ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោ ហ៊ុន សែន ទទួលជួបជាមួយប្រធានសមាគមមិត្តភាពសភាមេគង្គ ជប៉ុន

ចែករំលែក៖

ប្រទេសជប៉ុន៖ បន្ទាប់ពីទទួលជួបជាមួយក្រុមហ៊ុនធំចំនួន៤របស់ជប៉ុន នាព្រឹកថ្ងៃទី៧ សីហាដដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបជាមួយប្រធានសមាគមមិត្តភាពសភាមេគង្គ ជប៉ុន។

នៅក្នុងជំនួបនេះសម្តេចតេជោ នាយករដ្ឋមន្រ្តីបានបង្ហាញភាពសប្បាយរីករាយ ដែលបានជួបជាមួយប្រតិភូសមាគមមិត្តភាពសភាមេគង្គ ជប៉ុន ។ ក្នុងឱកាសនេះដែរ លោកប្រធានសមាគមមិត្តភាពសភាមេគង្គ ជប៉ុនបានមានប្រសាសន៍ថា លោក និងគណៈប្រតិភូពិតជារីករាយណាស់ដែរ សម្តេចតេជោ បានអនុញ្ញាតឲ្យចូលជួបសំដែងការគួរសមជាថ្មីម្តងទៀត និងសូមស្វាគមន៍សម្តេចតេជោនាយករដ្ឋមន្រ្តីដែលបានអញ្ជើញមកបំពេញទស្សនៈកិច្ចនៅប្រទេសជប៉ុន។ លោកប្រធានសមាគមបានរំលឹកថា លោកបានជួបជាមួយសម្តេចតេជោ កាលពី២ឆ្នាំមុន ព្រមទាំងបានរាយការណ៍ជូនសម្តេចតេជោថា នៅខែមករាឆ្នាំ២០១៧ លោក និងសមាជិក៤រូបទៀតបានទៅបំពេញទស្សនកិច្ចនៅកម្ពុជា ហើយក៏បានជួបជាមួយថ្នាក់ដឹកនាំរបស់កម្ពុជា រួមទាំងបានជួបជាមួយលោក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសរបស់សម្តេចផងដែរ។ ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជាពេលនោះ លោកប្រធានក៏បានលើកឡើងនូវសារៈសំខាន់នៃរបៀងសេដ្ឋកិច្ចដែលផ្សារភ្ជាប់ប្រទេសថៃ និងវៀតណាម តាមរយៈស្ពានអ្នកលឿងផងដែរ។

លោកបានមានប្រសាសន៏ថា ជប៉ុនបានគាំទ្រកម្ពុជា ហើយបានជួបជាមួយនិស្សិតកម្ពុជាដែលរៀននៅប្រទេសជប៉ុន ហើយឆ្នាំ២០១៨ខាងមុននេះជប៉ុននឹងត្រៀមបើកការិយាល័យកុងស៊ុលនៅខេត្តសៀមរាប ដើម្បីបង្ករភាពងាយស្រួលដល់វិនិយោគិន និងភ្ញៀវទេសចរណ៍ជប៉ុនទៅទស្សនកិច្ចនៅខេត្តសៀមរាប ប្រទេសកម្ពុជា ព្រមទាំងដើម្បីរឹតចំណងមិត្តភាពកាន់តែជិតស្និត។ ជាមួយគ្នានេះលោកស្នើឲ្យសម្តេចតេជោ នាយករដ្ឋមន្រ្តីជួយលើផ្នែកការងារទំនាក់ទំនងក្នុងក្របខណ្ឌអាស៊ានជប៉ុន គឺភាពជាដៃគូរសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ។

ជាការឆ្លើយតប សម្តេចតេជោ បានមានប្រសាសន៍កោតសរសើរចំពោះជប៉ុនដែលបានបង្កើតសមាគមមេគង្គ ជប៉ុននេះឡើង ហើយទំនាក់ទំនងមិត្តភាពមេគង្គជប៉ុននេះ គឺមិនអាចកាត់ផ្តាច់ពីទំនាក់ទំនងអាស៊ានបានឡើយ ដោយសារប្រទេសដែលមានការអភិវឌ្ឍតិចតួចនៅក្នុងអាស៊ានគឺជាប្រទេសមេគង្គនេះតែម្តង។

ក្នុងឱកាសនេះសម្តេចតេជោបានមានប្រសាសន៍អំពីទំនាក់ទំនងរវាងប្រជាជន និងប្រជាជនកម្ពុជា ជប៉ុនគឺកាន់តែជិតស្និត ជាពិសេសការអភិវឌ្ឍធនធានមនុស្សសំរាប់ប្រទេសទន្លេមេគង្គ ដូច្នេះហើយការបណ្តុះបណ្តាល ការផ្លាស់ប្តូរបទពិសោធន៍ឲ្យគ្នាទៅវិញទៅមកជារឿងសំខាន់។ ស្ថិតក្នុងបរិយាកាសនេះ សម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានអញ្ជើញលោកប្រធានសមាគមសភាមេគង្គជប៉ុនទៅបំពេញទស្សនកិច្ចនៅកម្ពុជាផងដែរនាពេលខាងមុខ៕

រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ


ចែករំលែក៖