ព័ត៌មានទាន់ហេតុការណ៍៖

បារាំង កម្ពុជាយល់ស្របគ្នាលើការរៀបចំឯកសារតម្រង់ទិសថ្មីសម្រាប់កិច្ចសហប្រតិបត្តិការ ឆ្នាំ២០១៩-២០២២ និង អនុសញ្ញាថ្មីស្តីពីកិច្ចសហប្រតិបត្តិការយោធាឆ្នាំ២០១៨-២០២០

ចែករំលែក៖

ទីក្រុងប៉ារីស៖ តាមការផ្តួចផ្តើមពីសំណាក់ភាគីបារាំង, លោក ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Jean-Yves LE DRIAN រដ្ឋមន្ត្រីក្រសួងកិច្ចការអឺរ៉ុប និងការបរទេសបារាំង នៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០១៧ នាទីក្រុងប៉ារីស ។ នេះបើតាមការប្រកាសរបស់ក្រសួងការបរទេសកម្ពុជាកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧។

សេចក្តីប្រកាសបញ្ជាក់ថា នៅក្នុងជំនួបពិភាក្សានេះ លោកទេសរដ្ឋមន្រ្តី និង សមភាគីបារាំង បានសំដែងនូវសេចក្តីសប្បាយរីករាយអំពីភាពវិជ្ជមាននៃកិច្ចសហប្រតិបត្តិការទូទៅរវាងប្រទេសយើងទាំងពីរ និង បានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យសម្រាប់នាពេលអនាគត ជាពិសេស លើវិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌ សន្តិសុខ ។ល។

ប្រភពបន្តថា លោក LE DRIAN បានសំដែងការពេញចិត្តចំពោះការចូលរួមរបស់កម្ពុជាក្នុងប្រតិបត្តិការថែរក្សាសន្តិភាពនៅក្នុងក្របខ័ណ្ឌអ.ស.ប. និង បានចូលរួមរំលែកទុក្ខជាមួយប្រជាជនកម្ពុជា ចំពោះការបាត់បង់នូវទាហានមួកខៀវកម្ពុជានៅប្រទេសអាហ្វ្រិកកណ្តាល ។

លោករដ្ឋមន្ត្រីការបរទេសបារាំង បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសយើងទាំងពីរ ដែលក្នុងនោះ បារាំងបានចូលរួមចំណែកបណ្តុះបណ្តាលកងកម្លាំងមួកខៀវកម្ពុជា និងអះអាងថានឹងបន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងនេះ ដែលចូលរួមចំណែកដល់ការលើកតម្កើង ហ្វ្រង់កូហ្វូនីកងទ័ព (Francophonie armée) ។

នៅក្នុងវិស័យបេតិកភណ្ឌ លោក បានគូសបញ្ជាក់អំពីលទ្ធផលវិជ្ជមានដ៏ខ្លាំងក្លានៃការងាររបស់បារាំងក្នុងនាមជាសហប្រធាន ICC Angkor ។ ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានលើកឡើងពីលទ្ធលវិជ្ជមាននៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច (ការផ្លាស់ប្តូរសេដ្ឋកិច្ច សកម្មភាពរបស់ AFD …) ដែលចូលរួមចំណែកដល់ការធ្វើឱ្យកំណើនសេដ្ឋកិច្ចកម្ពុជាមានសភាពរឹងមាំ ។

ជាកិច្ចឆ្លើយតប លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានថ្លែងនូវអំណរគុណដ៏ជ្រាលជ្រៅ ចំពោះការចូលរួមរំលែកទុក្ខរបស់លោករដ្ឋមន្ត្រីការបរទេសបារាំង និងចំពោះការចូលរួមចំណែករបស់បារាំងក្នុងការបណ្តុះបណ្តាលកងកម្លាំងមួកខៀវកម្ពុជា ។ កម្ពុជា ដែលពីមុន ធ្លាប់ទទួលកងទ័ពមួកខៀវនៅដើមទសវត្ស១៩៩០ បានចាប់ផ្តើមបញ្ជូនកងទ័ពមួកខៀវដំបូងទៅបរទេសក្រោមឆ័ត្រអ.ស.ប. នៅឆ្នាំ២០០៦ ទៅប្រទេសស៊ូដង់ ហើយជាបន្តបន្ទាប់មក ទៅប្រទេសនិយាយភាសាបារាំង តាមការអំពាវនាវរបស់អតីតអគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ។ ចំពោះ អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី កម្ពុជាជាសមាជិកមួយ ដែលមានតំណាងចូលរួមយ៉ាងសកម្មនៅគ្រប់ស្ថាប័នតំណាងទាំងអស់របស់អង្គការ OIF (ថ្នាក់តំណាងអចិន្ត្រៃយ៍ ថ្នាក់រដ្ឋមន្ត្រី និង ថ្នាក់ដឹកនាំកំពូល) និង បានបង់វិភាគទានទៀងទាត់។

លោកទេសរដ្ឋមន្រ្តី ក៏បានស្នើសុំឱ្យបារាំងពិចារណាអំពីការពង្រីកសមត្ថកិច្ចរបស់ ICC Angkor ដល់តំបន់ប្រាសាទសំបូរព្រៃគុក ហើយនិងជួយដល់វិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ ដែលទើបតែបង្កើតថ្មីៗនេះនៅក្រោមសមត្ថកិច្ចក្រសួងការបរទេស ជាពិសេស ដល់ការដាក់ឱ្យដំណើរការ តាមរយៈការចុះកិច្ចព្រមព្រៀងមួយ នៅពេលខាងមុខ ជាមួយស្ថាប័នសិក្សាការទូតរបស់ក្រសួង ការបរទេសបារាំង។ លោករដ្ឋមន្ត្រី LE DRIAN បានទទួលយកនិងគាំទ្រសំណើរបស់លោកទេស រដ្ឋមន្រ្តី ។

រដ្ឋមន្រ្តីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈស្តីពីស្ថានការណ៍នយោបាយនៅកម្ពុជារយៈពេលចុង ក្រោយនេះ ហើយលោកទេសរដ្ឋមន្រ្តីក៏បានអះអាងជូនភាគីបារាំងពីការប្តេជ្ញារបស់កម្ពុជា ក្នុងការរៀបចំ ការបោះឆ្នោតឆ្នាំក្រោយឲ្យបានល្អ ដូចការបោះឆ្នោតឆ្នាំនេះដែរ។

នៅចុងបញ្ចប់ លោកទេសរដ្ឋមន្រ្តី និង សមភាគីបារាំង បានយល់ស្របគ្នាលើការរៀបចំឯកសារតម្រង់ទិសថ្មីសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ ឆ្នាំ២០១៩-២០២២ និង អនុសញ្ញាថ្មីស្តីពីកិច្ចសហប្រតិបត្តិការយោធាឆ្នាំ២០១៨-២០២០ ៕ ថាច់ យ៉ាត


ចែករំលែក៖