ភ្នំពេញ៖ ប្រមុខរដ្ឋស្តីទីក្នុងនាមព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យបញ្ចប់ តំណែងលោក អះម៉ាត់ យ៉ះយ៉ា ពីរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទាទាក់ទងនឹងការបញ្ជូនស្រ្តីខ្មែរអ៊ិស្លាមម្នាក់ទៅប្រទេសគុយវ៉ែតដោយមិនទទួលខុសត្រូវ និងពាក់ព័ន្ធនឹងការសង់វិហារខ្មែរអ៊ិស្លាមនៅបឹងកក់ ។
តាមព្រះរាជក្រឹត្យចុះថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧ ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់ ប្រមុខរដ្ឋស្តីទីសម្តេចវិបុលសេនាភក្តី សាយ ឈុំ ត្រង់មាត្រាមួយ បានត្រាស់បង្គាប់ដូច្នេះថា «បញ្ចប់មុខតំណែងឯកឧត្តម អះម៉ាត់ យ៉ះយ៉ា ពីរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា»។
សូមរំលឹកថា លោក អះម៉ាត់ យ៉ះយ៉ា អតីតសមាជិកគណបក្ស សម រង្ស៊ី បន្ទាប់មកក៏បានចុះចូលជាមួយគណបក្សប្រជា ជនកម្ពុជា។ ក្នុងតំណែងជាសមាជិកគណបក្សប្រជាជនកម្ពុជានេះនាពេលកន្លងមកលោកបានធ្វើសកម្មភាពប្រឆាំងទៅនឹងការអភិវឌ្ឍវិហារខ្មែរអ៊ិស្លាមនៅបឹងកក់ ហើយ ឈានទៅដល់ការប៉ះទង្គិចជាមួយលោក អូស្មាន ហាស្សាន់ រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ចាប់តាំងពីពេលនោះមកបានធ្វើឲ្យ លោក អះម៉ាត់ យ៉ះយ៉ា ក្លាយជាគូប្រឈម ជាមួយឧកញ៉ា អូស្មាន ហាស្សាន់ ទៅលើផលប្រយោជន៍នៃការអភិវឌ្ឍវិហារខ្មែរ អ៊ិស្លាមក្នុងទឹកដីបឹងកក់ ។
ក្រៅពីបញ្ហាគូប្រឈមជាមួយឧកញ៉ា អូស្មាន ហាស្សាន់ លោក អះម៉ាត់ យ៉ះយ៉ា ក៏ត្រូវបានគេរកឃើញថា មានពាក់ព័ន្ធនឹង ការបញ្ជូនស្រ្តីម្នាក់ទៅកាន់ប្រទេសគុយវ៉ែត ដោយមិនទទួលខុសត្រូវដែលធ្វើឲ្យស្ត្រីរូបនោះរស់នៅតែលតោលគ្មានគោលដៅ អស់រយៈពេល១២ឆ្នាំ ។
ជាកូនខ្មែរអ៊ិស្លាមពលការិនីម្នាក់ឈ្មោះ ម៉ាត់ សាណាស់ ដែលបានចេញទៅប្រទេស គុយវ៉ែតបន្ទាប់មកក៏បានបាត់ដំណឹងរយៈពេល១២ឆ្នាំ ហើយបានវិលត្រឡប់មកកម្ពុជា វិញកាលពីយប់ថ្ងៃទី២១ ខែសីហា ឆ្នាំ ២០១៧ ក្រោមកិច្ចអន្តរាគមន៍ពីរដ្ឋមន្រ្តី ប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខា ធិការក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈលោក អូស្មាន ហាស្សាន់ ដោយ បានបង្ហោះលិខិតបើកផ្លូវឲ្យពលការិនីរូបនេះបានត្រឡប់មកកម្ពុជាវិញជំនួសលិខិតឆ្លងដែន ។
ពលការិនី ម៉ាត់ សាណាស់ (រ៉ទស់) ជាអ្នករស់នៅក្នុងភូមិត្រពាំងឈូក ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានចេញទៅធ្វើការនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីតកាលពី១២ឆ្នាំមុនតាមរយៈក្រុមហ៊ុនមួយ ហើយបានបាត់ដំណឹងរហូតមកដល់ថ្ងៃទី១៧ ខែ សីហា ឆ្នាំ២០១៧ ទើបយើងទទួលបាន ដំណឹងសុំជំនួយរបស់ពលការិនីរូបនេះត្រូវ បានបង្ហោះនៅលើហ្វេសប៊ុកបង្កការភ្ញាក់ផ្អើល និងអាណិតអាសូរបំផុត ៕ ហេង សូរិយា