ភ្នំពេញ៖ ក្រុមកីឡាករបាល់ទាត់វ័យ ចាស់កម្ពុជាបានប្រកួតឈ្នះក្រុមវ័យចាស់សាធារណរដ្ឋកូរ៉េក្នុងលទ្ធផល ៦-១ កាល ពីរសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៧ នៅស្តាត់ចាស់ក្នុងកម្មវិធីប្រកួតកីឡាបាល់ទាត់មិត្តភាពអន្តរជាតិដណ្តើមពានរង្វាន់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ។
ប្រពភព័ត៌មានពីមន្ត្រីគណៈកម្មការ បច្ចេកទេសបានប្រាប់ឲ្យដឹងថាការប្រកួតកីឡាបាល់ទាត់មិត្តភាពអន្តរជាតិនេះគឺមានការចូលរួមពីកីឡាករមកពីបណ្តាប្រទេសជិតខាងដូចជា ឡាវ វៀតណាម ថៃ កូរ៉េ និងកម្ពុជាម្ចាស់ផ្ទះ ។
ចំពោះការប្រកួតរវាងក្រុមកីឡាករបាល់ទាត់វ័យចាស់កម្ពុជានឹងក្រុមវ័យចាស់កូរ៉េ ទទួលបានការគាំទ្រយ៉ាងខ្លាំងបើទោះបីមានភ្លៀងធ្លាក់លិចទីលានក្តីក៏ការប្រកួតនៅតែមានភាពស្វិតស្វាញ និងសប្បាយរីករាយ ប្រកបដោយភាពស្និទ្ធស្នាល បើទោះជា ក្រុមវ័យចាស់កូរ៉េត្រូវបានក្រុមវ័យចាស់ កម្ពុជាយកឈ្នះក្នុងលទ្ធផល៦-១ ក៏ដោយ ។ នៅថ្ងៃដដែលនេះដែរក្រុមវ័យចាស់ឡាវ បានលេងចាញ់ក្រុមវ័យចាស់វៀតណាម ក្នុងលទ្ធផល ១-០ ខណៈដែលក្រុមវ័យ ចាស់ថៃយកឈ្នះក្រុមវៀតណាម២-១។
ប្រពភព័ត៌មានខាងលើបានបន្តថា សម្រាប់ការប្រកួតកីឡាបាល់ទាត់លក្ខណៈមិត្តភាពអន្តរជាតិដណ្តើមពានរង្វាន់លោក រដ្ឋមន្ត្រីក្រសួងព័ត៌មាននេះចែកចេញជា៣វគ្គប្រកួតវិលជុំសន្សំពិន្ទុរយៈពេល៣ថ្ងៃ។ ជាលទ្ធផលបណ្តោះអាសន្នរយៈពេល២ថ្ងៃកន្លងមកក្រុមវ័យចាស់កម្ពុជាលេង៣ ប្រកួតឈ្នះ២ ចាញ់១ប្រកួតមាន៧ពិន្ទុ ។ ក្រុមវ័យចាស់កូរ៉េលេង៣ប្រកួតឈ្នះ១ ចាញ់២មាន៥ពិន្ទុ ។ក្រុមវៀតណាមលេង៣ប្រកួតឈ្នះ១ចាញ់២ប្រកួតមាន៥ពិន្ទុ ។ ក្រុមឡាវលេង៣ប្រកួតឈ្នះ១ចាញ់២ ប្រកួតមាន៥ពិន្ទុខណៈដែលក្រុមវ័យចាស់ថៃលេង៣ប្រកួតឈ្នះទាំង៣ប្រកួតមាន៩ពិន្ទុក្នុងដៃ៕ សារីម