ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង លោក ង្វៀន សួនហ៊្វុក (Nguyen Xuan Phuc) នាយករដ្ឋមន្រ្តីវៀតណាមបានអញ្ជើញរួមគ្នាសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវនិងស្ពានឆ្លងកាត់ព្រំដែន កម្ពុជា-វៀតណាម ជ្រៃធំ-ឡុងប៊ិញ (Chrey Thom-Long Binh) មានចំងាយ ១,២២៥ ម៉ែត្រ ពីចំណុចប្រសព្វទន្លេបាសាក់ និងព្រែកជ្រៃធំ ស្ថិតនៅក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល តភ្ជាប់ពីផ្លូវជាតិលេខ២១ ក្នុង ខេត្តកណ្តាលទៅនឹងផ្លូវជាតិលេខ៩៥៦ក្នុងខេត្តអានយ៉ាងនៃសាធារណរដ្ឋសង្គមនិយមវៀតណាមដោយចំណាយអស់ទឹកប្រាក់ប្រមាណជាង ៣៦លានដុល្លារអាមេរិក។
តួស្ពាននេះមានបណ្តោយប្រវែង៤២៧.៤៤ម៉ែត្រស្ពាននេះត្រូវបានសាងសង់ម្នាក់ពាក់កណ្តាល ពោលភាគីកម្ពុជាសង់ផ្លូវតភ្ជាប់ពីគល់ស្ពានដល់ផ្លូវជាតិលេខ២១ប្រវែងសរុប២,៦៧៤ម៉ែត្រទទឹង១២ម៉ែត្ររួមទាំងសង់ស្ពានឆ្លងព្រែកតូចៗ ចំនួន ០២កន្លែង និង សង់លូមូល ៥កន្លែង រីឯភាគីវៀតណាម សាងសង់ផ្លូវតភ្ជាប់ស្ពាន ដែលមានប្រវែងសរុប ២,៧០០ម៉ែត្រ និងទទឹង ១២ម៉ែត្រ។ចំណាយថវិកាសរុប ៣៦.៥៦លានដុល្លារអាមេរិក ក្នុងនោះកម្ពុជា ចំណាយ ១៥.៨១១លានដុល្លារអាមេរិក។ រីឯភាគីវៀតណាមចំណាយ ១៧.៨០លានដុល្លារអាមេរិក។ ការសាងសង់ប្រើរយៈពេល ២៧ខែ ចាប់ពីខែធ្នូ ឆ្នាំ២០១៤ និងបានបញ្ចប់ នៅខែមេសា ឆ្នាំ២០១៧នេះ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ច្រកជ្រៃធំ-ឡុងប៊ិញ គឺជាច្រកដ៏សំខាន់មួយសម្រាប់ប្រជាពលរដ្ឋកម្ពុជា និងវៀតណាម ផ្លាស់ប្តូរទំនិញគ្នាប្រចាំថ្ងៃ។ ពេលមិនទាន់សាងសង់ស្ពានការដោះដូរទំនិញរវាងប្រជាពលរដ្ឋនៃប្រទេសទាំងពីរមានការលំបាកខ្លាំងព្រោះត្រូវធ្វើតាមរយៈទូកចម្លងទៅវិញទៅមក។វត្តមានស្ពានជ្រៃធំ-ឡុងប៊ិញនេះនឹងជួយសម្រួលដល់ការផ្លាស់ប្តូរទំនិញរបស់ប្រជាពលរដ្ឋប្រទេសទាំងពីរជាពិសេស ប្រជាពលរដ្ឋក្នុងស្រុកកោះធំខេត្តកណ្តាល និងស្រុកឡុងប៊ិញ ខេត្តអាងយ៉ាង ដែលសុទ្ធជាស្រុកមានអំណោយផលខ្ពស់ក្នុងការដាំដុះបន្លែបង្កាផ្សេងៗ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជននៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមដែលបានចួលរួមសហការនៃការកសាងស្ពានមិត្តភាពនេះឡើង ដើម្បីបំរើប្រយោជន៍នៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម។ ការសម្ពោធស្ពាននេះ ចំពេលខួប៥០ (១៩៦៧- ២០១៧ )ឆ្នាំនៃទំនាក់ទំនងការទូតនៃប្រទេសទាំង២ផងដែរ ។ នេះជាការប្រែក្លាយតំបន់ព្រំដែននៃប្រទេសជិតខាងអោយក្លាយទៅជាតំបន់ដែលមានទំនាក់ទំនងគ្នាទៅវិញទៅមក។ កម្ពុជាបាននឹងកំពុងប្រែក្លាយតំបន់ដែលជាអតីតសមរភូមិអោយក្លាយទៅជាទីផ្សារសំរាប់ប្រជាជននិងប្រជាជនក្នុងការផ្លាស់ប្តូរទំនិញផ្សេងៗនិងប្រែក្លាយអោយទៅជាតំបន់ដែលមានសន្តិភាព មិត្តភាពយូរអង្វែង។ កម្ពុជានិងវៀតណាមបានប្តេជ្ញា ពង្រឹងនិងពង្រីកទំហំពាណិជ្ជកម្មនៃប្រទេសទាំង២អោយឡើងដល់ ៥,០០០ លានដុល្លារនៅពេលខាង មុខដ៏ខ្លីនេះ។
ស្ពានមិត្តភាព កម្ពុជា-វៀតណាម ជ្រៃធំ-ឡុងប៊ិញនេះ គឺជាយុទ្ធសាស្រ្តមួយយ៉ាងសំខាន់ ដែលមិនត្រឹមតែតភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មប៉ុណ្ណោះទេ ថែមទាំងតភ្ជាប់ទំនាក់ទំនង ខាងសង្គមកិច្ច វប្បធម៌ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ នៃប្រទេសទាំងពីរ ឲ្យបានកាន់តែងាយស្រួល និងឆាប់រហ័ស។ស្ពានមិត្តភាពកម្ពុជា-វៀតណាម ជ្រៃធំ/ឡុងប៊ិញ រួមជាមួយការសាងសង់ឡើងវិញ ផ្លូវជាតិ លេខ២១ នឹងបង្កើតបានទៅជាបណ្តាញផ្លូវមួយថ្មីទៀតប្រកបដោយសក្តានុពលជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ ដែលតភ្ជាប់ខេត្តកណ្តាល ទៅនឹងតំបន់ជាប់ព្រំប្រទល់ កម្ពុជា-វៀតណាម បង្កលទ្ធភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋនៃប្រទេសទាំងពីរក្នុងការធ្វើដំណើរនិងការដោះដូរទំនិញពាណិជ្ជកម្មផ្សេងៗ រវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម ពិសេសក្នុងតំបន់ជាប់ព្រំប្រទល់កម្ពុជា-វៀតណាម ដែលមានប្រជាពលរដ្ឋរស់នៅយ៉ាងកុះករធ្វើឲ្យជីវភាពរស់នៅកាន់តែល្អប្រសើរឡើង ។
មុននឹងបញ្ជាប់ សម្តេចតេជោ ហ៊ុន សែន បាន និង លោកនាយករដ្ឋមន្ត្រីវៀតណាមបានអញ្ជើញកាត់ខ្សែបូរសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវនិងស្ពានឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាម (ជ្រៃធំ-ឡុងប៊ិញ) ចាប់ពីពេលនេះតទៅ ៕
ប្រភព៖ ហ្វេសប៊ុកសម្តេចតេជោ