ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋអាមេរិកហាមទៅកាន់កូរ៉េខាងជើងចាប់ពីថ្ងៃនេះ

ចែករំលែក៖

ច្បាប់ហាមពលរដ្ឋអាមេរិកទៅកាន់កូរ៉េខាងជើង បានចូលជាធរមាននៅថ្ងៃទី១ ខែកញ្ញា (ត្រូវនឹងថ្ងៃទី២​) ក្នុងពេលដែលមានភាពតានតឹងកាន់តែខ្លាំងឡើងនៅឧបទ្វីបកូរ៉េ។

តាមច្បាប់ហាមប្រាមពលរដ្ឋអាមេរិករូបណាបំពាន់លើច្បាប់ខាងលើ នឹងត្រូវដកហូតលិខិតឆ្លងដែន និងផាកពិន័យ ។ ក្រសួងការបរទេសអាមេរិក នឹងផ្តល់លិខិតអនុញ្ញាតឲ្យពលរដ្ឋមួយចំនួនទៅកាន់កូរ៉េខាងជើងក្នុងគោលដៅការបរទេស សុខាភិបាល ឬមនុស្សធម៌តែប៉ុណ្ណោះ ។ ក្រសួងការបរទេសអាមេរិក ក៏បានប្រកាសផងដែរថា បណ្តាលក្រុមហ៊ុនទេសចរណ៍ ក៏បានបញ្ជូនអ្នកទេសចរណ៍អាមេរិកចេញពីកូរ៉េខាងជើងមុនពេលច្បាប់ខាងលើចូលជាធរមាន។

ចាប់ហាមប្រាមខាងលើត្រូវបានអនុវត្តក្រោយពេលនិស្សិត OttoWarmbier អាយុ២២ឆ្នាំ ត្រូវបានចាប់ឃុំខ្លួននៅក្នុង ទីក្រុងព្យុយ៉ាង កាលពីឆ្នាំ២០១៦ ហើយដោះលែង ឲ្យវិលត្រឡប់ទៅកាន់អាមេរិកវិញ នៅខែមិថុនា ឆ្នាំ២០១៦ ក្នុងស្ថានភាពសន្លប់ ហើយក៏ស្លាប់ ក្រោយពេល១សប្តាហ៍នៅក្នុងមន្ទីរពេទ្យ ។ មកទល់ពេលនេះមូលហេតុបណ្តាលឲ្យ ស្លាប់មិនទាន់ប្រកាសជាសាធារណៈនៅឡើយ។

ក្រុមហ៊ុនទេសចរណ៍ អាមេរិកបានប៉ាន់ប្រមាណថា មានអ្នកទេសចរណ៍ ១០០០នាក់ទៅកាន់កូរ៉េខាងជើង ក្នុងមួយឆ្នាំៗ គឺតិចជាង ក្រុមអ្នកទេសចរណ៍ប្រទេសអឺរ៉ុបដល់ទៅ៥ដង។ ការហាមប្រាមរបស់អាមេរិកបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ អ្នកទេសចរណ៍ទៅកាន់កូរ៉េខាងជើង ក្នុងពេលដែលទីក្រុងព្យុងយ៉ាង បានពង្រីក ទីផ្សារទេសចរណ៍ ទាក់ទាញ់ភ្ញៀវទេសចរណ៍មកពីប្រទេសជិតខាង ដូចជារុស្ស៊ី និងចិន។

កូរ៉េខាងជើង ក៏បានប្រតិកម្មទៅកាន់អាមេរិកវិញថា ទីក្រុងព្យុងយ៉ាង មិនមាន បំណងរារាំងពលរដ្ឋអាមេរិក ទស្សនកិច្ចទៅកាន់កូរ៉េខាងជើងនោះឡើយ។ ការហាមប្រាមខាងលើបានបង្ហាញយ៉ាងច្បាស់ថា ជាគោលនយោបាយចងគំនុំរបស់អាមេរិកមកលើកូរ៉េខាងជើង។ ក្រសួងការបរទេសកូរ៉េខាងជើងបានប្រកាសថា ទ្វារនៅតែបើកសម្រាប់ពលរដ្ឋ អាមេរិកដេលចង់ទស្សនកិច្ចនៅកូរ៉េខាងជើង។

នៅក្នុងព្រិត្តិការណ៍មួយផ្សេងទៀតសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង បានរួមគ្នាបង្ហាញសាច់ដុំយោធា ដោយការធ្វើសមយុទ្ធជាមួយនឹងយន្តហោះទម្លាក់យុទ្ធសាស្ត្រលឿនជាងសម្លេង សមត្ថភាពនុយក្លេអ៊ែរ ក្រោយពីការបាញ់ធ្វើតេស្តមីស៊ីលផ្លោងដ៏ថ្មីបំផុតរបស់ទីក្រុងព្យុងយ៉ាង។

យោងតាមប្រភពព័ត៌មានពីកាសែតអាមេរិក UPI ចេញផ្សាយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ បានឲ្យដឹងថា កាលពីថ្ងៃពុធមន្ទីរបញ្ចកោណបានបញ្ជូនយន្តហោះទម្លាក់គ្រាប់បំបាំងកាយ B-1B Lancers របស់ទ័ពអាកាសអាមេរិកចំនួនពីរគ្រឿងឲ្យហោះហើរពីមូលដ្ឋានទ័ព Andersen នៅលើកោះហ្គាមនិងយន្តហោះចម្បាំងបំបាំងកាយ F-35B Lightning II របស់កងទ័ពម៉ារីនអាមេរិក ចំនួន៤គ្រឿង ដែលទីបញ្ជាការប៉ាស៊ីហ្វិកអាមេរិកពិពណ៌នាថា ជាយន្តហោះចម្បាំងដ៏ថ្មីបំផុតនិងទំនើបបំផុត។

ទីបញ្ជាការប៉ាស៊ីហ្វិកសហរដ្ឋអាមេរិកបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា បេសកកម្មនេះគឺធ្វើឡើងជាការឆ្លើយតបដោយត្រង់ ចំពោះការបាញ់តេស្តមីស៊ីលផ្លោងរយៈមធ្យមរបស់កូរ៉េខាងជើង ដែលហោះរំលងភាពខាងជើងប្រទេសជប៉ុន កាលពីថ្ងៃ២៨ ខែសីហា ស្របពេលកំពុងមានភាពតានតឹងកើនឡើងជុំវិញ កម្មវិធីអភិវឌ្ឍនុយក្លេអ៊ែនិងមីស៊ីលផ្លោងរបស់ទីក្រុងព្យុងយ៉ាង៕ ម៉ែវ សាធី


ចែករំលែក៖