របាយការណ៍ស្តីពីការជួញដូរមនុស្សរបស់អាមេរិកបានចេញផ្សាយជាសាធារណៈ ធ្វើឲ្យចិនបង្ហាញការខឹងសម្បាយ៉ាងខ្លាំង ដោយអាមេរិកបានដាក់ចិនចូលក្នុងបញ្ជីខ្មៅនោះ ។ ក្រៅពីនេះ នៅមានប្រទេសកូរ៉េខាងជើង និងវេណេហ្ស៊ុយអេឡា ក៏ស្ថិតនៅក្នុងបញ្ជីខ្មៅរបស់អាមេរិកនោះដែរ។
នៅក្នុងរបាយការណ៍ប្រចាំឆ្នាំស្តីពីការជួញដូរមនុស្ស ចេញផ្សាយនៅថ្ងៃ២៨ ខែមិថុនា រដ្ឋបាលលោកដូណាល់ ត្រាំ បានផ្តល់ចំណាត់ថ្នាក់ដ៏អាក្រក់បំផុត ដល់ចិនថា ស្ថិតនៅក្នុងចំណោមប្រទេសចំនួន២៣ នៅលើពិភពលោកដែលគ្មានប្រឹងប្រែងធ្វើអ្វីសោះ ក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស។
ចិនមិនបានចាត់វិធានការហ្មត់ចត់ដើម្បីបញ្ចប់ជំនួញរត់ពន្ធមនុស្ស ដោយព្រមទទួលពលករកូរ៉េខាងជើងមកធ្វើការដោយបង្ខំនៅចិន។ បញ្ជូនពលករធ្វើការដោយបង្ខំ នៅចិន និងនៅរុស្ស៊ី នាំចំណូលឱ្យកូរ៉េខាងជើងរាប់រយលានដុល្លារក្នុងឆ្នាំៗ។ នេះបើតាមការពន្យល់របស់លោក Rex Tillerson រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក ដែលបានព្រមានថា ទង្វើទទួលពលករកូរ៉េខាងជើងឱ្យធ្វើការដោយបង្ខំមិនអាចបន្តបានទៀត ទេហើយទង្វើនេះអាចនឹងធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងពាណិជ្ជកម្មរវាង ចិន នឹងអាមេរិក។ ពលរដ្ឋអាមេរិកត្រូវធានាឱ្យបានថា ទំនិញអ្វីមួយដែលគេទិញគ្មានពាក់ព័ន្ធនឹងការជួញដូរកម្លាំងមនុស្សទេ។
នៅក្នុងរបាយការណ៍អាមេរិក ក៏បានបន្ទោសចិនរឿងចាប់ជនជាតិភាគតិចអ៊ុយហ្គួរឱ្យធ្វើការ ដោយបង្ខំដែរ។ ចំណែករុស្ស៊ី ដែលប្រធានាធិបតីត្រាំ ចង់រឹតចំណងការទូត ក៏ស្ថិតនៅក្នុងបញ្ជីខ្មៅ ជាប្រទេសជួញដូរមនុស្សជាលើកទី៥ឆ្នាំជាប់គ្នាតែម្តង។
បិទ បញ្ចប់ការជួញដូរមនុស្សជាអាទិភាពចម្បងមួយនៃនយោបាយការបរទេសរបស់រដ្ឋបាលលោកត្រាំ។នេះបើតាមសំដីរបស់លោកស្រី អ៊ីវ៉ាន់ កាត្រាំ ជាកូនស្រីរបស់លោកដូណាល់ ត្រាំ នាឱកាសបង្ហាញរបាយការណ៍ប្រចាំឆ្នាំ និងបានបញ្ជាក់បន្ថែមទៀតថា ប្រទេសណាដែលជាប់ក្នុងបញ្ជីខ្មៅ អាចនឹងទទួលទណ្ឌកម្មពីអាមេរិកពីការបន្ថយជំនួយ ទៅដល់ការផ្តាច់ទាំងស្រុងការផ្តោះប្តូរវប្បធម៌ និងអប់រំ។
ប្រទេស ក្នុងទ្វីបអាហ្វ្រិកចំនួនបី សាធារណរដ្ឋកុងហ្កោ ប្រទេសកុងហ្កោប្រាហ្សាវីល និងម៉ាលី បានជាប់ក្នុងបញ្ជីខ្មៅអាមេរិកដែរ នៅឆ្នាំនេះ ព្រោះតែសកម្មភាពធូររលុងបណ្តោយឱ្យអាជ្ញាធរតំបន់ចាប់កុមារមកធ្វើ ទាហាន៕ ម៉ែវ សាធី