ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តក្រុងដឹកអ្នកដំណើររបស់ក្រុមហ៊ុនប្លូបឹស បុកកម្មករសំណង់ដើរឆ្លងផ្លូវស្លាប់នៅកន្លែងកើតហេតុ

ចែករំលែក៖

 

ប៉ោយប៉ែតៈបុរសម្នាក់ជាកម្មករសំណង់ដើរឆ្លងផ្លូវ ត្រូវរថយន្តក្រុងដឹកអ្នកដំណើររបស់ក្រុមហ៊ុនប្លូបឹ បុកស្លាប់នៅក្នលែងកើតហេតុ កាលពីវេលាម៉ោង៨និង១០នាទីយប់ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ត្រង់ចំណុចដើមពោធិ៍ប៉ោវណ្ណៈប្រហែល៥០ម៉ែត្រ ឋិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចសណ្ដាប់ធ្នាប់ប្រាប់ថា មុនកើតហេតុបុរសម្នាក់មានឈ្មោះ ហួន ដុស អាយុ៣០ឆ្នាំ មុខរបកម្មករសំណង់ ស្នាក់នៅបណ្ដោះអាសន្នកន្លែងកើតហេតុ បានដើរឆ្លងផ្លូវពីត្បូងទៅជើង ពេលឆ្លងបានបន្តិច ស្របពេលរថយន្តក្រុងរបស់ក្រុមហ៊ុនខាងលើដឹកអ្នកដំណើរប្រភេទ៤៥កៅអី បើកក្នុងល្បឿនលឿនម៉ាកហីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3C-8811 ជារថយន្តរបស់ក្រុមហ៊ុនប្លូបឹស ដឹកអ្នកដំណើរ។ អ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណ រត់បាត់ក្រោយពីបង្កគ្រោះថ្នាក់ ។

សមត្ថកិច្ចបញ្ជាក់ថា រថយន្តបង្កបើកក្នុងគោលដៅពីលិចទៅកើត ហើយបានបុកអ្នកថ្មើរជើងខាងលើបណ្ដាលឲ្យស្លាប់តែម្ដង ចំណែករថយន្តខូចខាតផ្នែកខាងមុខ។

ក្រោយពីកើតហេតុ សមត្ថកិច្ចបានវាស់វែងរួចរាល់ រថយន្តខាងលើត្រូវកម្លាំងសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្ដិ៍និមិត្តដើម្បីទុកដោះស្រាយតាមផ្លូវច្បាប់ រីឯសពរងគ្រោះសមត្ថកិច្ចប្រគល់ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕ វណ្ណា


ចែករំលែក៖