


ចែករំលែក៖