ព័ត៌មានទាន់ហេតុការណ៍៖

កីឡាករ ធានុ រាជ និងហាក់ ប៉ាន់ធី ត្រូវកីឡាករ គឹម វាសនា និងរិន សារដ្ឋទម្លាក់ចេញពី វគ្គជម្រុះ សប្តាហ៍ទី៤

ចែករំលែក៖

ភ្នំពេញ៖ ការប្រកួតកីឡាប្រដាល់ វគ្គជម្រុះដំណាក់កាលទី១ នៅសប្តាហ៍ទី៤កន្លងមកនេះកីឡាករធានុរាជ មកពីក្លិបពោធិ៍ជ័យកីឡា បានធ្លាក់ចេញពីវគ្គជម្រុះក្រោមស្នាដៃ កីឡាគឹម វាសនា មកពីក្លិបទ័ពឆត្រយោង៩១១ ខណៈដែល កីឡាករ ហាក់ ប៉ាន់ធីមកពីក្លិប រ៉ាហាប់ស្វាយប៉ាកក៏បានធ្លាក់ចេញពីវគ្គជម្រុះដំណាក់កាលទី១ដែរ បន្ទាប់ពីវាយចាញ់កីឡាករ រិន សារដ្ឋ មកពីក្លិបបញ្ជាការដ្ឋានកងទ័ពជើងទឹក កាលពីល្ងាចថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០១៧ នៅសង្វៀន TV5 BoxingKnock-Out Series by K-Cement ព្រែកកំពឹស។

ការប្រកួតមានលក្ខណៈតឹងតែងបន្តិច រវាងកីឡាធានុរាជ នឹងគឹម វាសនា ប៉ុន្តែគ្រប់ទឹកទាំងអស់ គឺវាសនាមានប្រៀបឈ្នះរហូត ។ ពេលនេះធានុរាជ បានចាកចេញពីការប្រកួតខណៈដែលគឹម វាសនាទទួលបានកៅអីសម្រាប់ការប្រកួតបន្ដនៅវគ្គជម្រុះជុំទី២បន្តទៀត។ រីឯកីឡាករ ហាក់ ប៉ាន់ធី ក៏មិនខុសពី ធានុរាជដែរ បន្ទាប់ពី កីឡាករ រិន សារដ្ឋ ប្រើកណ្តាប់ដៃ កែងជង្គង់ តាំងពីដំបូង រហូតដល់ចប់ការប្រកួតចំនួន៣ទឹក ធ្វើឲ្យហាក់ ប៉ាន់ធី ចាញ់ដោយអស់ចិត្ត ។

ដូច្នេះកីឡាករ រិន សារដ្ឋឈ្នះកៅអីវគ្គជម្រុះជុំទី២ចំណែកឯ ហាក់ ប៉ាន់ធី ត្រូវចាកចេញ ពីកម្មវិធីប្រកួតTV5 BoxingKnock-Out Series by K-Cement។ចំពោះការប្រកួតជាលក្ខណៈមិត្តភាពជាមួយ វិញកីឡាករឡុង សំណាងមកពីក្លិបសាលវ័ន្ដកីឡាបានប្រកួតឈ្នះអ្នកប្រដាល់ថៃ ឈ្មោះយ៉ូដ ថានូ(YodThanou)ដោយពិន្ទុ ។

សូមបញ្ជាក់ថាសម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាប្រដាល់គុនខ្មែរ TV5 Boxing Knock-Out Seroieby K-Cement នេះមានអ្នកប្រដាល់ចំនួន ៨នាក់ហើយដែលបានធ្លាក់ចេញពីការប្រកួតខណៈដែល អ្នកប្រដាល់៨នាក់ផ្សេងទៀត ដណ្ដើមបានកៅអីឡើងទៅប្រកួតបន្តនៅវគ្គជម្រុះជុំទី២នោះ៕ សារីម


ចែករំលែក៖