ព័ត៌មានទាន់ហេតុការណ៍៖

លោកថេង សុថុល តំណាងអភិបាលខណ្ឌច្បារអំពៅស្នើឲ្យអាជ្ញាធរសង្កាត់បើកវេទិកាសាធារណៈ

ចែករំលែក៖

ភ្នំពេញៈ ដើម្បីបញ្ច្រៀបចំណេះដឹងដល់ប្រជាពលរដ្ឋឲ្យមានភាពក្លាហានក្នុងការចូលរួមបញ្ចេញមតិយោបល់ជាសាធារណៈនូវអ្វីដែលជាសំណូមពរសម្រាប់ជាប្រយោជន៍រួមនោះ លោកថេង សុថុល អភិបាលរងខណ្ឌតំណាងលោកអភិបាល ខណ្ឌច្បារអំពៅបានស្នើឲ្យអាជ្ញាធរ សង្កាត់ត្រូវរៀបចំវេទិកាសាធារណៈ ដូចដែលធ្លាប់ធ្វើកន្លងមកស្របទៅតាមគោលការណែនាំរបស់ក្រសួងមហាផ្ទៃដើម្បីស្វែងយល់ពីសុខទុក្ខនិងតម្រូវការ របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ។

មតិសំណូមពរឲ្យអាជ្ញាធរសង្កាត់បើកវេទិកាសាធារណៈនេះបានលើកឡើងនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤០ របស់ក្រុមប្រឹក្សាខណ្ឌច្បារអំពៅកាលពីព្រឹកថ្ងៃ២៩ ខែកញ្ញា ឆ្នាំ២០១៧ ក្រោមវត្តមានលោកអ៊ុំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌ លោកថេង សុថុល អភិបាលរងតំណាងលោកអភិបាលខណ្ឌ និងមានការចូលរួមពីមន្ត្រីក្រុមការងារចំណុះឲ្យខណ្ឌច្បារអំពៅជាច្រើននាក់ទៀត ។

បន្ទាប់ពីស្តាប់ការលើកឡើងរបស់សមាជិកក្រុមប្រឹក្សាខណ្ឌពីចំនុចវិជ្ជមាននិងអវិជ្ជមានដែលរដ្ឋបាលខណ្ឌអនុវត្តបានកន្លងមក លោកថេង សុថុល តំណាងលោកអភិបានខណ្ឌបានបញ្ជាក់ដូច្នេះថា ចំនុចអវិជ្ជមានទាំងប៉ុន្មានដែលបានលើកឡើងដូចជាការងារសណ្តាប់ធ្នាប់សង្គម ការគ្រប់គ្រងសិប្បកម្ម បញ្ហាបរិស្ថានអនាម័យ និងការងារសន្តិសុខ គណៈអភិបាលនិងខិតខំបំពេញបន្ថែមទៀតដើម្បីពង្រឹងការងាររដ្ឋបាលទូទៅនៅក្នុងខណ្ឌឲ្យបានប្រសើរឡើង ។ បញ្ហាសណ្តាប់ធ្នាប់គឺជាកត្តាសំខាន់ណាស់ កន្លងមករដ្ឋបាលខណ្ឌបានខិតខំពង្រឹងការងារនេះដើម្បីឆ្លើយតបទៅហ្នឹងសំណូមពររបស់ប្រជាពលរដ្ឋក៍ដូចជាអ្នកធ្វើដំណើរឆ្លងកាត់ភូមិសាស្ត្រខណ្ឌច្បារអំពៅ ពិសេសផ្លូវជាតិលេខ១តែម្តង ។ ទោះជាមានការខិតខំយ៉ាងណាក៍ដោយបញ្ហាសណ្តាប់ធ្នាប់នៅតែជាបញ្ហាប្រឈមដដែលគ្រាន់តែភាពរញ៉េរញ៉ៃមានការកាត់បន្ថយច្រើន ហើយរដ្ឋបាលខណ្ឌនិងជំនៈបញ្ហានេះឲ្យបានល្អប្រសើរឡើងទៀតដោយមិនបន្ធូរដៃឡើយ ។

លោកអភិបាលរងបានបន្តថា គ្រប់បញ្ហាប្រឈមដែលនៅសេសសល់ទៀមទារឲ្យយើងត្រូវរួមគ្នាអនុវត្ត ជាពិសេសត្រូវមានការចូលរួមពីប្រជាពលរដ្ឋនៅមូលដ្ឋានដែលជាកម្លាំងចលករដ៍សំខាន់ក្នុងការរួមចំណែក ពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់សង្គម ការងារបរិស្ថានអនាម័យ ទើបយើងទទួលបានជោគជ័យ ។ ចំនុចមួយទៀតសូមឲ្យអាជ្ញាធរសង្កាត់រៀបចំបើកវេទិកាសាធារណៈឡើង ដើម្បីបញ្ជ្រៀបការយល់ដឹងដល់ប្រជាពលរដ្ឋស្របទៅតាមគោលការណែនាំរបស់ក្រសួងមហាផ្ទៃ ។ វេទិកាសាធារណៈនេះមានសារៈសំខាន់ណាស់ដើម្បីស្វែងយល់ពីតម្រូវការរបស់ប្រជាពលរដ្ឋនិងទទួលយកសំណូមពររបស់បងប្អូនមកធ្វើការដោះស្រាយដើម្បីជុំរុញការអភិវឌ្ឍន៍នៅក្នុងមូលដ្ឋាន តែមិនមានពាក់ព័ន្ធជាមួយនយោបាយនោះឡើយ ។

នៅចុងបញ្ចប់នៃកិច្ចប្រជុំលោកអភិបាលរងខណ្ឌក៍បានថ្លែងអំណរគុណលោកប្រធានរួមទាំងសមាជិកក្រុមប្រឹក្សាខណ្ឌដែលបានសរសើរដល់ក្រុមការងាររបស់គណៈអភិបាលក្នុងការចុះរៀបចំសណ្តាប់ធ្នាប់ និង ពង្រឹងការងារសន្តិសុខនៅមូលដ្ឋាន ចំពោះបញ្ហាប្រឈមទាំងប៉ុន្មានដែលនៅសេសសល់ រដ្ឋបាលខណ្ឌច្បារអំពៅនឹងខិតខំរួមគ្នាអនុវត្តបន្ថែមទៀតមិនបន្ធូរដៃឡើយ ៕ សណ្តោស


ចែករំលែក៖