ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ កូនគ្រែងឈាមកំពុងដឹកជញ្ជូនតាមខេត្តកំពតទៅលក់នៅវៀតណាម

ចែករំលែក៖

ប្រជាពលរដ្ឋខេត្តកំពតបានបញ្ជាក់ថា ឈ្មួញនៅតែអាចដឹកជញ្ជូនកូនគ្រែងឈាមយកទៅលក់នៅប្រទេសវៀតណាមដដែល ហើយបញ្ហានេះសមត្ថកិច្ចនៅតាមព្រំដែនជាអ្នកឃុបឃិតជាមួយឈ្មួញដើម្បីដឹកជញ្ជូនផលិតផលដែលច្បាប់ហាមឃាត់យកទៅលក់នៅប្រទេសវៀតណាមតាមអំពើចិត្ត។ កូនគ្រែងឈាមទាំងនោះត្រូវបានឈ្មួញនាំមកពីប្រទេសម៉ាឡេស៊ី និងប្រទេសថៃរួចនាំចូលមកតាមខេត្តកោះកុងទើបដឹកបន្តមកកាន់ខេត្តកំពតសម្រាប់ចែកចាយលក់ទៅឲ្យប្រទេសជិតខាង។ ក្រុមកម្មករបើករថយន្តឲ្យឈ្មួញបានបង្ហើបថា ការដឹកជញ្ជូនកូនគ្រែងឈាមនេះ បើតាមគេដឹងពុំមានឯកសារធ្វើអាជីវកម្មត្រឹមត្រូវនោះទេ ម្យ៉ាងទៀតអ្នករកស៊ីមុខរបរនេះក៏មានខ្នងបង្អែកក្រាស់ ឃ្មឹកណាស់ដែរ ។

សមត្ថកិច្ចខេត្តកំពតដែលទំនងមិនបានទទួលផលប្រយោជន៍ពីបទល្មើសខាងលើបានបញ្ជាក់ថា កូនគ្រែងឈាមនៅតែបន្តដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម តាមព្រំដែនខេត្តកំពត គឺមួយចំនួនធំមានប្រភពពីខេត្តព្រះសីហនុ។ ប្រភពដដែលបាន បញ្ជាក់ទៀតថា កូនគ្រែងឈាមតាមច្បាប់កម្ពុជាមិនអនុញ្ញាតឲ្យដឹកយកទៅលក់នៅក្រៅប្រទេសនោះទេ តែបទល្មើសនេះកើតឡើងបានដោយសារតែសមត្ថកិច្ចខិលខូចឃុបឃិតជាមួយឈ្មួញដើម្បីបានថ្នូរទឹកប្រាក់ ។

លោក ចាន់ រិទ្ធិ ប្រធានមន្ទីរកសិកម្មខេត្តកំពតត្រូវបានប្រជាពលរដ្ឋខេត្តកំពតរិះ គន់ថា ជាអ្នកបណ្តែតបណ្តោយឲ្យមានបទល្មើសខាងលើនេះ ដូច្នេះបើលោកនិងមន្ត្រីជំនាញពាក់ព័ន្ធផ្សេងទៀតចង់បង្ហាញពីភាពស្អាតស្អំរបស់ខ្លួនគប្បីសហការគ្នាទប់ស្កាត់ បទល្មើសឲ្យមានប្រសិទ្ធភាពតាមការចង់បានរបស់ប្រជាពលរដ្ឋ។ ប្រភពដដែលបាន បញ្ជាក់ថា គ្មានបទល្មើសណាដែលថាមិនជាប់ពាក់ព័ន្ធនឹងសមត្ថកិច្ចអាចកើតឡើង

ដដែលៗនោះទេ។ បើសមត្ថកិច្ចស្អាតស្អំបទល្មើសទាំងឡាយនឹងកាត់បន្ថយទៅតាមនោះផងដែរ ៕

 


ចែករំលែក៖