ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមចារកិច្ចអាមេរិកចោទប្រកាន់រុស្ស៊ី វាយប្រហារគណបក្ស លោក ម៉ាក្រុង

ចែករំលែក៖

ប្រមុខដឹកនាំទីភ្នាក់ងារ NSA បានអះអាង ថា នៅពេលនោះអាមេរិកបានដឹងពីប្រតិបត្តិការវាយប្រហារតាមអ៊ីនធើណេតរបស់រុស្ស៊ី ហើយបានជូនដំណឹងទៅបារាំងផងដែរ ។ យោងតាមប្រមុខទីភ្នាក់ងារ NSA អាមេរិកបានដឹងពីប្រតិបត្តិការវាយប្រហារតាមអ៊ីនធើណេតទៅលើលោកម៉ាក្រុង គឺដោយសារតែអាមេរិកបានតាមឃ្លាំមើលជាប់ជានិច្ចនូវសកម្មភាពរបស់រុស្ស៊ីនៅលើប្រព័ន្ធអ៊ីនធើណេត ចាប់តាំងពីមានការវាយប្រហារស្រដៀងគ្នានេះ ទៅលើក្រុមការងាររបស់លោកស្រីហ៊ីឡារី គ្លីនតុន កាលពីក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីអាមេរិកកាលពីឆ្នាំទៅ ។

ឧត្តមនាវី ម៉ៃក៍ រ៉ជ័រ ក៏បានបញ្ជាក់ឲ្យដឹងផងដែរថា ការវាយប្រហារទៅលើលោកម៉ាក្រុង និងការវាយប្រហារទៅលើលោកស្រីគ្លីនតុនគឺមានទ្រង់ទ្រាយស្រដៀងគ្នា ហើយកើតចេញពីក្រុមដែលមានទំនាក់ទំនងជាមួយនឹងទីភ្នាក់ងារចារកិច្ចរុស្ស៊ី ហើយថា អាមេរិកបាននិងបន្តរក្សាទំនាក់ទំនងជាប់ជានិច្ចជាមួយប្រទេសសម្ព័ន្ធមិត្តនៅអឺរ៉ុប ដើម្បីធ្វើយ៉ាងណាទប់ស្កាត់កុំឲ្យរុស្ស៊ីលូកដៃចូលលូកលាន់ក្នុងការបោះឆ្នោតប្រជាធិបតេយ្យ ទាំងការបោះឆ្នោតប្រធានាធិបតីបារាំងដែលទើបនឹងបញ្ចប់ទៅ និងការបោះឆ្នោតនៅប្រទេសផ្សេងទៀតដែលនឹងមកដល់នៅក្នុងពេលឆាប់ៗខាងមុខ ជាពិសេស ការបោះឆ្នោតសភាអង់គ្លេសនៅខែមិថុនា និងនៅអាល្លឺម៉ង់ នៅខែកញ្ញា។

គួររំឭកឡើងវិញថា នៅក្រោយពេលដែលយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីបារាំង ទើបនឹងបិទបញ្ចប់ ដើម្បីត្រៀមបោះឆ្នោតជុំទី២ ការិយាល័យរបស់លោកម៉ាក្រុងបានប្រកាសឲ្យដឹងថា ក្រុមការងាររបស់លោកទទួលរងនូវការវាយប្រហារតាមអ៊ីនធើណេត ហើយជាការវាយប្រហារក្នុងទ្រង់ទ្រាយធំ ដោយមានការរៀបចំគម្រោងការណ៍ទុកជាមុន ។ នៅពេលនោះ អ៊ីមែលរាប់ពាន់ដែលជាការឆ្លើយឆ្លងផ្ទៃក្នុងគណបក្សរបស់លោកអេម៉ានុយអែល ម៉ាក្រុងត្រូវបានគេចូលលួច ហើយយកទៅចុះផ្សាយជាសាធារណៈ ៕ ម៉ែវ សាធី


ចែករំលែក៖