ព័ត៌មានទាន់ហេតុការណ៍៖

ចិននឹងបង្កើនកិច្ចព្រមព្រៀងពាណិជ្ជកម្មជាច្រើនដើម្បីជំនួសតំណែងអាមេរិក

ចែករំលែក៖

កិច្ចប្រជុំកំពូលរបស់មេដឹកនាំប្រទេស កំពុងអភិវឌ្ឍន៍ មានសេដ្ឋកិច្ចលេចធ្លោ BRICS រួមមានចិន ឥណ្ឌា រុស្ស៊ី ប្រេស៊ីល និងអាហ្វ្រិកខាងត្បូង។ នៅក្នុងកិច្ចប្រជុំ នោះ ចិនចាត់ទុកថានេះជាឱកាសដ៏ល្អ បំផុត ដើម្បីទីក្រុងប៉េកាំងបង្ហាញពីឥទ្ធិពលរបស់ខ្លួននៅលើពិភពលោក ខណៈដែល រដ្ឋាភិបាលអាមេរិកដឹកនាំដោយលោក ត្រាំ ផ្តោតសំខាន់លើលើសេដ្ឋកិច្ចក្នុងស្រុក (អាមេរិកជាដំបូង)។

មានប្រសាសន៍នៅក្នុងកិច្ចប្រជុំកំពូលនោះប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានបញ្ជាក់ថា បណ្តាប្រទេសគួរតែជំរុញសេដ្ឋកិច្ចពិភពលោកបើកទូលាយជំរុញសេរីភាពពាណិជ្ជកម្ម និងផ្តល់ឱកាស ងាយស្រួលរួមគ្នាបង្កើនតម្លៃនៃពាណិជ្ជ កម្មនៅលើពិភពលោក។

ក្រៅពីមេដឹកនាំ ដែលជាសមាជិក BRICS នៅមានភ្ញៀវអញ្ជើញជាច្រើនទៀត ចូលរួមគឺជាប្រទេសកំពុងអភិវឌ្ឍន៍មានសេដ្ឋកិច្ចរីកចម្រើនខ្ពស់។ អ្នកឯកទេស វិភាគលោក Alexei Antonov បានបញ្ជាក់ ថា BRICS អាចនឹងបង្កើនសម្ពន្ធមិត្ត ពាណិជ្ជកម្មរបស់ខ្លួនឲ្យមានភាពស្មើគ្នាជាមួយ អឺរ៉ុប និងអាមេរិក។ ទន្ទឹមនឹងនោះ ប្រទេសជាសមាជិក BRICS ខិតខំពង្រីក វិស័យពាណិជ្ជកម្មនៅក្នុងក្រុមរបស់ខ្លួនឲ្យកាន់តែប្រសើរថែមទៀត។

ជាមួយគ្នានេះ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បាននិយាយកាលពីថ្ងៃចន្ទ កន្លងទៅថា ប្រទេសចិននឹងផ្តល់ប្រាក់ ចំនួន៥០០លានយ័ន ដែលស្មើនឹង ៧៦,៤ លានដុល្លារ សម្រាប់គម្រោងសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកវិទ្យា BRICS។ នេះបើយោងតាមការចុះផ្សាយរបស់ កាសែតរ៉យទើរ កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧។

តាមសេចក្តីរាយការណ៍ប្រធានាធិបតីចិនបានប្រាប់អង្គប្រជុំនៅក្នុងកិច្ចប្រជុំ កំពូលនៃមេដឹកនាំ BRICS ដែលបាន ប្រារព្ធធ្វើឡើងនៅក្នុងទីក្រុងចិនភាគ អាគ្នេយ៍ Xiamen ប្រទេសចិនក៏នឹងផ្តល់ ប្រាក់៤លានដុល្លារ សម្រាប់គម្រោងនៅ ធនាគារអភិវឌ្ឍន៍ថ្មី នៃប្រទេសសមាជិក BRICS៕ ម៉ែវ សាធី


ចែករំលែក៖