ព័ត៌មានទាន់ហេតុការណ៍៖

ស៊ឹម ថៃណាផ្អាកឡើងឆាកព្រោះអត់បទថ្មី

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀងប្រចាំផលិតកម្ម M កញ្ញា ស៊ឹម ថៃណា បានបាត់មុខពីសិល្បៈអស់ជាយូរហូតទស្សនិកជនស្ទើរភ្លេចមុខ។ ក្នុងជំនួបចៃដន្យក្នុងកម្មវិធីអ្នកសិល្បៈមួយ តារាស្រីរូបនេះលើកឡើងថា នាងមិនឡើងឆាកតន្ត្រីទេដរាបណានាងមិនទាន់មានបទថ្មីចេញច្រើនដូចគ្រាមុន។

ស៊ឹម ថៃណា បានលេខមុខដោយកម្រក្នុងរូបរាងធាត់ជាមុនបន្តិចក្នុងកម្មវិធីជប់លៀងខួបកំណើតរបស់អ្នកសិល្បៈម្នាក់កាលពីពេលថ្មីៗនេះ ។ នាងប្រញាប់ប្រញាល់ចេញក្រៅយ៉ាងឆាប់រហ័សដោយមិនបន្តកម្មវីធីជួបជុំអ្នករួមអាជីពច្រើនដូចមុនទេ។ មុនពេលចាកចេញ តារាស្រីរូបនេះលើកឡើងដោយខ្លីថា ការងារសិល្បៈនាងនៅតែប្រឡូកដដែល មិនបោះបង់ចោលនោះទេ ប៉ុន្តែនាងត្រូវការពេលវេលាដើម្បីឲ្យផលិតកម្មផលិតបទចម្រៀងថ្មីៗសម្រាប់នាងសិន មុនពេលឡើងឆាកតន្ត្រី ឬបង្ហាញមុខជាថ្មី។ នាងថា ផលិតកម្មកំពុងសម្រិតសម្រាំងបទចម្រៀងមួយចំនួនសម្រាប់នាង ហើយនាងនឹងបង្ហាញវត្តមានក្នុងពេលដ៏ខ្លីខាងមុខ ពិសេសគឺក្រោយពីមានទាំងបទញាក់កន្ត្រាក់អារម្មណ៍ និងបទមនោសញ្ចេតនា។

អ្នកក្នុងចង្កោមសិល្បៈលើកឡើងថា ស៊ឹម ថៃណា អាចនឹងវិលរកការសម្តែង និងច្រៀងរាំលើឆាកតន្ត្រីជាថ្មីក្រោយពីនាងខិតខំសម្រកទម្ងន់អស់ជាច្រើនខែ។ ផលិតកម្មក៏បានចេញបទចម្រៀងមួយចំនួនបន្តបន្ទាប់សម្រាប់នាងដែរ ប៉ុន្តែនាងគ្មានទំនុកចិត្តសម្រាប់ខ្លួនឯងប៉ុណ្ណោះ ។ បទថ្មីរបស់នាងគឺបទ”ខ្វល់ពីខ្ញុំផងទាន់ខ្ញុំនៅក្បែរ” ទទួលបានការគាំទ្រច្រើនពីទស្សនិកជន កាលពីពេលថ្មីៗនេះ៕ វឌ្ឍនា


ចែករំលែក៖