ព័ត៌មានទាន់ហេតុការណ៍៖

ស៊ីបស៊ី ណាប៉ាន់ និងនិស្សិតជប៉ុន មកផលិតភាពយន្ត រសជាតិអាហ្មុក នៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ និស្សិតជនជាតិខ្មែរដំបូង ដែលសិក្សាលើជំនាញផលិតភាពយន្តនៅប្រទេសចិន ស៊ីបស៊ី ណាប៉ាន់ បានធ្វើដំណើរមកដល់កម្ពុជាហើយកាលពីថ្ងៃទី៩ខែមេសាមកម្ល៉េះ ប្រយោជន៍ដើម្បីផលិតភាពយន្តមួយស្តីពី រសជាតិអាហ្មុក ។

ក្រុមផលិតដែលមាននិស្សិតជនជាតិខ្មែរ ជប៉ុន និងចិន ចំនួន៦នាក់នេះនឹងយកស្នាដៃផលិតរបស់ពួកគេ ទៅបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកភាពយន្ត និងគ្រោងដាក់ចូលរួមការប្រកួតប្រជែងជាមួយស្នាដៃនិស្សិតជាច្រើនទៀតនៅរាជធានីប៉េកាំង ។

ស៊ីបស៊ី ណាប៉ាន់ ត្រូវបានគេស្គាល់ថា ជាបងប្រុសបង្កើតរបស់កញ្ញា បុស្បា ប៉ាន់ លោកដែលនឹងបញ្ចប់ការសិក្សាលើជំនាញផលិតខ្សែភាពយន្ត។

យុវជនរូបនេះ ធ្លាប់បានបង្ហាញសមត្ថភាពសិល្បៈរាំល្ខោនខោល រួមទាំងក្បាច់រាំបែបសហសម័យក្នុងកម្មវិធីប្រគុំតន្ត្រីលើទឹកដីអង្គរកាលពីឆ្នាំ២០១១ ។ ការបាត់មុខជាច្រើនឆ្នាំកន្លងមក ព្រោះតែយុវជនរូបនេះ បានបន្តការសិក្សាលើជំនាញផ្នែកផលិតខ្សែភាពយន្តនៅសាកលវិទ្យាល័យ National Academy of China Theatre Arts នារដ្ឋធានីប៉េកាំង ប្រទេសចិន ។

ក្នុងជំនួបផ្ទាល់កាលពីថ្មីៗនេះបានបញ្ជាក់ថា ការមកកាន់កម្ពុជា ដែលជាទឹកដីកំណើតលើកនេះ ព្រោះតែលោកធ្វើការដឹកនាំក្រុមផលិតភាពយន្តដែលជានិស្សិតសិក្សានៅរាជធានីប៉េកាំងចំនួន៦នាក់ ដែលមានលោកជាជនជាតិខ្មែរ និស្សិតម្នាក់ជាជនជាតិជប៉ុន និង៤នាក់ផ្សេងទៀតជាជនជាតិចិន ក្រៅពីនេះក៏នឹងមានក្រុមផលិតប្រមាណ២០នាក់ផ្សេងទៀត ក៏នឹងមកជួយកិច្ចការផលិតភាពយន្ត។ សិស្សក្បាច់គុនកុងហ្វូខ្សែក្រវាត់៤ដាន់ សាលា Gongfu Martial Art in China រូបនេះ បញ្ជាក់ដែរថា ភាពយន្តស្តីពីរសជាតិអាហ្មុក នេះនឹងចាប់ផ្តើមផលិត ក្រោយពីពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ត្រូវបានបញ្ចប់ ហើយគម្រោងនេះ ក៏ត្រូវបានជួយជ្រោមជ្រែងពីមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រុមការងារបុផ្ផាណាផងដែរ។

និស្សិតវ័យ២៥ឆ្នាំរូបនេះបញ្ជាក់ថា ការជ្រើសរើសប្រទេសកម្ពុជាដើម្បីធ្វើខ្សែភាពយន្តទៅប្រកួតប្រជែង ព្រោះតែលោកចង់បង្ហាញភាពប្លែកនិងទិដ្ឋភាពដ៏ទាក់ទាញរបស់ប្រទេសកម្ពុជា ហើយការដែលលោកនិងក្រុមការងារជ្រើសរើសយកប្រធានបទ រសជាតិអាហ្មុក” ក៏ព្រោះតែចង់បង្ហាញពីស្នាដៃ និងរសជាតិម្ហូបអាហាររបស់ខ្មែរ ពិសេសកេរ្តិ៍ដំណែលសិល្បៈវប្បធម៌ខ្មែរទៅដល់ប្រជាជននានានៅលើពិភពលោក ។ ទីតាំងនេះ ការផលិតគឺលើទឹកដីនៃខេត្តសៀមរាបផ្ទាល់ ដែលគម្រោងនៃការថតប្រមាណ១០ថ្ងៃ មុនពេលកាត់តត្រួតពិនិត្យសំឡេងនៅពេលបន្ទាប់ ។ លោកថា ភាពយន្តនេះ អាចនឹងស្ថិតក្រោមការចំណាយប្រមាណជាង២ម៉ឺនដុល្លារអាមេរិក ។ លោកបញ្ជាក់ថា កន្លងមកលោកធ្លាប់បានដឹកនាំការផលិត និងសម្តែងខ្សែភាពយន្តខ្នាតខ្លីប្រមាណជាង២០រឿងរួចមកហើយដែរ។ លោកថា ការថតខ្សែភាពយន្តលើកនេះ ក៏អាចនឹងវាស់ស្ទង់សមត្ថភាពដឹកនាំការសម្តែងរបស់លោកផងដែរថា តើវាអាចឈានដល់កម្រិតណា មុនពេលលោកចាប់ផ្តើមប្រឡូកផ្ទាល់ក្នុងអាជីពនេះ នៅពេលបញ្ចប់ការសិក្សា ។ អតីតសិស្សសាលាទួនហ្វារូបនេះបញ្ជាក់ដែរថា លោកនៅមិនទាន់ប្រាកដនៅឡើយទេថា ក្រោយបញ្ចប់ការសិក្សាថ្នាក់ដឹកនាំការផលិតខ្សែភាពយន្តភ្លាម លោកនឹងវិលមកកម្ពុជាដើម្បីបើកសាលា ឬក្រុមការងារផលិតកុនខ្លួនឯង ឬយ៉ាងណាដែលលោកចង់សិក្សាលើទីផ្សារជាមុនសិន ។

កញ្ញា NaguraAyumi ដែលជានិស្សិតជនជាតិជប៉ុនបានបញ្ជាក់ថា នាងពិតជាសប្បាយរីករាយ និងប្លែកអារម្មណ៍ ក្រោយពីធ្វើដំណើរមកដល់កម្ពុជា ហើយអ្វីដែលពិសេស នាងនឹងក្រុមការងារនឹងផលិតភាពយន្តមួយស្តីពីរសជាតិអាហាររបស់ខ្មែរ ។ នាងបញ្ជាក់ដែរថា អ្វីដែលនាងចាប់អារម្មណ៍ផងដែរនោះ គឺភាពរួសរាយរាក់ទាក់ និងទិដ្ឋភាពដ៏ស្រស់ត្រកាល និងទាក់ទាញជាច្រើននៅកម្ពុជា។ នាងរំពឹងដែរថា គម្រោងផលិតភាពយន្តខ្លីរបស់នាង និងក្រុមការងារនឹងទទួលបានលទ្ធផលល្អប្រសើរតាមការគ្រោងទុក។

គួរបញ្ជាក់ដែរថា ភាពយន្ត រសជាតិអាហ្មុក នេះត្រូវបានការជួយណែនាំផលិតភាពយន្តដោយលោកសាស្ត្រាចារ្យYang Chao ជាអ្នកឈ្នះពានរង្វាន់ខ្លាឃ្មុំមាស ឆ្នាំ២០១៦ ក្នុងទីក្រុងប៊ែកឡាំង, លោកសាស្ត្រាចារ្យ Chen Dawei(CN), លោក រិទ្ធី ប៉ាន់ ផលិតករជនជាតិខ្មែរ ដែលធ្លាប់បានប្រកាសជោគជ័យ នៃការវាយតម្លៃបែបអន្តរជាតិជាអ្នកនិពន្ធ និងដឹកនាំរឿងបែបឯកសារប្រវត្តិសាស្ត្រកម្ពុជា ៕ វឌ្ឍនា


ចែករំលែក៖