ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកលក់អាវុធជាច្រើនមានតម្លៃរាប់សិបពាន់លានដុល្លារដល់កូរ៉េខាងត្បូង

ចែករំលែក៖

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសថានឹងអនុម័តលក់អាវុធមានតម្លៃរាប់ពាន់លានដុល្លារឲ្យទៅសម្ពន្ធមិត្តកូរ៉េខាងត្បូង ដើម្បីទប់ទល់នឹងការគំរាម កំហែងដោយបរមាណូពីកូរ៉េខាងជើង។

នៅក្នុងជំនួបតាមទូរស័ព្ទរវាងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នឹងសមភាគី កូរ៉េខាងត្បូង លោក Moon Jae in កាល ពីថ្ងៃទី៤ ខែកញ្ញា ប្រធានាធិបតីអាមេរិក បានបង្ហាញពីឆន្ទៈក្នុងការជួយពង្រឹងសមត្ថ ភាពការពារដល់កូរ៉េខាងត្បូង តាមរយៈការ លក់អាវុធមានតម្លៃរាប់ពាន់លានដុល្លារ។

តាមតួលេខរបស់មជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រ សន្តិភាពទីក្រុងស្តុកខម SIPRI បានបញ្ជាក់ថា អាមេរិកបានលក់ អាវុធមានតម្លៃជាង៥ពាន់លានដុល្លារឲ្យទៅកូរ៉េខាងត្បូង ក្នុងដំណាក់កាលពីឆ្នាំ ២០១០ ដល់ឆ្នាំ២០១៧។ កូរ៉េខាងត្បូង គឺជាប្រទេសទិញអាវុធច្រើនលំដាប់ទី៤ពី អាមេរិក បន្ទាប់ពីសាវឌីអារ៉ាប៊ី អូស្ត្រាលី និងអារ៉ាប់រួម។

មេដឹកនាំទាំង២បាន លើកឡើងពីការគំរាមកំហែងរបស់កូរ៉េខាងជើងដល់ ប្រទេសនៅក្នុងតំបន់ទាំងមូល និងនៅ ជុំវិញពិភពលោក។ មេដឹកនាំទាំង២ បាន ព្រមព្រៀងគ្នាថា នឹងប្រើប្រាស់គ្រប់វិធី សាស្ត្រដែលអាចធ្វើទៅបានដើម្បីរារាំង សកម្មភាពរបស់កូរ៉េខាងជើង។

អាមេរិកក៏បានជំរុញឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អនុម័តដាក់ ទណ្ឌកម្មបន្ថែមទៅលើកូរ៉េខាងជើង ក្រោយ ពេលប្រទេសនេះបានសាកល្បងគ្រាប់ បែកបរមាណូជាលើកទី៦ ដោយជោគ ជ័យ។ ជាមួយគ្នានេះភាគីរុស្ស៊ី និងចិនបាន អំពាវនាវឲ្យមានការចរចាដើម្បីដោះស្រាយ វិវាទ។ ការដាក់ទណ្ឌកម្មមិនអាចបញ្ចប់ សកម្មភាពរបស់កូរ៉េខាងជើងនោះឡើយ។

វិមានក្រឹមឡាំង របស់រុស្ស៊ីបាន ប្រកាស ថា ប្រធានាធិបតី ពូទីន ក៏បានជួបពិភាក្សាតាមទូរស័ព្ទជាមួយប្រធានាធិបតីកូរ៉េខាងត្បូង ដោយនៅក្នុងការសន្ទនានោះលោក ពូទីន បានថ្កោលទោសយ៉ាងខ្លាំងដល់ សកម្មភាពសាកល្បងគ្រាប់បែកបរមាណូជាលើកទី៦របស់កូរ៉េខាងជើង។ លោក ពូទីន បញ្ជាក់ថា វិបត្តិនៅកូរ៉េខាងជើង គឺដោះស្រាយតាមរយៈកិច្ចការបរទេសទើបមានប្រសិទ្ធភាព។

មន្ត្រីនាំពាក្យវិមានក្រឹមឡាំង បាន និយាយថា រុស្ស៊ី បានត្រៀមខ្លួនជាស្រេច ដើម្បីចូលរួមពិភាក្សា ស្វែងរកដំណោះ ស្រាយលើបញ្ហាកូរ៉េខាងជើង ប៉ុន្តែនៅមិនទាន់បានឃើញឥទ្ធិពលវិជ្ជមានណាមួយពីទណ្ឌកម្មប្រឆាំងទីក្រុងព្យុងយ៉ាងឡើយ។

លោក Dmitry Peskov ជាមន្ត្រីនាំពាក្យ វិមានក្រឹមឡាំង បានមានប្រសាសន៍ថា ទណ្ឌកម្មដែលដាក់រួចហើយ មិនឃើញ ចេញផលវិជ្ជមានណាមួយទាល់តែសោះ ប៉ុន្តែផ្ទុយទៅវិញ ស្ថានភាពបានបន្សល់ទុករឿងរ៉ាវកាន់តែលំបាកឡើង។

គួរបញ្ជាក់ផងដែរថា ក្រុមប្រឹក្សាសន្តិ សុខអង្គការសហប្រជាជាតិកាលពីដើម ខែកក្កដា បានឯកភាពគ្នា ដាក់ទណ្ឌកម្មលើ កូរ៉េខាងជើង ជុំវិញការធ្វើតេស្តមីស៊ីលផ្លោង ឆ្លងទ្វីបចំនួន២ ហើយទណ្ឌកម្មនោះ ត្រូវ គេនិយាយថា មានសក្ដានុពលក្នុងការកាត់បន្ថយ១ភាគ៣ នៃប្រាក់ចំណូលលើការនាំចេញប្រចាំឆ្នាំ ចំនួន៣ពាន់លានដុល្លារ របស់កូរ៉េខាងជើង ប៉ុន្តែរុស្ស៊ីបានសួររក ប្រសិទ្ធភាពនៃទណ្ឌកម្មទាំងនោះ៕ ម៉ែវ សាធី


ចែករំលែក៖