ភ្នំពេញ៖ ខ្សែភាពយន្តរឿង”មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ” ត្រូវបានដាក់ បញ្ចាំងមុនគេនៅកម្ពុជាកាលពីថ្ងៃទី៨ ខែ កញ្ញា ហើយបន្តសម្ពោធដាក់បញ្ចាំងជាផ្លូវការនៅបណ្តាប្រទេសនានាជុំវិញពិភពលោកកាលពេលពីថ្មីៗនេះ។ ស្របពេលដែលខ្សែភាពយន្តនេះកំពុងចាក់បញ្ចាំង ក្នុង រោងភាពយន្តនោះស្រាប់តែគេបានឃើញបណ្តាគណនីហ្វេសប៊ុកមួយចំនួននៅកម្ពុជាយកមកចាក់ផ្សាយចែករំលែក ឲ្យអ្នកលេងហ្វេសប៊ុកទស្សនារហូតមាន ផ្ទុះការរិះគន់ថា គណនីទាំងនោះបានធ្វើ ឲ្យមុខមាត់ប្រជាជនខ្មែរត្រូវបានគេមើលងាយ។
“មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ ខ្ញុំ” ឬ ‘First They Killed My Father’ ត្រូវបានផលិតដោយកំពូលតារាសម្ដែង លំដាប់ពិភពលោក Angelina Jolie ចំណាយលុយរាប់លានដុល្លារអាមេរិក កំពុងបែកធ្លាយសុសសាយពេញបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុកដោយសារ មានបណ្តាគេហទំព័រមួយចំនួនយកមកចាក់ ផ្សាយ។ ការបែកធ្លាយនេះត្រូវបានគេចាត់ទុកថា ជាភាពអាម៉ាស់មួយយ៉ាងធំសម្រាប់ប្រជាជនកម្ពុជាគ្រាដែលមានការចាក់ផ្សាយយ៉ាងអនាធិបតេយ្យ។
ទោះជាយ៉ាងណាគេមិនទាន់ឃើញ មានប្រតិកម្មណាមួយពីអ្នកស្រីអេនជេលី ណា ជោលី និងក្រសួងពាក់ព័ន្ធនៅឡើយទេជុំវិញ ការបែកធ្លាយចេញខ្សែភាពយន្តខាងលើនេះ។ អ្នកស្រី ចាន់ណា សុខឃីម ដែលជានាយិកាផលិតកម្មឥន្ទ្រានិមិត្តបាន បញ្ចេញប្រតិកម្មជុំវិញការបែកធ្លាយនេះ ថា តើក្រសួងពាក់ព័ន្ធ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈនាយកដ្ឋានភាពយន្តគួរមាន វិធានការបែបណាចំពោះបណ្តាផេកនិង អាក់ខោនហ្វេសប៊ុកមួយចំនួនដែលបានលួចថត លួច Live ផ្ទាល់ និង យកមកចាក់ផ្សាយលើផេករបស់ខ្លួនដែលផលិត ករទើបតែដាក់បញ្ចាំងនៅតាមបណ្តារោងភាពយន្តទំនើបដើម្បីរកប្រាក់ចំណូល? តើផលិតករយកក្រដាសទៅផលិតកុនមែនដែរឬទេ? បានជាអស់លោកលោកស្រីនាំគ្នាខំប្រឹងលួចថតចម្លងយកមកផ្សព្វផ្សាយព្រោងព្រាតពេញហ្វេសប៊ុក ? គ្រប់ផលិតករភាពយន្តគឺត្រូវការចំណូល ព្រោះកុនជាមុខជំនួញដែលត្រូវការប្រាក់ ចំណេញបើផលិតកររកចំណូលបានប្រាក់ចំណេញគួរសមដូចនេះ ការផលិតកុន នឹងវិវត្តន៍ខ្លួនទៅមុខនិងរីកចម្រើន ចុះបើអស់លោកលោកស្រី នាំគ្នាគិតតែពីផល ប្រយោជន៍ផ្ទាល់ខ្លួនតើ វិស័យកុនខ្មែរនឹងទៅជាយ៉ាងណា?ស្លាប់ ឬរស់? កំពុងតែត្រដរខ្យល់ផងមកជាន់ថែមតើរស់ទេ ? អស់លោកអើយសូមពិចារណាឡើងវិញ ផងគិតឲ្យវែងឆ្ងាយកុំអាត្មានិយមពេកដូចរឿង “មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ” លោកលោកស្រីយកមក live ពេញ FB ខ្ញុំខ្មាស់បរទេសណាស់ដែលគេចំណាយលុយរាប់លានដុល្លារមកផលិតហើយ លោកនាំគ្នាមកធ្វើបែបនេះតើគួរទេ? សួរថាសមទេ? មានវិចារណញ្ញាណទេ?! ។
អ្នកលេងបណ្តាញទំនាក់ទំនងសង្គមម្នាក់លើកឡើងថា ការយកមក live បែប នេះ មិនត្រឹមតែមិនផ្ដល់តម្លៃដល់ម្ចាស់ស្នាដៃប៉ុណ្ណោះទេគឺថែមទាំងធ្វើឲ្យប៉ះពាល់ ដល់កេរ្តិ៍ឈ្មោះរបស់ប្រទេសកម្ពុជាផងដែរ ព្រោះជនបរទេសដែលរង់ចាំទស្សនាលើ វេបសាយពិភពលោកដោយស្របច្បាប់ បែរមកឃើញរឿងនេះលើបណ្ដាញសង្គម យ៉ាងអនាធិបតេយ្យ។ ម្យ៉ាងវិញទៀត វាក៏ ធ្វើឲ្យអ្នកប្រឹងផលិតគឺអ្នកនាងអេជេលីណា ជោលី ខកចិត្តយ៉ាងខ្លាំងផងដែរ ព្រោះអ្វីដែលខំធ្វើបែរចែកចាយដោយគ្មានតម្លៃ។ ក្រឡេកទៅតាមរោងភាពយន្តនានា ក្រោយដាក់បញ្ចាំងប៉ុន្មានថ្ងៃមកឃើញថា គ្មានសន្ទុះអ្នកគាំទ្រដូចរឿងថៃឬរឿងបែបយុវ វ័យនានាឡើយ។ កៅអីអ្នកទស្សនានៅ ទំនេរច្រើនបង្ហាញពីកំសោយនៃការគាំទ្រប្រវត្តិសាស្ត្រ និងស្នាដៃដែលបរទេស ខំមកផលិត ចែកផ្សាយបង្ហាញទៅកាន់ ពិភពលោក។ ពិតណាស់ ការចំណាយ របស់អ្នកនាងអេជេលីណា ជោលី គឺមិនចង់បានផលចំណេញពីប្រជាជនកម្ពុជាឡើយ ប៉ុន្តែប្រជាជនកម្ពុជាផ្ទាល់គួរគាំទ្រស្នាដៃដែលខំផលិតពីប្រវត្តិសាស្រ្តខ្មែរនោះ។
គួរបញ្ជាក់ដែរថា ភាពយន្ត “មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ” ឬ ‘First They Killed My Father’ និយាយពីការ ចងចាំរបស់ក្មេងស្រីម្នាក់កាលពីអតីត កាលក្នុងរបបប្រល័យពូជសាសន៍ ហើយ បច្ចុប្បន្នជាសកម្មជនសិទ្ធិមនុស្សនៅអាមេរិក។ អ្នកស្រីជាអ្នកនិពន្ធនៃរឿងនេះផ្ទាល់តែម្ដង ឈ្មោះថា លឿង អុឹង។ រឿងនេះត្រូវបានប្រកាសថតកាលពីពាក់កណ្ដាល ឆ្នាំ២០១៦ ដោយក្នុងនោះបានជ្រើសរើសយកខេត្តបាត់ដំបងជាទីតាំងថតច្រើន បំផុត ហើយអ្វីដែលពិសេសគឺបង្កប់ដោយអត្ថន័យខ្លឹមសារដ៏មហាសាលសម្រាប់ ប្រជាជនខ្មែរ។ ខ្សែភាពយន្តនេះនឹងត្រូវ យកទៅដាក់ប្រកួតប្រជែងដណ្តើមយក ពានរង្វាន់អូស្កានៅឆ្នាំក្រោយនេះផងដែរ៕ វឌ្ឍនា