នៅថ្ងៃទី ២១ ខែមិថុនា បន្ទាប់ពីបានអញ្ជើញចូលពិនិត្យទីតាំងចំណុចទី៦ នៅ បញ្ជាការដ្ឋានយោធា ស្រុកឡុកនិញ ខេត្តប៊ិញហ្វឿក រួចមក មកសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញបន្តដំណើរ ឆ្ពោះទៅកាន់ទីក្រុង ធូយ៉ូវម៉ូត ខេត្តប៊ិញយឿង ដែលនៅទីនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជា ណាចក្រកម្ពុជា ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាល និងរ៉ាក់ទាក់បំផុតពី ឯកឧត្តម ង្វៀន សួនហ៊្វុក នាយក រដ្ឋមន្រ្តីវៀតណាម និងឥស្សរជនជាន់ខ្ពស់វៀតណាមជាច្រើនរូប។ វត្តមានរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី នៅនៅវៀតណាមពេលនេះ មិនគ្រាន់តែជាការរំលឹកអំពីការចងចាំរបស់សម្តេចតេជោ ចំពោះ ដំណើរឆ្ពោះទៅការផ្តួល រំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ប៉ុណ្ណោះទេ ប៉ុន្តែវាបានកើតឡើង ព្រមគ្នាទៅនឹងការប្រារព្វខួប៥០ឆ្នាំ នៃការ បង្កើតចំណងការទូតនៃប្រទេសទាំងពីរកម្ពុជា-វៀតណាម ១៩៦៧-២០១៧ ផងដែរ។
នៅក្នុងពិធីស្វាគមន៍ដែលធ្វើឡើងនៅមជ្ឈ មណ្ឌលសន្និបាតខេត្តប៊ិញយឿង គឺមានថ្នាក់ដឹកនាំនៃប្រទេសទាំងពីរជា ច្រើនរូបចូលរួម រួមទាំងអតីតយុទ្ធជន និងនិស្សិតកម្ពុជា វៀតណាម ប្រមាណ៨០០នាក់។ ជាមួយគ្នា នោះដែរ សម្តេចតេជោនាយក រដ្ឋមន្រ្តីក៏បាន ជួបសន្ទនា ដាច់ដោយឡែកជាមួយ លោកវិរ សេនីយ៍ទោ ង្វៀន ថាញ់ប៊ិញ អតីតមេបញ្ជាការរង និងជាមេបញ្ជាការសមរភូមិមុខ យោធាខេត្តសុងប៊ែរ ដែលជា សាក្សីដឹងឮដ៏សំខាន់ម្នាក់ អំពីស្ថាន ភាព និងសភាពការណ៍ផ្ទាល់របស់ សម្តេច តេជោនាយករដ្ឋមន្រ្តី នាឆ្នាំ១៩៧៧។ នៅក្នុងពិធីសំណេះ សំណាល នោះដែរ ថ្នាក់ដឹកនាំវៀតណាមទាំងអស់បានសំដែងនូវការ វាយ តម្លៃខ្ពស់ និងកោតសរសើរចំពោះគំរូវរភាពដ៏អង់អាច ក្លា ហាន របស់សម្តេចតេជោនាយករដ្ឋមន្រ្តីដែលបានបូជានូវកម្លាំងកាយចិត្ត ប្រជ្ញា ស្មារតី និងការលះបង់សាច់ស្រស់ ឈាមស្រស់ ក្នុងបុព្វហេតុរំដោះប្រទេសនិងប្រជាជនកម្ពុជា ចេញពីរបបប្រល័យ ពូជសាសន៍ ប៉ុល ពត ការសង្រោ្គះ អាយុជីវិតប្រជាជនចេញពីគ្រោះអត់ឃ្លាន ការបញ្ចប់សង្រ្គាម ដំណើរការស្វែង រកសុខសន្តិភាព ផ្សះផ្សារ បង្រួបបង្រួម ជាតិ ការដឹកនាំប្រទេសជាតិមានកំណើនសេដ្ឋកិច្ចខ្ពស់ និងការអភិវឌ្ឍប្រទេស កម្ពុជាមានភាពរីកចម្រើនយ៉ាងឆាប់ រហ័សពីមួយថ្ងៃទៅមួយថ្ងៃ។
សម្តេចតេជោ បន្តថា ថ្ងៃនេះគឺជាថ្ងៃដែលមានការឈឺចាប់បំផុតរបស់សម្តេច ដែលរយះពេល៤០ឆ្នាំមុន សម្តេចបានធ្វើ ដំណើរចាកចេញពីប្រទេសកម្ពុជា ដើម្បីធ្វើការភៀសខ្លួនមកកាន់ប្រទេសវៀតណាម ស្វែងរកការជួយឧបត្ថម្ភ ពីវៀត ណាម ដើម្បីឈានទៅវាយរំលំរបបប្រល័យពូជសាសន៍ ដើម្បីរំដោះនិងសង្រោ្គះប្រទេសនិងប្រជាជនកម្ពុជា ចេញ ពីរបបមួយដែលមិនធ្លាប់មានទាល់តែសោះ លើពិភពលោក។
សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់បន្ថែមថា ការជ្រើសរើសយកផ្លូវណាមួយដើម្បីជួយប្រទេសជាតិ គឺមិនមែន ជារឿងថ្មីថ្មោងទេ គឺមានមេដឹកនាំពិភពលោកមួយចំនួនកាលពីសង្រ្គាមលោកលើកទី២ក៏បានធ្វើដូចគ្នា គឺឧត្តមសេនីយ៍ ឌឺហ្គោល ដែលបានភៀសខ្លួនពីប្រទេសបារាំងទៅប្រទេសអង់គ្លេស ហើយបានដឹកនាំតស៊ូរយះពេល៤ឆ្នាំ រហូត រំដោះប្រទេសបារាំងចេញពីរបបហ្វាស៊ីលអ៊ីត្លែក្នុងឆ្នាំ១៩៤៤។ បន្ទាប់មកប្រជាជនបារាំងបានចាត់ទុកលោក ជាវិរជន របស់ប្រទេសបារាំង គឺមិនមែនជាជនក្បត់ជាតិទេ។ សម្តេចតេជោ បានអរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ ថ្នាក់ដឹកនាំ និងប្រជាជនវៀតណាមដែលតែងតែជួយដល់កម្ពុជាក្នុងការវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត រហូតទទួលបាននូវសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនក្នុងដំណាក់កាលបច្ចុប្បន្ន។
សម្តេចតេជោ ក៏បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តម ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តីវៀតណាម ដែលបានចំណាយពេលវេលាដ៏មានតម្លៃបំផុត អញ្ជើញធ្វើដំណើរមកកាន់ខេត្តប៊ិញយឿង ក្នុងការទទួលស្វាគមន៍ សម្តេច និងគណះប្រតិភូជាន់ខ្ពស់កម្ពុជា។
នៅក្នុងជំនួបសំណេះសំណាលថ្ងៃនេះគឺបានរិតបន្តឹងនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជាវៀតណាម ដែលនាំមកនូវផលប្រយោជន៍ជាច្រើនសម្រាប់ប្រជាជាតិនៃប្រទេសទាំងពីរ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅតាម បណ្តោយព្រុំដែន អោយមានជីវភាពរស់នៅកាន់តែប្រសើរឡើង៕
រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ