ព័ត៌មានទាន់ហេតុការណ៍៖

បង្រ្កាបចាប់ខ្លួនជនសង្ស័យម្នាក់នៅស្រុកពញាឮដកហូតថ្នាំញៀនម៉ាទឹកកក៣កញ្ចប់

ចែករំលែក៖

ខេត្តកណ្តាលៈ សមត្ថកិច្ចនគរបាលស្រុកពញាឮ បង្រ្កាបចាប់ខ្លួនជនសង្ស័យម្នាក់ឆែកឆេរលំនៅ​ឋាន តាមការឯកភាពពីលោកព្រះរាជអាជ្ញា ឈានដល់រឹបអូសថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន០៣កញ្ចប់ កាលពីវេលាម៉ោង២០ និង៣០នាទី ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០​១៧ ស្ថិតក្នុងភូមិម្លូម៉ឺន ឃុំផ្សាដែក ស្រុកពញាឮ ខេត្តកណ្តាល ។

មន្ត្រីនគរបាលស្រុកពញាឮបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ឆេង ម៉េងលី ភេទប្រុស២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ មានទីលំនៅភូមិម្លូម៉ឺន ឃុំផ្សាដែក ស្រុកពញាឮ ។ ក្នុងប្រតិ​ប្រត្តិការបង្រ្កាបចាប់ខ្លួនជនសង្ស័យខាងលើនេះ សមត្ថកិច្ចនគរបាលបានធ្វើការដកហូតវត្ថុ​តាងថ្នាំញៀន០៣កញ្ចប់ ,ទូរស័ព្ទដៃ០១គ្រឿង ,ដាវចំនួន០១ដើម និងឧបករណ៍សម្រាប់សេព​គ្រឿងញៀនមួយចំនួន ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកពញាឮ បានទទួលព័ត៌មានពីមហាជនល្អថា មានមុខសញ្ញាកំពុងជួញដូរសារធាតុញៀន នៅចំណុចខាងលើនេះ ទើបកំលាំងជំនាញចុះស្រាវជ្រាវធ្វើការបង្រ្កាបរហូតឈានដល់ចាប់​ខ្លួនជនសង្ស័យខាងលើនេះ និងសុំការឯកភាពពីលោកព្រះរាជ្ញាអមសាលាដំបូងខេត្ត ធ្វើការ​ឆែកឆេរលំនៅឋានជនសង្ស័យ ដកហូតវត្ថុតាងពាក់ព័ន្ធ ដើម្បីកសាងសំណុំរឿងចាត់ការ​តាម​ច្បាប់៕ ស្អាងជ័យ


ចែករំលែក៖