ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីហិរញ្ញវត្ថុហ្វីលីពីន៖ ការអនុវត្តច្បាប់អាជ្ញាសឹក មិនប៉ះពាល់ដល់សេដ្ឋកិច្ចឡើយ

ចែករំលែក៖

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុហ្វីលីពីន លោក Carlos Dominguez នៅថ្ងៃទី២៥ ខែឧសភា បានប្រកាសថា ការអនុវត្តច្បាប់អាជ្ញាសឹក នៅលើកោះ មីនដាណាវ មិនប៉ះពាល់ដល់សេដ្ឋកិ្ចចប្រទេសនេះឡើយ។ ការប្រកាសខាងលើរបស់លោកដើម្បីធ្វើឲ្យក្រុមអ្នកវិនិយោគស្ងប់ចិត្ត ពីការសម្រេចខាងលើរបស់រដ្ឋាភិបាល។

សារព័ត៌មានរ៉យទ័របានដកស្រង់សម្តីលោក Carlos Dominguez បានបញ្ជាក់ថា «សេដ្ឋកិច្ចមិនរងការគំរាមកំហែងឡើយដោយច្បាប់អាជ្ញាសឹក ។ កម្លាំងទាហាន នៅតែគ្រប់គ្រងស្ថាប័នរដ្ឋសំខាន់ៗនៅលើកោះមីនដាណាវ ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធនៅទីនោះ»។ សកម្មភាពធ្វើអាជីវកម្មនៅទីនោះមិនប៉ះពាល់នោះឡើយ ដោយមានការការពារយ៉ាងល្អបំផុតពីកម្លាំងទាហាន ។

ប្រធានាធិបតីហ្វីលីពីន លោក ឌូទើរទេ បានអនុម័តដាក់ច្បាប់អាជ្ញាសឹកនៅលើកោះមីនដាណាវ កាលពីថ្ងៃទី២៣ ខែឧសភា ក្រោយពេលមានការវាយប្រហារយ៉ាងខ្លាំងពីក្រុមជ្រុលនិយម ដែលមានទំនាក់ទំនងជិតស្និទ្ធិនឹងក្រុមភេរវកម្ម IS នៅក្នុងប្រទេសស៊ីរី និងអីរ៉ាក់ ។

លោក ឌូទើរទេ បញ្ជាក់ទៀតថា លោកអចនឹងចេញច្បាប់អាជ្ញាសឹកទូទាំងប្រទេស ប្រសិនបើក្រុមភេរវកម្ម នៅតែបន្តសកម្មភាព វាយប្រហារទៅលើ កម្លាំងប៉ូលិស និងទាហានក្នុងប្រទេសនេះ ។

ប្រធានាធិបតីហ្វីលីពីនលោក ឌូទើរទេ តេនៅថ្ងៃទី២៤ ខែឧសភា បានគំរាមអនុវត្តច្បាប់អាជ្ញាសឹកនៅទូទាំងប្រទេស បន្ទាប់ពីក្រុមឧទ្ទាមសម្លាប់កាត់ក្បាលមេប៉ូលិស និងចាប់ជំរិតមនុស្សនៅទីក្រុងម៉ារ៉ាវីរបស់កោះមីនដាណាវ។ នៅថ្ងៃទី២៣ ខែឧសភា ប្រធានាធិបតីហ្វីលីពីនទើបបានប្រកាសឲ្យប្រើច្បាប់អាជ្ញាសឹកនៅតំបន់ភាគខាងត្បូងមីនដាណាវ ដែលបានរងការវាយប្រហារភេរវកម្មពីក្រុមប្រដាប់អាវុធអ៊ីស្លាម ដែលប្រកាសភ្ជាប់ខ្លួនទៅក្រុមជីហាត អង្គការរដ្ឋអ៊ីស្លាមនៅប្រទេសស៊ីរី ។

“ខ្ញុំអាចនឹង ប្រើច្បាប់អាជ្ញាសឹកនៅទូទាំងប្រទេសដើម្បីការពារប្រជាជន” នេះជាប្រសាសន៍របស់ប្រធានាធិបតីហ្វីលីពីន ឌូទើរទេ នៅមួយថ្ងៃក្រោយច្បាប់អាជ្ញាសឹកត្រូវបានដាក់ឲ្យអនុវត្តនៅមីនដាណាវ។

មីនដាណាវ តំបន់ភាគខាងត្បូងហ្វីលីពីនបានរងការវាយប្រហារពីក្រុមឧទ្ទាមអ៊ីស្លាមជ្រុលនិយម ដែលបាននាំគ្នាប្រមាណ ១០០នាក់ សម្រុកចូលទៅក្នុងទីក្រុងម៉ារ៉ាវី សម្លាប់ទាហានហ្វីលីពីន៥នាក់ និងចាប់មនុស្សជាច្រើននាក់ ធ្វើជាចំណាប់ខ្មាំង ។

តាមអ្នកថតរូបរបស់ទីភ្នាក់ងារព័ត៌មានបារាំង AFP ប្រជាជនជាច្រើនពាន់នាក់ បានរត់ភៀសខ្លួនចេញពីទីក្រុងម៉ារ៉ាវី។ នៅថ្ងៃទី២៤ ខែឧសភា គេមិនឃើញមានការផ្ទុះអាវុធដាក់គ្នារវាងកងទ័ពហ្វីលីពីន និងក្រុមឧទ្ទាមនោះទេ ។ អាជ្ញាធរហ្វីលីពីននៅមិនទាន់ដឹងច្បាស់ថា តើក្រុមឧទ្ទាមនៅមានវត្តមាននៅទីក្រុងម៉ារ៉ាវី ឬបានដកខ្លួនទៅតំបន់ភ្នំ និងព្រៃដែលសម្បុករបស់ក្រុមនេះដែរឬយ៉ាងណានោះទេ ៕ ម៉ែវ សាធី


ចែករំលែក៖