ភ្នំពេញ៖ ក្រោយពីមានការភ្ញាក់ផ្អើលព្រោះតែវត្តមានតារាចម្រៀង ខេមរៈ សិរីមន្ត ច្រៀងនៅផលិតកម្មហង្សមាស ស្រាប់តែពេឡនេះគេទទួលបដំណឹងថាតារាចម្រៀងសាច់ខ្ចីកញ្ញា ឃីន ស្រីនាថ ហៅ អ៊ីវ៉ា ក៏នឹងបង្ហាញវត្តមានក្នុងផលិតកម្មនេះក្នុងពេលដ៏ខ្លីខាងមុខនេះ ។
អ៊ី វ៉ា នឹងបញ្ចប់កិច្ចសន្យាច្រៀងឲ្យផលិតកម្មសាន់ដេនៅចុងឆ្នាំនេះហើយថ្មីៗនេះមានផលិតកម្មធំពីរបានចចារគ្នាទាញយកតារាចម្រៀងស្រីរូបនេះប៉ុន្តែចុងក្រោយនាងសម្រេចចិត្តជ្រើសយកផលិតកម្មហង្សមាស ចោលផលិតកម្មថោន ។ នាងពិតជាពិបាកសម្រេចចិត្តក្នុងការជ្រើសរើសទ្រនំថ្មី ព្រោះតែផលិតកម្មចាស់ជាអ្នកផ្តល់កំណើតហើយផលិតកម្មថ្មីធំពីរសុទ្ធតែផ្តល់អាទិភាពឲ្យនាងខ្ពស់ ។
នៅខែតុលានេះនាងនឹងផុតកិច្ចសន្យាជាមួយផលិតកម្មសាន់ដេដែលធ្លាប់រុញច្រានមុខមាត់នាងឲ្យឡើងខ្ពស់ខ្លាំង ។
មានការលើកឡើងដែរថា អ្វីដែលធ្វើឲ្យអ៊ីវ៉ាជ្រើសរើសយកផលិតកម្មហង្សមាស ព្រោះតែផលិតកម្មនេះ ក៏នឹងផ្តល់ឱកាសសម្រាប់នាងច្រើនដូចតារាចម្រៀងសុខស្រីនាង ដែលបានទាំងបទចម្រៀងល្អ និងឱកាសថតភាពយន្តនោះ ។ ប៉ុន្តែអ្វីដែលនាងប្រឈមគឺនឹងត្រូវប៉ះជើងខ្លាំងជាច្រើនក្រោមដំបូលផលិតកម្មហង្សមាសមានទាំងសុគន្ធនីសាឱកសុគន្ធកញ្ញា និងតារាជើងចាស់ពេជ្រសោភា៕
ក្នុងជំនួបកន្លងមក អ៊ីវ៉ា ទទួលស្គាល់ថាពិតជាមានផលិតកម្មពីរបានទាក់ទងនាងមែនក្រោយទទួលដំណឹងថានាងជិតផុតកិច្ចសន្យាជាមួយផលិតកម្មសាន់ដេ ។ នាងស្នើមិនធ្វើការបកស្រាយជុំវិញការចាកចេញពីផលិតកម្មចាស់ ឬក៏បន្តនោះទេ ។ ប៉ុន្តែបើតាមការបញ្ជាក់របស់ប្រភពពីផលិតករម្នាក់បង្ហើបថា អ៊ឺវ៉ា ជ្រើសរើសយកផលិតកម្មហង្សមាស ហើយពេលនេះនាងក៏មានបទចម្រៀងថ្មីត្រៀមចេញផងដែរគឺនៅពេលដែលផុតកុងត្រាចាស់ភ្លាម នាងនឹងបញ្ចេញបទថ្មីភ្លែតតែម្តង ។
ប្រភពដដែលបញ្ជាក់ថា ដើមឡើយ អ៊ីវ៉ា ពិតជាចង់ជ្រកក្រោមដំបូលផលិតកម្មថោនតាម មិត្តរួមជំនាន់ លោក កែវ វាសនា ប៉ុន្តែនាងហាក់រារែកចិត្តក្រោយបានជួបចចារជាមួយផលិតកម្មហង្សមាសដែលសន្យាផ្តល់បទចម្រៀង និងអាទិភាពច្រើនសម្រាប់នាង៕ វឌ្ឍនា