ខេត្តបន្ទាយមានជ័យ៖ មនុស្សប្រុស ស្រីចំនួន៩នាក់ដែលកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យឃាត់ខ្លួនដើម្បីសាកសួរសង្ស័យពាក់ព័ន្ធការផ្ទុះផាវគ្រាប់បែកដឹកតាមរថយន្តបណ្តាលឱ្យមនុស្ស៣នាក់ស្លាប់ត្រូវបានដោះលែងឱ្យត្រឡប់ទៅ ផ្ទះវិញព្រោះពួកគេគ្មានការពាក់ព័ន្ធឡើយ។
លោក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យទទួល បន្ទុកយុត្តិធម៌បានឲ្យដឹងថា មនុស្សប្រុស ស្រីទាំង៩នាក់ដែលត្រូវឃាត់ខ្លួនយកមកសាកសួរខាងលើរួមមាន ទី១-ឈ្មោះ សាំង សោភ័ណ ភេទស្រី អាយុ៣១ឆ្នាំ, ទី២-ឈ្មោះ ថាន់ បញ្ញា ភេទប្រុស អាយុ៣២ឆ្នាំ, ទី៣-ឈ្មោះ យ៉ាត សុគន្ធ ហៅតារីវ៉ា ភេទ ប្រុស អាយុ៤៩ឆ្នាំ, ទី៤-ឈ្មោះ ហ៊ា មុយ ភេទស្រី អាយុ៦០ឆ្នាំ, ទី៥-ឈ្មោះ អ៊ុក ភុំ ភេទប្រុស អាយុ៤៥ឆ្នាំ, ទី៦-ឈ្មោះ រិន នាត ភេទប្រុស អាយុ៣២ឆ្នាំ, ទី៧-ឈ្មោះ គីង ច្រិប ភេទប្រុស អាយុ៤៨ឆ្នាំ, ទី៨-ឈ្មោះ ប៊ូ ធីតា ភេទស្រី អាយុ២៨ឆ្នាំ និង ទី៩-ឈ្មោះ អៀរ ម៉ុយយូ ហៅលាងយូ ភេទ ស្រី អាយុ៦៥ឆ្នាំ។ អ្នកទាំង៩នាក់ មានទីលំ នៅក្នុងខេត្តបន្ទាយមានជ័យ ខេត្តតាកែវ ខេត្តកណ្តាល និងរាជធានីភ្នំពេញ ។
លោកបានបន្តទៀតថា ក្រោយឃាត់ខ្លួនសាកសួរឃើញថា មនុស្សប្រុសស្រីទាំង៩ នាក់ខាងលើមិនមានជាប់ពាក់ព័ន្ធនឹងករណីផ្ទុះផាវលើរថយន្តនោះទេ គ្រាន់តែជាប់ពាក់ព័ន្ធនឹងការរកស៊ីទិញលក់ផាវដោយមិនដឹងថាជាការរកស៊ីខុសច្បាប់នោះឡើយ។ បន្ទាប់ ពីរកឃើញថា មិនមានជាប់ពាក់ព័ន្ធនឹងការបំផ្ទុះរថយន្តអ្នកទាំង៩នាក់ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញកាលពីរសៀលថ្ងៃទី៤ ខែ កញ្ញា ឆ្នាំ២០១៧ ។
ករណីផ្ទុះឆេះរថយន្តម៉ាកនីសាន់១ គ្រឿងនៅខេត្តបន្ទាយមានជ័យគ្មានមូលហេតុបណ្តាលឱ្យមនុស្សស្លាប់និងរងរបួស៥នាក់សមត្ថកិច្ចបានស្រាវជ្រាវស៊ើបអង្កេត អស់រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១ ខែកញ្ញា ក្រោយកើតហេតុរហូតដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧ ដោយរកឃើញមូលហេតុ ដែលបណ្តាលឲ្យផ្ទុះគ្រាប់បែកផាវ៨កេសទម្ងន់១៦០គីឡូក្រាមគឺដោយសារការរៀបចំទុកដាក់ក្នុងរថយន្តខុសបច្ចេកទេស។ នេះបើយោងតាមការបង្ហាញឱ្យដឹងពីលោកវរសេនីយ៍ឯក ម៉ែន ភារម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានប្រាប់អ្នកយកព័ត៌មានគរវត្តឱ្យដឹង កាលពីព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧។
ការបញ្ជាក់អះអាងបែបនេះក្នុងសំណុំរឿងករណីផ្ទុះឆេះរថយន្តនៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិព្រែកល្ពៅ ឃុំឫស្សី ក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០៧ ត្រូវគេ មើលឃើញថា ក្រោយពីកម្លាំងអាវុធហត្ថ ខេត្តបន្ទាយមានជ័យមានការសហការជាមួយនឹងកម្លាំងកងរាជអាវុធហត្ថប្រឆាំង ភេវរកម្មលើផ្ទៃប្រទេស និងមានការចូលរួមផ្ទាល់ពីស្ថាប័នអយ្យការនៃសាលាដំបូងខេត្ត បន្ទាយមានជ័យរួមនឹងសមត្ថកិច្ចពាក់ព័ន្ធមួយចំនួនដែលបានស្រាវជ្រាវសើុបអង្កេតឈានដល់ការឃាត់ខ្លួនមនុស្សប្រុសស្រី៩នាក់ដើម្បីយកមកសាកសួរ ។
ក្នុងចំណោមអ្នក៩នាក់នោះរួមមាន ម្ចាស់ទំនិញផាវគ្រាប់បែក២នាក់ប្តីប្រពន្ធ រស់នៅក្នុងក្រុងសិរីសោភ័ណ, អ្នកកុម្មង់ ទិញផាវគ្រាប់បែកនៅរាជធានីភ្នំពេញ ខេត្ត កណ្តាល និងនៅខេត្តតាកែវ៣នាក់ រួមទាំង កម្មករស៊ីឈ្នួលដឹកជញ្ជូន៤នាក់។ ទន្ទឹមនោះសមត្ថកិច្ចក៏បានឆែកឆេរត្រួតពិនិត្យ រកឃើញនិងដកហូតបានផាវគ្រាប់បែក៤០ កញ្ចប់ស្មើនឹង៣.៩៨៦គ្រាប់ដោយផាវគ្រាប់ បែកទាំងនោះផលិតនៅប្រទេសថៃ ។
សូមរំលឹកថា ក្នុងហេតុការណ៍ផ្ទុះឆេះ រថយន្តគួរឱ្យរន្ធត់នោះមិនត្រឹមតែបណ្តាលឱ្យមនុស្ស៣នាក់ស្លាប់និងរងរបួសធ្ងន់២ នាក់ប៉ុណ្ណោះនោះទេតែហេតុការណ៍នោះក៏បណ្តាលឱ្យផ្ទះប្រជាពលរដ្ឋចំនួន ១៥ខ្នងនៅក្បែរកន្លែងកើតហេតុរងការខូចខាត និងម៉ូតូដឹកផ្ទុកលើរថយន្ត៣គ្រឿងក៏ឆេះ អស់ផងដែរ ។
ហេតុការណ៍រថយន្តផ្ទុះឆេះនៅចំណុចខាងលើដែលបានកើតឡើងកាលពីថ្ងៃ១ ខែកញ្ញា ឆ្នាំ២០១៧ មានមតិសាធារណៈ មួយចំនួនបានយល់ឃើញនិងវាយតម្លៃ គ្មានមូលដ្ឋានច្បាស់លាស់ថាហេតុការណ៍នោះគេសង្ស័យជាអំពើភេរវកម្មឬជារឿង បំផ្ទុះគ្រាប់បែក និងការផ្ទុះរំសេវTNTជា ដើមនោះ ។
លោកវរសេនីយ៍ឯក ម៉ែន ភារម្យ មេ បញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានឲ្យដឹងថា បើតាមចម្លើយសារភាពពីម្ចាស់ទំនិញផាវគ្រាប់បែកឈ្មោះ សាំង សោភ័ណ បានប្រាប់ថា ផាវគ្រាប់បែក នោះគាត់កុម្មង់ទិញពីអាជីវករម្នាក់ជាជនជាតិថៃនៅផ្សាររុងក្លឿរហើយការប្រកបមុខ របរជួញដូរផាវគ្រាប់បែកនោះមានចំនួន សរុប៨លើកទាំងចុងក្រោយនេះគឺនាំយកទៅលក់នៅរាជធានីភ្នំពេញ។ នៅថ្ងៃកើតហេតុផ្ទុះឆេះរថយន្តម៉ាកនីសាន់១បាំងកន្លះនោះគឺគេផ្ញើផាវគ្រាប់បែកដឹកតាមរថយន្តនោះចំនួន៨កេសក្នុង១កេសស្មើនឹង២០ គីឡូក្រាម។ ការប្រកបមុខរបរធ្វើជំនួញ ផាវគ្រាប់បែកគឺគាត់មិនដឹងថាខុសច្បាប់នោះទេ ។
លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានបញ្ជាក់ទៀតថា ក្រោយពីមានការស៊ើបអង្កេតសាកសួរជនជាប់ពាក់ព័ន្ធទាំង៩នាក់ខាងលើ គឺហេតុការណ៍ផ្ទុះឆេះរថយន្តនៅខេត្តបន្ទាយមានជ័យមិនជាប់ពាក់ព័ន្ធនឹងអំពើភេរវកម្មអំពើផ្ទុះគ្រាប់បែកឬការបំផ្ទុះរំសេវTNTនោះឡើយ។ ដោយយោងតាមទិដ្ឋភាពច្បាប់ ជនជាប់ពាក់ព័ន្ធ២នាក់ដែលជាម្ចាស់ទំនិញនិងអ្នកទទួលទិញជាប់ចោទពីបទល្មើសស្តីពីការគ្រប់គ្រងអាវុធជាតិផ្ទុះ និងគ្រាប់ រំសេវ ប៉ុន្តែយោងតាមការយល់ដឹងរបស់ ប្រជាពលរដ្ឋខ្មែរយើងនៅមានកម្រិតជុំវិញ បញ្ហានោះតំណាងអយ្យការសាលាដំបូងខេត្តក៏បានឱ្យធ្វើការអប់រំនិងឱ្យពួកគាត់ធ្វើកិច្ចសន្យាបញ្ឈប់ការធ្វើពាណិជ្ជកម្មផាវគ្រាប់បែកនេះចាប់ពីពេលនេះតទៅហើយពួកគាត់ទាំង៩នាក់ក៏បានអនុញ្ញាតដោះលែងឲ្យត្រឡប់ទៅផ្ទះវិញ ។
ពាក់ព័ន្ធបញ្ហានេះដែរលោកវរសេនីយ៍ឯក បោន ប៊ិន មេបញ្ជាការកងរាជអាវុធ ហត្ថខេត្តបន្ទាយមានជ័យក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋដែលជាអាជីវកររកស៊ីលក់ដូរផាវ គ្រឿងរំសេវផ្ទុះត្រូវនាំគ្នាបញ្ឈប់ សកម្មភាពទាំងស្រុងដើម្បីចៀសវាងកុំឱ្យកើតមានគ្រោះថ្នាក់ដោយប្រការណាមួយពីផាវរំសេវផ្ទុះដែលជាហេតុធ្វើឱ្យបងប្អូនប្រឈមនឹងផ្លូវច្បាប់ ៕ សំ វិច្ឆិកា