ព័ត៌មានទាន់ហេតុការណ៍៖

សោម ស្រីនាថ ធ្វើខួបកំណើតឲ្យម្តាយនៅបន្ទប់សង្គ្រោះបន្ទាន់

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែង បង្ហាញម៉ូត សោម ស្រីនាថ កំពុងប្រឈមនឹងបញ្ហាគ្រួសារខ្លាំង ក្រោយពីម្តាយកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រោះជំងឺមហារីក។ ដើម្បីលើកទឹកចិត្តម្តាយ នាងបានរៀបចំកាត់នំខួបកំណើតទាំងម្តាយនាងលើគ្រែសង្គ្រោះបន្ទាន់នោះ។

តារាស្រីរូបនេះបង្ហោះសារដ៏ក្តុកត្តួលថា រីករាយថ្ងៃបុណ្យខួបកំណើតអ្នកម៉ែ កម្សត់របស់កូនអើយ ឆ្នាំនេះពិតជាកម្សត់ខ្លាំងណាស់ កូនសែនអាណិតម៉ែជាពន់ពេក ថ្ងៃនេះជាថ្ងៃខួបកំណើតអ្នកម៉ែកម្សត់របស់កូន រាល់ឆ្នាំកូនតែងតែនាំម៉ែទៅញាំអីSupried ម៉ែ ប៉ុន្តែឆ្នាំនេះម៉ែមិនអាចក្រោករួចទៅញាំអីជាមួយកូនបានទេ ព្រោះម៉ែនៅបន្ទប់សង្រ្គោះបន្ទាន់ក្តី ។

ពិធីករ កញ្ញា សោមស្រីនាថនិយាយថា ម្តាយនាងកំពុងតែស្ថិតនៅក្នុងដំណាក់កាលពិបាក ដោយសារម្ដាយមានជំងឺមហារីកសុដន់កំពុងតែព្យាបាលសម្រាកនៅមន្ទីរពេទ្យរុស្សី ដោយក្នុងនោះនាងមិនមានថវិកាគ្រប់គ្រាន់ដើម្បីព្យាបាលជំងឺម្ដាយទេ។ ស្រីនាថមានបងប្អូន៣នាក់ នាងជាកូនច្បងក្នុងគ្រួសារ ប្អូនៗកំពុងពេញរៀន លោកឪពុកក៏មានជំងឺទឹកនោមផ្អែមជាប់ខ្លួនមិនអាចចេញរកស៊ីអ្វីបាន ហើយបន្ទុកបានធ្លាក់មកលើនាងជាអ្នករ៉ាប់រង។ កន្លងមក មានសប្បុរសជន ក៏ដូចជាមិត្តភក្តិសិល្បៈបានជួយម្តាយនាងខ្លះដែរ ប៉ុន្តែមិនអាចទប់នឹងការចំណាយក្នុងគ្រួសារ និងថ្លៃថ្នាំពេទ្យបានទេ។ អ្វីដែលនាងជូនពរម្តាយក្នុងថ្ងៃនេះ គឺចង់ឲ្យម្តាយនាងឆាប់ជាសះស្បើយពីជំងឺ និងការជួបជុំគ្រួសារតូចមួយនេះដូចគ្រាដើម។

នាងបញ្ជាក់ថា ការចេញទៅបំពេញការងារបច្ចុប្បន្ន គឺអារម្មណ៍នឹកម្តាយ នឹងបន់ឲ្យតែឆាប់បានរួចការងារនឹងអាលមកជួបម្តាយនៅមន្ទីរពេទ្យ។ នាងថា មិនអាចទម្លាក់ចោលការងារដែលជាឆ្នាំងបាយបានទេ ព្រោះតែបច្ចុប្បន្ន មានតែនាងម្នាក់គត់ដែលរកប្រាក់ចំណូលចូលគ្រួសារ៕ វឌ្ឍនា


ចែករំលែក៖