ព័ត៌មានទាន់ហេតុការណ៍៖

អេស្បា៉ញប្រឈមនឹងបញ្ហាទាមទារផ្តាច់ខ្លួនឯករាជ្យ

ចែករំលែក៖

មេដឹកនាំតំបន់ Catalonia បានឡើង គម្រោងធ្វើការស្ទង់មតិពលរដ្ឋនៅដើមខែតុលាខាងមុខស្តីពីការសម្រេចបន្តស្ថិតនៅក្រោមការដឹកនាំរបស់អេស្បា៉ញ ឬក៏ចាកចេញពីប្រទេសនេះប្រកាសទៅជាប្រទេសឯករាជ្យ។ ក្នុងពេលនេះរដ្ឋាភិបាលអេស្បា៉ញ បានប្រឆាំងយ៉ាងដាច់អហង្ការ ទៅលើសកម្ម ភាពទាំងនោះ ដោយចាត់ទុកថាការស្ទង់ មតិចាកចេញពីអេស្បា៉ញ គឺផ្ទុយទៅនឹងរដ្ឋធម្មនុញ្ញរបស់ប្រទេសនេះ។

កាលពីថ្ងៃទី៦ ខែកញ្ញា សេចក្តីព្រាង ច្បាប់ស្តីអំពីការស្ទង់មតិត្រូវបានសភាតំបន់ Catalonia អនុម័ត ដោយមានសំឡេងគាំទ្រ ៧២ និង ១១សំឡេងប្រឆាំង ។ ជាមួយគ្នា នោះ មេដឹកនាំតំបន់ Catalonia លោក Carles Puidemont ក៏បានចុះហត្ថលេខា លើសេចក្តីព្រាងច្បាប់ អនុញ្ញាតឲ្យធ្វើការ ស្ទង់មតិ ពលរដ្ឋនៅថ្ងៃទី១ ខែតុលាខាងមុខ ដើម្បីសម្រេចថាតើ Catalonia គួរតែបន្តនៅក្រោមអេស្បា៉ញឬក៏ចាកចេញ?

សកម្មភាពខាងលើរបស់រដ្ឋាភិបាល Catalonia ទទួលរងការប្រឆាំងយ៉ាងខ្លាំងពីរដ្ឋាភិបាលអេស្បា៉ញ ។ នាយករដ្ឋមន្ត្រី អេស្បា៉ញលោក Mariano Rajoy បាន ប្រកាសថាសកម្មភាពខាងលើ គឺដើរផ្ទុយទៅនឹងរដ្ឋធម្មនុញ្ញរបស់អេស្បា៉ញ។ លោក បន្តទៀតថា អេស្បា៉ញមិនអនុញ្ញាត ឲ្យ មានការស្ទង់មតិកើតឡើង ធ្វើឲ្យតំបន់ សេដ្ឋកិច្ច ដ៏សំខាន់ត្រូវចាកចេញពីអេស្បា៉ញ ឡើយ។

តាមច្បាប់រដ្ឋធម្មនុញ្ញរបស់អេស្បា៉ញ រាល់ការស្ទង់មតិណាមួយ គឺត្រូវបានធ្វើ ឡើងនៅទូទាំងប្រទេស មិនមែនធ្វើឡើង តែតំបន់មួយនោះទេ។ បើទោះបីកន្លងមកបានផ្តល់សិទ្ធិសេរីភាព គ្រប់គ្រងដោយ ស្វយ័ត តែរដ្ឋាភិបាលអេស្បា៉ញមានសិទ្ធិ ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់រដ្ឋាភិបាលតំបន់ Catalonia ដូចអ្វីដែលបានកើតឡើង កាលពីអតីតកាល ។ កាលពីថ្ងៃទី៧ ខែ កញ្ញា តុលាការ អេស្បា៉ញបានសម្រេចឲ្យផ្អាកសកម្មភាពស្ទង់មតិ។

ពលរដ្ឋតំបន់ Catalonia នៅមានការ ស្ទាក់ស្ទើរ ថាតើត្រូវចាកចេញពី អេស្បា៉ញ ឬក៏ បន្តរួមរស់ដូចកាលពីមុន ។ ប៉ុន្តែពល រដ្ឋដែលគាំទ្រការចាកចេញបានស្នើឲ្យមានការបោះឆ្នោតស្ទង់មតិជាការសម្រេច។ តំបន់ Catalonia គឹជាតំបន់មួយក្នុង ចំណោម ១៧តំបន់គ្រប់គ្រងស្វយ័ត្ននៅ ក្នុងប្រទេសអេស្បា៉ញ និងជាតំបន់ដែល មានសេដ្ឋកិច្ចខ្ពស់បំផុត មានពលរដ្ឋ៧,៥ លាននាក់ ។ តំបន់ខាងលើបាននាំមកនូវប្រាក់ចំណូលជូនជាតិ ដល់ទៅ២០ភាគរយ សម្រាប់ប្រាក់ចំណូលសរុបរបស់អេស្បា៉ញ។

ប្រាក់ចំណូល របស់តំបន់កាតាឡូនៀ មានរហូតដល់ទៅ២៥៦ពាន់លានដុល្លារ ខ្ពស់ជាងគេបំផុតនៅអេស្បា៉ញ ស្មើនឹងប្រាក់ ចំណូលរបស់ប្រទេសក្រិក និងច្រើនជាង ប្រទេសហ្វាំងឡង់ អៀរឡង់ ដាណឺម៉ាក ។

សហគមន៍អឺរ៉ុប បានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងពីការបោះឆ្នោតចាកចេញពីប្រទេសអេស្បា៉ញអាចក្លាយជា «គំរូអាក្រក់» ដល់ក្រុមផ្សេងទៀតដើរតាម៕ ម៉ែវ សាធី


ចែករំលែក៖