គ្រូបង្វឹកក្លិបបិសាចក្រហម Man United លោក Jose Mourinho បានបង្ហាញពីចេតនា ចង់បានកីឡាកររបស់ក្រុម Dortmund នៅក្របខ័ណ្ឌអាល្លឺម៉ង់ Bundesliga គឺកីឡាករ Marco Reus ដើម្បីមកជំនួសតំណែងប្រធានក្រុម កីឡាករ Wayne Rooney ដែលកំពុងតែធ្លាក់ទម្រង់លេងនឹងត្រៀមចាកចេញនាពេលចប់រដូវកាល។
គ្រូបង្វឹកក្រុមបិសាចក្រហមសញ្ជាតិព័រទុយហ្គាល់រូបនេះបានប្រាប់ទៅអនុប្រធានក្លិបគឺលោក Edwood Ward ថា កីឡាករជម្រើសជាតិអាឡឺម៉ង់ Marco Reus គឺជាបេក្ខភាពស័ក្តិសមដែលនឹងត្រូវមកជំនួសតំណែងកីឡាករ Wayne Rooney សម្រាប់រដូវកាលក្រោយ។
ខ្សែប្រយុទ្ធ២រូបផ្សេងទៀត កំពុងលេងនៅក្របខ័ណ្ឌផ្សេងគ្នាគឺ កីឡាករសញ្ជាតិបារាំង Antoine Griezmann នៅក្របខ័ណ្ឌ La Liga របស់ក្លិប Atletico Madrid វ័យ២៧ឆ្នាំ និងកីឡាករសញ្ជាតិ អ៊ីតាលី Andrea Belotti របស់ក្លិប Torino នៅក្របខ័ណ្ឌអុីតាលី Serie A ក៏ស្ថិតនៅក្នុងបញ្ជី ទិញចូលរបស់ គ្រូបង្វឹក Mourinho ផងដែរសម្រាប់រដូវកាលក្រោយក្នុងគោលបំណង រៀបចំពង្រឹងខ្សែប្រយុទ្ធក្រុមឡើងវិញ។
កីឡាករ Marco Reus ទើបតែជាពីរបួស និងត្រឡប់មកជួយក្លិប Dortmund កាលពីខែវិច្ឆិកា ឆ្នាំ២០១៦ ហើយរកគ្រាប់បាល់បញ្ចូលទីបាន១១គ្រាប់ និង Assist បាន៨គ្រាប់ នៅរាល់ការប្រកួតគ្រប់ក្របខ័ណ្ឌកំពូលរបស់អាល្លឺម៉ង់។
ក្លិបបិសាចក្រហមធ្លាប់បាននាំយកកីឡាករក្លិប Dormund ២ រូបមករួមក្រុមរួចមកហើយកាលពីឆ្នាំ២០១២គឺកីឡាកអន្តរជាតិជប៉ុន Shinji Kagawa កាលពីឆ្នាំ ប៉ុន្តែកីឡាកររូបនេះបានត្រឡប់ទៅលេងឲ្យ Dortmund វិញនៅឆ្នាំ២០១៤ និងកីឡាករ Henrikh Mkhitaryan សញ្ជាតិអាមេនី កាលពីដើមរដូវកាល 2016-2017 នេះ៕ ដេវីត