ភ្នំពេញ៖ ក្រុមកីឡាវាយកូនបាល់ជម្រើសជាតិកម្ពុជាបានឡីងដល់វគ្គខ្វែងពូលដោយស្វ័យប្រវត្តិហើយបន្ទាប់ពីដណ្ដើមបានជ័យជម្នះ៣ប្រកួតជាប់គ្នាគ្នាក្នុងពូលAដើម្បីឈរកំពូលតារាង ខណៈការប្រកួតកាល ពីល្ងាចថៃ្ងទី៥ ខែមេសា បានបំបាក់ក្រុម ម្ចាស់ផ្ទះបារ៉ែន ដោយលទ្ធផល ៣-០ នៃ ព្រឹត្តិការណ៍ Davis Cup វគ្គជម្រុះប្រចាំ តំបន់អាស៊ី/អូសេអានីក្រុម៤ដើម្បីប្រជែងកៅអីឡើងទៅក្រុម៣នាឆ្នាំក្រោយ ។
សម្រាប់លទ្ធផលការប្រកួតលើកទី៣ របស់ក្រុមកីឡាវាយកូនបាល់កម្ពុជាដែលបំបាក់ម្ចាស់ផ្ទះរួមមានវិញ្ញាសាវាយទោលកីឡាករ ឡុង សំនៀង បានយកឈ្នះ កីឡាករ ABDULNABI Hasan ២-១សិត ជាមួយពិន្ទុ ៦-៤, ៦-៧ និង ៦-២ គ្រាដែល កីឡាករ ប៊ុន កេន្នី បានយកឈ្នះ QAED Yusuf ២-០សិត ជាមួយពិន្ទុ ៦-០ និង ៦-២ ។ ចំណែកវិញ្ញាសាវាយគូកីឡាករ អោ សារិទ្ធ និង ម៉ម ផល្គុន សហការគ្នាយកឈ្នះក្រុមកីឡាករបារ៉ែន ២-១សិត ជា មួយពិន្ទុ ៦-៣, ៤-៦ និង ៦-៤។ មុនឈាន ដល់វគ្គប្រកួតខ្វែងពូលក្រុមកីឡាវាយកូនបាល់កម្ពុជានៅសល់១ប្រកួតក្នុងដៃទៀត គឺត្រូវជួបក្រុមជម្រើសជាតិអារ៉ាប៊ីសាអូ៊ឌីត នាថ្ងៃទី៧ ខែមេសាឆ្នាំ២០១៧។ នេះគឺជាការប្រកួតជម្រុះក្នុងក្រុម ៤ហើយសម្រាប់ក្រុមមានពិន្ទុច្រើនជាងគេ២ក្រុមនឹងត្រូវឡើងទៅក្រុម៣នាឆ្នាំក្រោយវិញ៕ សារីម