ភ្នំពេញ៖ ក្រុមហ៊ុនភេសជ្ជះកម្ពុជា (កូកា-កូឡា) បានបន្តការវិនិយោគរបស់ខ្លួនលើផ្នែកផលិតកម្ម ក្នុងស្រុក គឺទឹកផ្លែឈើស្រស់ រសជាតិ២ប្រភេទ ក្រោមពាណិជ្ជសញ្ញាមីនុតមេដ (Minute Maid) ដែលជាពាណិជ្ជសញ្ញា ទឹកផ្លែឈើនាំមុខគេ នៅលើពិភពលោកនៅលើទីផ្សារប្រទេសកម្ពុជា។
នៅក្នុងយុទ្ធនាការណែនាំផលិតផលទឹកផ្លែឈើរបស់ខ្លួនជាលើកដំបូង ដែលបានធ្វើឡើងនៅក្នុងបរិវេនពហុកីឡាដ្ឋានជាតិអូឡាំពិក មុនបែងចែកទៅកាន់បណ្តាទីតាំងគោលដៅនានា ក្នុងរាជធានីភ្នំពេញ ដោយក្រុមម៉ូតូកង់បីជាច្រើនគ្រឿង ដែលបានធ្វើឡើងនាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ ។
លោកស្រី គង់ កុសល នាយកផ្នែកទីផ្សារប្រចាំប្រទេសរបស់ក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកាកូឡា)បានថ្លែងថា ពាណិជ្ជសញ្ញាមីនុតមេដ (Minute Maid) មានវត្តមាននៅជាង១៥០ប្រទេស ជុំវិញពិភពលោក រួមជាមួយរសជាតិល្បីៗជាង១០០ប្រភេទខុសគ្នា ដែលអតិថិជនមីនុតមេដ អាចចែករំលែកភាពស្រស់ស្រាយជាមួយក្រុមគ្រួសារ និងមិត្តភក្តិ។
សំរាប់ប្រទេសកម្ពុជាអតិថិជនទាំងអស់និងរីករាយស្រស់ស្រាយជាមួយផលិតផលទឹកផ្លែឈើមីនុតមេដចំនួន២រសជាតិគឺមីនុតមេដរសជាតិប៉ោម និងរស់ជាតិទំពាំងបាយជូរ ជាមួយនឹងរូបរាងកំប៉ុងស្ទីកថ្មីចំណុះ៣៣០មីល្លីលីត្រ។
បើតាមលោកស្រី គង់ កុសល ក្រុមហ៊ុនភេសជ្ជៈកម្ពុជាកូកាកូឡា តែងតែស្វែងរកវិធីសាស្ត្រផ្សេងៗ ដើម្បីផ្តល់បន្ថែមនូវជម្រើសភេសជ្ជៈជូនអតិថិជនកម្ពុជា ហើយជាក់ស្តែងកាលពីឆ្នាំ២០១៤ យើងបានទទួលជោគជ័យក្នុងការបង្កើត និងណែនាំភេសជ្ជៈបំពេញជាតិទឹកនៅលើទីផ្សារកម្ពុជា ជាមួយនិងពាណិជ្ជសញ្ញា(អាគ្វ័ររៀស) ហើយនៅក្នុងឆ្នាំ២០១៦ បានណែនាំផលិតផល (កូកាកូឡាហ្សេរ៉ូ)គ្មានជាតិស្ករ ជាមួយលទ្ធផលគួរជាទីពេញចិត្ត ហើយឆ្នាំ២០១៧ ជាក់ស្តែង នាថ្ងៃនេះតែម្តង យើងបានបន្តជាមួយ Minute Maid ដោយសង្ឈឹមមុតមាំ ថា ទឹកផ្លែឈើរសជាតិ២ប្រភេទខាងលើនេះ ក៏នឹងក្លាយទៅជាពាណិជ្ជសញ្ញាដែលពេញនិយម ដោយហេតុថា អតិថិជនត្រូវការភាពស្រស់ស្រាយ ខណៈដែលពួកគាត់មានភាពមមាញឹកខ្លាំងក្នុងជីវភាពប្រចាំថ្ងៃ។
លោកស្រីថា ផលិតផលថ្មីនេះ នឹងជម្រុញក្នុងការទំនាក់ទំនងផ្សព្វផ្សាយផ្នែកទីផ្សារ ក៏ដូចជម្រុញការលក់ជាមួយអតិថិជនលក់រាយផ្សេងៗ ដើម្បីធានាឲ្យបានថា ពាណិជ្ជសញ្ញាថ្មី Minute Maid នេះ នឹងក្លាយជាទំព័រនៃភាពជោគជ័យថ្មីមួយទៀតសម្រាប់ដំណើរការអាជីវកម្មកូកាកូឡានៅក្នុងប្រទេសកម្ពុជា។
បើតាមលោកស្រីគង់ កុសល ការណែនាំផលិតផលចុងក្រោយនេះស្តែងឲ្យឃើញពីទស្សនៈវិស័យវែងឆ្ងាយរបស់ក្រុមហ៊ុនដើម្បីក្លាយជាក្រុមហ៊ុនផ្គត់ផ្គង់នាំមុខគេលើគ្រប់ភេសជ្ជៈគ្មានជាតិស្រវឹងនៅក្នុងព្រះរាជាណាចក្រកម្ពុជាជាមួយមោទនភាពដោយផលិតផលទាំងនេះផលិតនៅទីនេះនៅរោងចក្ររបស់ខ្លួន ដែលបំពាក់ដោយបច្ចេកវិទ្យាទំនើបរបស់ពិភពលោក និងមោទនភាពចំពោះពាណិជ្ជសញ្ញាដែលគ្មានការប្រកួតប្រជែង ដែលកំពុងតែផលិតវេចខ្ចប់លក់ និងចែកចាយនៅក្នុងស្រុកទៅដល់អតិថិជនអ្នកលក់ និងអតិថិជនអ្នកញាំជារៀងរាល់ថ្ងៃ៕ វឌ្ឍនា