ព័ត៌មានទាន់ហេតុការណ៍៖

កីឡាករ ពុយ វណ្ណៈ និងកីឡាករ ប្រាក់ រស្មី ឈ្នះកៅអីវគ្គ១៦នាក់

ចែករំលែក៖

ភ្នំពេញ ៖ កីឡាករ ពុយ វណ្ណៈ មកពី មកពីក្លិបឃ្លាំងមឿងកីឡាខេត្តពោធិ៍សាត់ និងកីឡាករ ប្រាក់ រស្មី មកពីក្លិបតាឯក ដំបងដែកមានរិទ្ធ ខេត្តព្រៃវែងបានប្រកួតឈ្នះកៅអីវគ្គ១៦នាក់ កាលពីរសៀល ថ្ងៃសៅរ៍ ទី២២ ខែមេសា ឆ្នាំ២០១៧ក្នុង ចំណោមកីឡាករ៣២នាក់ដែលទៅរង់ចាំនៅជុំទី២នៃការប្រកួតកីឡាប្រដាល់ក្បាច់គុនបុរាណខែ្មរដណ្តើមពានរង្វាន់ “TV5 Knock Out Series ទម្ងន់ ៦៣,៥គីឡូក្រាម” លើសង្វៀនទូរទស្សន៍ប៉ុស្តិ៍លេខ៥TIFFY ARENA ។

កីឡាករពុយ វណ្ណៈ និងកីឡាករប្រាក់ រស្មី សុទ្ធតែបានវាយឈ្នះដៃគូប្រកួតរបស់ខ្លួនដោយពិន្ទុដូចគ្នា សម្រាប់សកម្មភាព ពេញ៣ទឹកក្នុង១គូនោះ កីឡាករ ពុយ វណ្ណៈ គឺជាអ្នកប្រដាល់វ័យក្មេង ប៉ុន្តែជំនាញប្រើស្នៀតកណ្តាប់ដៃវាយម៉ាត់និងប្រើស្នៀត ជង្គង់បុកទៅលើពោះរបស់កីឡាករ រ៉ា សារ៉ែម (ផាន់ សារ៉ែម)ដែលជាកីឡាករ ជើងចាស់ ។ ចំពោះការបរាជ័យដ៏ជូរចត់ក្រោមថ្វីដៃអ្នកប្រដាល់ជំនាន់ក្រោយរបស់ រ៉ា សារ៉ែម នេះ ដោយសារតែ សារ៉ែម បញ្ចេញ ស្នៀតវាយបកយឺតនិងមានដៃខ្លី ជាង ពុយ វណ្ណៈ ទើបគ្មានឱកាសវាយបកសន្សំពិន្ទុយកឈ្នះ ពុយ វណ្ណៈបាន ចំនួន៣ទឹក រ៉ា សារ៉ែមចាញ់ ពុយ វណ្ណៈ៥ទល់សូន្យ ។

សម្រាប់ ប្រាក់ រស្មី និងទី ពន្លែត វិញក៏ ទទួលបានលទ្ធផល៥ទល់សូន្យដែរ ព្រោះទីពន្លែតអត់សូវបញ្ចេញស្នៀតវាយតបត ទៅ ប្រាក់ រស្មីវិញឡើយគឺ ក្នុងចំណោម ៣ទឹកនោះទី ពន្លែតវាយសម្រុក ប្រាក់ រស្មី នៅតែទឹកទី៣ប៉ុណ្ណោះ ដូច្នេះជាលទ្ធផល ត្រូវបានគណៈកម្មការដាក់ពិន្ទុសម្រេច ផ្តល់ជ័យជម្នះដំណាក់កាលទី១នេះ ទៅកីឡាករ ប្រាក់ រស្មី ។

គួររំលឹកថា ការប្រកួតដណ្តើមពាន រង្វាន់ជើងឯក TV5 Knock Out Series ទម្ងន់៦៣,៥គីឡូក្រាមនេះមានអ្នកប្រដាល់ ចំនួន ៣២នាក់ប្រកួតចំនួន៤ដំណាក់កាល ដូច្នេះ៣សប្តាហ៍កន្លងទៅគណៈកម្មការរៀបចំការប្រកួតបានរកឃើញកីឡាករ៦នាក់ហើយដែលឈរចាំនៅដំណាក់ទី២វគ្គ១៦នាក់គឺកីឡាករ កុយ ចាន់តូ អ្នកប្រដាល់ ក្លិបគីសែមានរិទ្ធ , មាស សុជាតិអ្នកប្រដាល់ ក្លិបក្រុងប៉ោយប៉ែត, ចេង គា អ្នកប្រដាល់ ក្លិបសាលវ័ន្តកីឡា, ថន វាសនាអ្នកប្រដាល់ក្លិបនាគរាជមានជ័យ , ពុយ វណ្ណៈ ក្លិប ឃ្លាំងមឿងកីឡាខេត្តពោធិ៍សាត់ និង ប្រាក់ រស្មីអ្នកប្រដាល់ក្លិបតាឯកដំបងដែកមាន រិទ្ធខេត្តព្រៃវែង៕ សារីម


ចែករំលែក៖