ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី យីងឡាក់ សុំភៀសខ្លួននយោបាយនៅក្នុងប្រទេសអង់គ្លេស

ចែករំលែក៖

អតីតនាយករដ្ឋមន្ត្រីថៃ យីងឡាក់ ស៊ីណាវ៉ាត្រា បច្ចុប្បន្នកំពុងរស់នៅក្នុង ប្រទេសអង់គ្លេស មិនមែននៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រូួមដូចការបញ្ជាក់របស់ នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា នោះឡើយ។

សារព័ត៌មាន CNN បានដកស្រង់ប្រភព ព័ត៌មាន ពីគណបក្សភឿថៃបានឲ្យដឹងនៅ ថ្ងៃទី២៨ ខែកញ្ញាថា លោកស្រី យីងឡាក់ បច្ចុប្បន្នកំពុងរស់នៅក្នុងប្រទេសអង់គ្លេស ហើយសុំសិទ្ធិជ្រកកោននយោបាយនៅទីនោះ។

កន្លងមកនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានប្រកាសថាលោក ស្រី យីងឡាក់ កំពុងរស់នៅក្នុងទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម។ នេះជាលើកទី១ហើយ ដែលលោក ប្រាយុទ្ធ ចាន់អូចា និយាយ ពីលោកស្រី យីងឡាក់ ក្រោយពេលដែលតុលាការបានសម្រេចចេញសាលក្រម ដាក់ទោសលោកស្រីជាប់ពន្ធនាគារ៥ឆ្នាំ។ លោក ប្រាយុទ្ធ ចាន់អូចា បានបញ្ជាក់ថា រដ្ឋាភិបាលថៃនឹងសហការជាមួយក្រសួងការបរទេស និងប៉ូលិសអាំងទែរប៉ូល ក្នុង ហេតុការណ៍ខាងលើ។

តុលាការកំពូលថៃកាលពីថ្ងៃទី២៧ ខែកញ្ញាបានប្រកាសសាលក្រមដាក់ទោសលោកស្រីឲ្យជាប់ពន្ធនាគារយៈពេល៥ឆ្នាំដោយសារតែការធ្វេសប្រហែសរបស់លោកស្រី ក្នុងកម្មវិធីជំនួយ ស្រូវអង្ករ ធ្វើឲ្យរដ្ឋ ខាតបង់ទឹកប្រាក់រាប់ពាន់លានដុល្លារ។

តុលាការបានចោទប្រកាន់ លោកស្រី យីងឡាក់ថា ខ្វះការទទួលខុសត្រូវ និងមិនអាចរារាំងអំពើពុករលួយនៅក្នុងកម្មវិធី ជំនួយស្រូវ អង្ករ ដល់ពលរដ្ឋក្រីក្រនៅតាម តំបន់ជនបទ។ កន្លងមក លោកស្រីក៏បានច្រានចោលការចោទប្រកាន់ទាំងនោះ ដោយបញ្ជាក់ថា ហេតុការណ៍ខាងលើ មិនមែនលោកស្រីធ្វើតែម្នាក់ឯងនោះឡើយ គឺមានការយល់ព្រមពីសភា។ សកម្មភាព នេះ គឺដើម្បីជួយដល់ពលរដ្ឋឲ្យរួចផុតពី ភាពក្រីក្រប៉ុណ្ណោះ។

រឿងក្តីរបស់លោកស្រី យីងឡាក់ អូស បន្លាយរយៈពេលជាង២ឆ្នាំ ហើយនៅក្នុងការប្រកាសសាលក្រមកាលពីថ្ងៃទី២៥ ខែ សីហា ឆ្នាំ២០១៧ លោកស្រីមិនមានវត្ត មាននៅក្នុងប្រទេសឡើយ ដោយបាន ភៀសខ្លួនចេញទៅក្រៅប្រទេស ធ្វើឲ្យ តុលាការត្រូវពន្យារពេលរហូតដល់ថ្ងៃទី២៧ ខែកញ្ញា។

ការដាក់ទោសលោកស្រី យីងឡាក់ ជាប់ពន្ធនាគារ៥ឆ្នាំ គឺជារឿងធ្ងន់បំផុត សម្រាប់អ្នកនយោបាយក្រុមអ្នកគាំទ្រ អតីតនាយករដ្ឋមន្ត្រី យីងឡាក់ បានបង្ហាញ ការខឹងសម្បាយ៉ាងខ្លាំងចំពោះការសម្រេចរបស់តុលាការ។

ក្រុមអ្នកឯកទេសវិភាគនយោបាយ បាន លើកឡើងថា រឿងក្តីត្រកូល ស៊ីណា វ៉ាត្រា គឺជាប់ពាក់ព័ន្ធនយោបាយ ដោយ ក្រុមអភិជនស្និទ្ធនឹងព្រះមហាក្សត្រថៃ មានបំណងបញ្ចប់ការដឹកនាំរបស់ត្រកូល ស៊ីណាវ៉ាត្រា ដែលមានពលរដ្ឋជាច្រើន គាំទ្រ ពិសេសគឺនៅតាមតំបន់ជនបទ បើ ទោះបីយ៉ាងណាក្តីគណបក្សភឿថៃ នៅ មានបុគ្គលជាច្រើនរូប និងត្រកូល ស៊ីណា វ៉ាត្រា កំពុងប្រឡូកនៅក្នុងឆាកនយោ បាយ។

ដោយសារតែគណបក្សភឿថៃបាន ជួយដល់ពលរដ្ឋជាច្រើន តាំងពីជំនាន់ អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណា វ៉ាត្រា ធ្វើឲ្យពលរដ្ឋថៃភាគច្រើនគាំទ្រយ៉ាងខ្លាំង មិនថាបុគ្គលណាមួយនោះឡើយ ឲ្យ តែត្រកូល ស៊ីណាវ៉ាត្រា ឈរឈ្មោះបោះ ឆ្នោត នោះគឺសង្ឃឹមទទួលជ័យជម្នៈខ្ពស់៕ ម៉ែវ សាធី

 

 


ចែករំលែក៖