ព័ត៌មានទាន់ហេតុការណ៍៖

លោកអភិបាលខណ្ឌដង្កោ នៅតែបន្តអភិវឌ្ឍន៍ភូមិ សង្កាត់ ក្នុងមូលរដ្ឋានជានិច្ច

ចែករំលែក៖

ភ្នំពេញ៖ ព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ រួមជាមួយលោកអភិបាលរង មន្ត្រីរាជការសាលាខណ្ឌ បេក្ខជនក្រុមប្រឹក្សាសង្កាត់ និងភូមិ បានចូលរួមក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុងចំនួន ០២ខ្សែ មានប្រវែងសរុប ៨០១ម៉ែត្រ ស្ថិតក្នុងភូមិពងទឹក និងភូមិស្រែញរ៍ សង្កាត់ពងទឹក ខណ្ឌដង្កោ។

ផ្លូវបេតុងទាំង០២ខ្សែរួមមាន៖

– ខ្សែទី០១ ផ្លូវបេតុងប្រវែង ៣៧០ម៉ែត្រ ទទឹង០៤ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ ស្ថិតក្នុងភូមិពងទឹក ជាគម្រោងថវិការបស់រដ្ឋបាលខណ្ឌដង្កោ ឆ្នាំ២០១៧

– ខ្សែទី០២ ផ្លូវបេតុងប្រវែង ៤៣១ម៉ែត្រ ទទឹង០៤ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ ស្ថិតក្នុងភូមិស្រែញរ៍ ជាគម្រោងមូលនិធិអភិវឌ្ឍសង្កាត់ឆ្នាំ២០១៧

លោកអភិបាលខណ្ឌដង្កោ បានធ្វើការផ្តាំផ្ញើរការសាកសួរសុខទុក្ខ ពីសំណាកសម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋ និងបានលើកឡើងអំពីការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិយើង ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានអភិវឌ្ឍន៍ប្រទេសជាតិ និងបានថែរក្សាសុខសន្តិភាពនៅទូទាំងប្រទេស ហើយ នៅថ្ងៃនេះសមិទ្ធផល ផ្លូវបេតុងថ្មី ០២ខ្សែនេះ នឹងបម្រើផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋសម្រាប់ការធ្វើដំណើរ និងរក្សាបាននូវផាសុខភាពសម្រាប់ការរស់នៅផងដែរ។

លោកអភិបាលបាន ផ្តាំផ្ញើរដល់ក្រុមហ៊ុនទទួលការស្ថាបនា និងមន្ត្រីបច្ចេកទេសឲ្យស្ថាបនាផ្លូវឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ដើម្បីជូនប្រជាពលរដ្ឋឆាប់បានប្រើប្រាស់ ជាមួយគ្នាលោកអភិបាលក៏បានសំណូមដល់បងប្អូនប្រជាពលរដ្ឋសូមមេត្តាជួយតាមដានការអនុវត្តគម្រោងរបស់ក្រុមហ៊ុនទទួលការសាងសង់ និងសូមមានការយោគយល់ អធ្យាស្រ័យចំពោះផលប៉ះពាល់តិចតួចដែលអាចបណ្តាលមកពីការស្ថាបនាផ្លូវនេះ ដើម្បីឲ្យដំណើរការស្ថាបនាឆាប់បានរួចរាល់ និងប្រើប្រាស់បានយូរអង្វែង៕ ភារ៉ា ដង្កោ


ចែករំលែក៖