ខេត្តស្វាយរៀង៖ កាលពីព្រឹកថ្ងៃអាទិត្យ ម្សិលមិញ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ដឹកនាំដោយ លោក លេង ផាលី ប្រធានក្រុមការងារគ្រូពេទ្យស្មគ្រ័ចិត្ត និងមានការចូលរួមសហការពី លោក ហ៊ូ តាំងអេង រដ្ឋលេខាធិការក្រសួងផែនការ, លោកស្រី ហង្ស លីណា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកវិទ្យាស្ថានស្ថិតិ, លោក ម៉ែន វិបុល អភិបាលនៃគណអភិបាលខេត្តស្វាយរៀង លោកលោកស្រី វេជ្ជបណ្ឌិត និងក្រុមគ្រូពេទ្យស្មគ្រ័ចិត្តចំនួន១៥១នាក់ បានចុះពិនិត្យព្យាបាលជំងឺជូនដល់ពលរដ្ឋរស់នៅឃុំឈើទាល នៃស្រុកស្វាយជ្រុំ ខេត្តស្វាយរៀងដោយឥតគិតថ្លៃ។
លោក លេង ផាលី បានមានប្រសាសន៍ថា ក្នុងការចុះពិនិត្យជំងឺនេះ មានប្រជាពលរដ្ឋប្រមាណជាងពីរពាន់នាក់បានអញ្ជើញមកពីបណ្តាភូមិនានាចំនួន១២ភូមិ មកធ្វើការព្យាបាល , ដែលការព្យាបាលនេះ គឺផ្តោតសំខាន់ទៅលើជំងឺទូទៅ ជំងឺរោគស្ត្រី ជំងឺទឹកនោមផ្អែម ជំងឺកុមារ ជំងឺសួត ក្រពះ ពោះវៀន ត្រចៀក ភ្នែក ច្រមុះ បំពង់ករ និងតំរងនោមជាដើម។
លោកថា ថវិកាទាំងអស់ដែលបានចំណាយក្នុងការចុះពិនិត្យព្យាបាលនេះ គឺទទួលបានការឧបត្ថម្ភផ្ទាល់ពី លោក ហ៊ុន ម៉ានី ហើយចំពោះឪសថទាំងអស់ដែលបានផ្តល់ជូនប្រជាពលរដ្ឋគឺមានគុណភាពនិងប្រសិទ្ធភាពខ្ពស់ដែលបាននាំចូលពីបណ្តាប្រទេសមួយចំនួនដូចជា ប្រទេសបារាំង ម៉ាឡេសី កូរេ និង ថៃ ជាដើម ហើយត្រូវបានឆ្លងកាត់ការត្រួតពិនិត្យពីក្រសួងសុខាភិបាលផងដែរ។
លោកបានបញ្ជាក់ថា ការផ្តល់សេវាស្មគ្រ័ចិត្តនេះគឺធ្វើឡើងបានជំនួន៧៩លើកនៅតាមបណ្តាខេត្តនានានៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងនោះបានព្យាបាលជូនប្រជាពលរដ្ឋគិតចាប់ពីខែធ្នូ ឆ្នាំ២០១២ រហូតមកដល់បច្ចុប្បន្ននេះ មានចំនួន ១២០០២០នាក់ ហើយការពិនិត្យព្យាបាលនេះផងដែរគឺផ្អែកលើស្មារតីមនុស្សធម៌សុទ្ធសាទ្ធ ដែលស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូនប្រជាពលរដ្ឋ ក្នុងនាមជាឈាមខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ មិនប្រកាន់និន្នាការនយោបាយចូលរួមកាត់បន្ថយភាពក្រីក្រ និងផ្តោតសំខាន់ទៅលើបញ្ហារសុខភាពជាមូលដ្ឋានគ្រឹះ ដើម្បីឆ្ពោះទៅរកភាពជោគជ័យ សុភមង្គលជូនគ្រួសារ និងសង្គមជាតិ៕ ហេង សូរិយា