ព័ត៌មានទាន់ហេតុការណ៍៖

ប្រទេសហ្វុីលីពីនប្រកាសកាត់ផ្តាច់ទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសកូរ៉េខាងជើង

ចែករំលែក៖

រដ្ឋមន្ត្រីការបរទេសហ្វុីលីពីន បាន បញ្ជាក់ថា ប្រទេសរបស់លោកបានកាត់ ផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ច ជាមួយកូរ៉េ ខាងជើង ដើម្បីជាការគោរព ដល់សេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ដាក់ ទណ្ឌកម្មទៅលើកូរ៉េខាងជើង ។

រដ្ឋមន្ត្រីការបរទេសហ្វុីលីពីនលោក Alan Peter Cayetano បានឲ្យដឹងថា ប្រទេសរបស់លោកបានផ្អាកសកម្មភាព ទំនាក់ទំនង ពាណិជ្ជកម្មជាមួយកូរ៉េខាងជើង ការផ្អាកខាងលើធ្វើឡើងតាមសេចក្តី សម្រេចរបស់ អង្គការសហប្រជាជាតិ ដាក់ ទណ្ឌកម្មលើកូរ៉េខាងជើង ដែលបានសាកល្បងកាំជ្រួចមីស៊ីលនិងបរមាណូ ។

ហ្វុីលីពីន គឺជាដៃគូពាណិជ្ជកម្ម ធំ លំដាប់ទី៥ របស់កូរ៉េខាងជើង ដោយគិត ជាទឹកប្រាក់ មានរហូតដល់២៨,៨លាន ដុល្លារ នៅពាក់កណ្តាលឆ្នាំ២០១៧នេះ។

ក្នុងពេលជាមួយគ្នានេះ រដ្ឋមន្ត្រីការ បរទេស ញូវហ្សេឡេន លោក Gerry Brownlee ក៏បាន ស្នើឲ្យមានកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ ដើម្បីរារាំង នាវារបស់ កូរ៉េខាងជើង ធ្វើសកម្មភាព នៅមហា សមុទ្រប៉ាស៊ីហ្វិក។

រដ្ឋមន្ត្រីការបរទេសញូវហ្សេឡេន បាន បញ្ជាក់ថា ភាគីទាំងអស់ត្រូវតែមានទំនាក់ ទំនង ជិតស្និទ្ធ ដើម្បីទប់ស្កាត់នាវាកូរ៉េ ខាងជើង ដែលខុសច្បាប់ ឆ្លងកាត់តំបន់ សមុទ្រប៉ាស៊ីហ្វិក។ កន្លងមកកូរ៉េខាងជើង តែងតែប្រើប្រាស់នាវាដឹកទំនិញ ដោយ បំពាក់ទង់ជាតិប្រទេសផ្សេង ដើម្បីបន្លំភ្នែក ក្រុមនាវាយាមល្បាតនៅដែនសមុទ្រ ។

នៅពេលនេះដែរមានប្រទេសជាច្រើនបានសម្រេចកាត់ផ្តាច់ទំនាក់ទំនងសេដ្ឋ កិច្ចនិងការទូត ជាមួយកូរ៉េខាងជើង ក្រោយពេលអាមេរិក សម្រេចស្នើដល់ អង្គការសហប្រជាជាតិ ដាក់ទណ្ឌកម្មយ៉ាងតឹងតែងទៅលើកូរ៉េខាងជើង។

កាលពីថ្ងៃទី៧ ខែកញ្ញា រដ្ឋាភិបាល ប្រទេសមិុចស៊ីកូ បានស្នើដល់អគ្គរដ្ឋទូត កូរ៉េខាងជើង លោក Kim Hyong Gil ត្រូវចាកចេញពីប្រទេសនេះក្នុងរយៈពេល៧២ម៉ោង ។ សកម្មភាពខាងលើគឺដើម្បីជាការប្រឆាំងទៅនឹងសកម្មភាពសាកល្បង បរមាណូ របស់រដ្ឋាភិបាលទីក្រុងព្យុង យ៉ាង។

ក្រសួងការបរទេសមិុចស៊ីកូ បាន ប្រកាសថា អគ្គរដ្ឋទូតកូរ៉េខាងជើង Kim Hyong Gil ជា បុគ្គល មិនត្រូវបានស្វាគមន៍ ហើយត្រូវតែចាកចេញពីប្រទេសមិុចស៊ីកូក្នុងរយៈពេល៧២ម៉ោង។

សកម្មភាពខាងលើ គឺដើម្បីប្រឆាំង ការសាកល្បងគ្រាប់បែកបរមាណូ ដែល ជាសញ្ញាបង្កគ្រោះថ្នាក់ដល់ សន្តិភាព និងសន្តិសុខពិភពលោក និងជាការ គំរាមកំហែង ដោយផ្ទាល់ដោយសម្ពន្ធមិត្ត របស់មិុចស៊ីកូ គឺជប៉ុន និងកូរ៉េខាងត្បូង។

នៅក្នុងសេចក្តីប្រកាស រដ្ឋាភិបាលមិុច ស៊ីកូ បានអំពាវនាវដល់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បញ្ចេញសកម្មភាពដើម្បីបញ្ចប់វិបត្តិនៅកូរ៉េខាងជើង ដោយ សន្តិភាព៕ ម៉ែវ សាធី


ចែករំលែក៖