ភ្នំពេញ៖ ជុំវិញសំណុំរឿងក្បត់ជាតិរបស់លោក កឹម សុខា ដែលត្រូវបានកម្លាំង សមត្ថកិច្ចចាប់ខ្លួនភ្លាមៗបញ្ជូនទៅកាន់ពន្ធនាគារត្រពាំងប្លុង កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧ បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកមួយឈ្មោះ សីហា បានទម្លាយថា នៅក្នុងសំណុំរឿងរបស់លោក កឹម សុខា មានប្រទាក់ក្រឡាជាមួយមន្រ្តីជាន់ខ្ពស់របស់គណបក្សប្រឆាំងផ្សេងទៀត ស្ថិតនៅក្នុងបញ្ជីខ្មៅរបស់តុលាការ ។
ហ្វេសប៊ុកឈ្មោះ សីហា បានទម្លាយដោយរៀបរាប់យ៉ាងដូច្នេះថា ភ្លាមៗក្រោយពេលអាជ្ញាធររាជធានីភ្នំពេញចាប់ខ្លួន លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះ ជាតិដែលបាននិយាយជាសាធារណៈនៅអូស្ត្រាលីពីផែនការយុទ្ធសាស្ត្រជាសម្ងាត់គាំទ្រពេញទំហឹងដោយសហរដ្ឋអាមេរិកតាំងពីឆ្នាំ១៩៩៣មកដល់បច្ចុប្បន្នដើម្បី ទម្លាក់រាជរដ្ឋាភិបាលនាយករដ្ឋមន្រ្តី ហ៊ុន សែន អ្នកច្បាប់មួយរូបដែលស្និទ្ធជាមួយលោកអនុប្រធានបក្ស អេង ឆៃអ៊ាង បាន ខ្សឹបប្រាប់មិត្តភក្តិជិតស្និទ្ធបំផុតរបស់ខ្លួនថា ក្នុងសំណុំរឿងដ៏ធំ និងវែងអន្លាយរបស់ លោក កឹម សុខា មួយនេះគឺអាចនឹងមាន មនុស្សជំនិតបំផុតដែលលោក កឹម សុខា ទុកចិត្តនៅក្នុងការរៀបចំ និងអនុវត្តគម្រោង ការប្រទាក់ក្រឡាជាប្រព័ន្ធនេះដែលមានឈ្មោះស្ថិតនៅក្នុងបញ្ជីខ្មៅតុលាការដែលត្រូវនាំខ្លួនមកសួរនាំហើយជៀសមិនផុត ទេ ។
តាមខ្ញុំដឹងអ្នកដែលជាប់ផ្ទាល់និងយូរយារជាមួយលោក កឹម សុខា ច្រើនជាងគេ បំផុត ហើយដឹងរឿងរាក់ជ្រៅ ជាពិសេស រឿងសម្ងាត់ៗមានលោក ប៉ុល ហំម, លោក យ៉ែម បុញ្ញាឫទ្ធិ, លោក អ៊ូ ចាន់ឫទ្ធិ ។ល។ បើតាមខ្ញុំយល់បើផ្អែកលើប្រវត្តិទំនាក់ទំនង ការងារនយោបាយ លោក សុន ឆ័យ ក៏អាច ជំពាក់ក្នុងរឿងនេះដែរព្រោះទាំងលោក កឹម សុខា និងលោក សុន ឆ័យ ធ្លាប់បាននៅជាមួយគ្នាក្នុងគណបក្សលោកតា សឺន សាន ។
ម្យ៉ាងវិញទៀតបើតាមការផ្សព្វផ្សាយលើប្រព័ន្ធអនឡាញ ហើយបើតុលាការគេបើកមុំធំក្នុងការស្រាវជ្រាវស៊ើបអង្កេតនោះ អ្នកដែលអាចស្ថិតក្នុងបញ្ជីខ្មៅដែលត្រូវជាប់ជំពាក់ក្នុងសំណុំរឿងដ៏ធំមួយនេះគឺកូនស្រី ទាំង២របស់លោក កឹម សុខា គឺកឹម មនោ វិទ្យា និងកឹម សាមាធីតា ព្រោះ២នាក់នេះក៏ មានជំពាក់វាក់វិនជាមួយភ្នាក់ងារ CIA របស់អាមេរិកដែរ ។
យោងតាមប្រភពពីមន្ត្រីអ្នកច្បាប់មួយ រូបក្នុងសាលាដំបូងរាជធានីភ្នំពេញដែលសុំឱ្យលាក់ឈ្មោះបានបញ្ជាក់ថា ក្នុងសំណុំ រឿងព្រហ្មទណ្ឌមួយនេះដោយផ្អែកលើក្រម នីតិវិធីព្រហ្មទណ្ឌជនសង្ស័យទាំងអស់ដែលមានការពាក់ព័ន្ធដូចសម្លកំពឹសអ៊ីចឹង ៕ ហេង សូរិយា