ភ្នំពេញ៖ បរិបទថ្មីនៃសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន សម្រាប់ប្រទេសដែលជាសមាជិកជាជាតិអាស៊ីអាគ្នេយ៍ទាំងអស់នឹងចាប់ផ្តើមស្វែងយល់ពីវប្បធម៌ អរិយធម៌ សិល្បៈ ទំនៀមទម្លាប់ពីគ្នាទៅវិញទៅមក ក្នុងនោះព្រឹត្តិការណ៍ប្រកួតកីឡានានា ពិសេសកីឡាស៊ីហ្គេមដែលជាផ្នែកមួយឲ្យប្រជាជននៃប្រទេសទាំង១០បានជួប ប្រាស្រ័យទាក់ទងគ្នាដោយភាពស្និទ្ធស្នាលបំផុត ។
ដោយឡែកព្រឹត្តិការណ៍រត់ Baton run គឺជាព្រឹត្តិការណ៍ដំបូងនៅក្នុងតំបន់អាស៊ានដែលគណៈកម្មាធិការអូឡាំពិកជាតិ ម៉ាឡេស៊ី (MASOC) សហការជាមួយ បណ្តាប្រទេសសមាជិកអាស៊ានទាំង១០ បង្កើតឡើងក្នុងគោលបំណងពង្រឹងកិច្ច សហប្រត្តិការគ្នាល្អ និងអបអរសាទរ ដំណើរឆ្ពោះទៅព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី២៩ នៅប្រទេសម៉ាឡេស៊ីដែលនឹងចាប់ផ្តើមពីថ្ងៃទី១៩ ដល់ថ្ងៃទី៣០ ខែសីហា និងព្រឹត្តិការណ៍ប្រកួតប៉ារ៉ាឡាំពិកចាប់ផ្តើមពីថ្ងៃទី១៧ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧ខាងមុខនេះ ។
លោក Datuk M.saravanan អនុរដ្ឋ មន្ត្រីក្រសួងអប់រំយុវជននិងកីឡាម៉ាឡេស៊ី បានថ្លែងថា ព្រឹត្តិការណ៍រត់ប្រណាំង Baton run គឺជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយដែល មានការចូលរួមពីកីឡាករកីឡាការិនីមកពីគ្រប់ផ្នែកអត្តពលកម្មទាំងអស់ ក្នុងនោះក៏មានសិស្សានុសិស្សផងដែរ។
លោកអនុរដ្ឋមន្ត្រីរូបនេះបានបន្តថា ការ រួមគ្នានេះធ្វើឡើងក្នុងគោលបំណងឆ្ពោះទៅទីក្រុងគូឡាឡាំពួរជាកន្លែងប្រារព្ធព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី២៩ ។ ដូច្នេះគណៈកម្មាធិការជាតិអូឡាំពិកម៉ាឡេស៊ី រៀបចំនិមិត្តសញ្ញាមួយ គឺដំបង Baton ដែល មានទម្ងន់៦០០ក្រាមដែលជាដំបងនិមិត្តរូបរបស់ Baton run មានន័យថា Baton run នេះ នឹងធ្វើគ្រប់ប្រទេសសមាជិកអាស៊ានទាំង១០ ដោយតំណាងប្រទេស នីមួយៗ ត្រូវមកទទួលដំបង (Baton) យកទៅរៀបចំព្រឹត្តិការណ៍ជាបន្តបន្ទាប់រហូត វិលដល់ប្រទេសដែលជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមនឹងធ្វើចុងក្រោយគេ។ សម្រាប់ព្រឹត្តិការណ៍ Baton run បន្ត តម្រូវលើប្រទេសឥណ្ឌូនេស៊ីបន្ទាប់ពីប្រទេសកម្ពុជា គឺឯកអគ្គររដ្ឋទូត ឥណ្ឌូនេស៊ី លោក Pitono Purnomo បាន មកទទួលដំបង Baton ពីលោក ស៊ាន បូរ៉ាត អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡានៃប្រទេសកម្ពុជាកាលពីព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧ ។
លោក ស៊ាន បូរ៉ាត អនុរដ្ឋលេខាធិការ ក្រសួងអប់រំយុវជននិងកីឡាបានថ្លែងថា កម្ពុជាគឺជាប្រទេសទី៨ហើយដែលរៀបចំព្រឹត្តិការណ៍ Baton run នេះហើយប្រទេសជាបន្ទាប់គឺឥណ្ឌូនេស៊ីធ្វើនៅសប្តាហ៍ក្រោយនេះ រួចត្រូវបន្តទៅប្រទេសសិង្ហបុរី និងចុង ក្រោយប្រទេសម៉ាឡេស៊ី។ លោកបាន បញ្ជាក់ថា ព្រឹត្តិការណ៍រត់ Baton run គឺជា ព្រឹត្តិការណ៍រត់រួមគ្នាមួយក្នុងស្មារតីប្រជាជាតិអាស៊ីអាគ្នេយ៍តែមួយ ។ដូច្នេះព្រឹត្តិ ការណ៍នេះបង្ហាញឲ្យឃើញពីកិច្ចសហ ប្រតិបត្តិការគ្នាល្អនិងជាការចូលរួមអបអរសាទរនូវដំណើរឆ្ពោះទៅការប្រកួតកីឡាស៊ីហ្គេមលើកទី២៩ ឆ្នាំ២០១៧ ដែល ប្រព្រឹត្តទៅនៅទីក្រុងគូឡាឡាំពួរប្រទេសម៉ាឡេស៊ី នាខែសីហាខាងមុខនេះ ។
គួររំលឹកថា ព្រឹត្តិការណ៍រត់ប្រណាំង Baton run ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧នៅទីក្រុង ភ្នំពេញមានអ្នកចូលរួមរត់ជិត៥៨៦នាក់ ក្នុងមាន កីឡាករ៤៥៨នាក់ កីឡាការិនី ១០០នាក់ គ្រូបង្វឹក២៨នាក់មកពីសមាគមក្លិបចំនួន២៧ និងមានការចូលរួមពីសិស្សានុសិស្សយ៉ាងច្រើនកុះករ ៕ សារីម