សាលារៀនជាច្រើននៅក្នុងប្រទេស ហ្វីលីពីនត្រូវបិទទ្វារ ដោយសារតែព្យុះបានវាយប្រហារនៅថ្ងៃទី១២ ខែកញ្ញាបង្កឲ្យមានគ្រោះទឹកជំនន់ ជនលិចតំបន់ជាច្រើន និងដងផ្លូវសំខាន់ៗ របស់ហ្វីលីពីន។
អ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីន លោក ErnestoAbellaបានប្រកាសថា ទីតាមរដ្ឋាភិបាលជាច្រើននៅ Metro Manila និងនៅតាមបណ្តាខេត្តមួយចំនួនបានរងនូវផលប៉ះពាល់ដោយសារព្យុះត្រូពិចបណ្តាលឲ្យមានភ្លៀសធ្លាក់ខ្លាំង និងបង្កជាទឹកជំនន់។
នៅពេលនេះមិនទាន់មានរបាយការណ៍ស្តីពីការខូចខាតទ្រព្យសម្បត្តិ និងអាយុជីវិតនៅឡើយ ។ កន្លងមកហ្វីលីពីនក៏ទើបតែរងគ្រោះដោយសម្ពាធទាបបណ្តាលឲ្យមានគ្រោះទឹកជំនន់កើតឡើងផងដែរ។
ពាក់ព័ន្ធនឹងព្យុះនោះដែរ នៅថ្ងៃទី១២ ខែកញ្ញានេះ ព្យុះ Irma ដែលកំពុងវាយប្រហារអាមេរិកនោះ ក៏កំពុងបានវាយប្រហារទៅលើប្រទេសគុយបាផងដែរ បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់១០នាក់សា្លប់ ។
មនុស្សស្លាប់ភាគច្រើនគឺមានប្រភពមកពីខេត្តMatanzas,Camaguey និង Ciego de Avila ដែលសុទ្ធតែជាតំបន់ដែនកោះ ហើយការស្លាប់គឺដោយសារតែអគាររលំពីលើ និងទឹកជំនន់ហូរខ្លាំងពេលព្យុះកំពុងវាយប្រហារ។
គួរបញ្ជាក់ថាព្យុះ Irma បានធ្វើដំណើរមកដល់ឆ្នេរសមុទ្រភាគខាងជើង នៃប្រទេសគុយបាមុនពេលដែលទៅដល់រដ្ឋហ្ល្លរីដាសហរដ្ឋអាមេរិកកាលពីថ្ងៃអាទិត្យ និងបានបង្កទៅជាភ្លៀងខ្លាំងព្រមទាំងខ្យល់ដែលមានល្បឿនរហូតទៅដល់២១០គូឡូម៉ែត្រក្នុងមួយម៉ោង៕ ម៉ែវ សាធី