អាមេរិកបានទទួលស្គាល់ថា ចិនពិតជាបានគោរពតាមច្បាប់ដាក់ទណ្ឌកម្មកូរ៉េខាងជើង ដោយចិនបានកាត់ផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ចជាមួយកូរ៉េខាងជើង និងបណ្តេញក្រុមហ៊ុនរបស់កូរ៉េខាងជើងចេញពីប្រទេសចិនផងដែរ។
កាលពីថ្ងៃទី២៨ ខែកញ្ញា ចិនបានស្នើដល់ក្រុមហ៊ុនរបស់កូរ៉េខាងជើងទាំងអស់នៅក្នុងប្រទេសចិនបិទទ្វារ ។ នេះជាសកម្មភាពអនុវត្តន៍ច្បាប់ដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ដែលចិនបានព្រមព្រៀងផងនោះ។
សារព័ត៌មាន Bloombergបានដកស្រង់ការប្រកាសរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន បានបញ្ជាក់ថា បណ្តាក្រុមហ៊ុនចិន ដែលបានសហការរកស៊ីជាមួយកូរ៉េខាងជើង ក៏ត្រូវបិទទ្វារ ។ បណ្តាក្រុមហ៊ុនទាំងនោះត្រូវបិទទ្វារ ក្នុងរយៈពេល១២០ថ្ងៃ ចាប់តាំងពី អង្គការសហប្រជាជាតិបានអនុម័តដាក់ទណ្ឌកម្មកាលពីថ្ងៃទី១២ ខែកញ្ញា បន្ទាប់ពីកូរ៉េខាងជើង បានសាកល្បងគ្រាប់បែកបរមាណូលើកទី៦ នៅថ្ងៃទី៣ ខែកញ្ញា។ អង្គការក្រៅរដ្ឋាភិបាល និងគម្រោងហិដ្ឋារចនាសម្ព័ន្ធ មិនរងផលប៉ះពាល់ដោយច្បាប់ដាក់ទណ្ឌកម្មនោះឡើយ។
សកម្មភាពខាងលើរបស់ចិន កើតឡើង នៅមុនដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rex Tillersonទៅកាន់ប្រទេសចិននៅចុងសប្តាហ៍នេះ។ វិបត្តិកូរ៉េខាងជើង គឺជាប្រធានបទសំខាន់បំផុតនៅក្នុងកិច្ចពិភាក្សា រវាងមន្ត្រីចិននឹងអាមេរិក។ ក្រៅពីនេះនៅមានបញ្ហាពាណិជ្ជកម្ម ជាចំណុចសំខាន់បំផុតនៅក្នុងកិច្ចពិភាក្សារវាងមេដឹកនាំទាំងពីរ ។ ប្រធានាធិបតីត្រាំ មានគម្រោងទស្សនកិច្ចទៅកាន់ប្រទេសចិន នៅពេលខាងមុខ។
មុនពេលបណ្តេញបណ្តាក្រុមហ៊ុនកូរ៉េខាងជើងចេញពីប្រទេសចិន កាលពីដើមឆ្នាំចិន ក៏បានផ្អាកការនាំចូលធ្យូងថ្មពីកូរ៉េខាងជើង ផងដែរ ក្រៅពីនេះចិនបានផ្អាកលក់ប្រេងទៅឲ្យកូរ៉េខាងជើង បានធ្វើឲ្យតម្លៃប្រេងនៅទីក្រុងព្យុងយ៉ាងនាពេលបច្ចុប្បន្នកើនឡើង៣ដង ប្រៀបធៀបនិងពេលមុន។
ក្នុងថ្ងៃជាមួយគ្នានេះដែរ រដ្ឋាភិបាលកូរ៉េខាងត្បូងបានប្រកាសថា កូរ៉េខាងជើង និងមានសកម្មភាព បង្កឲ្យមានភាពតានតឹង ជាថ្មីនៅក្នុងខែតុលាខាងមុខ ក្នុងទិវាបង្កើតបក្សពលករកូរ៉េខាងជើង។
ក្នុងអំឡុងជំនួបមួយជាមួយលោកមូន ជេអ៊ីន ជាប្រធានាធិបតីកូរ៉េខាងត្បូងនៅថ្ងៃព្រហស្បតិ៍នេះ លោក Chung Eui-yon ជាទីប្រឹក្សាសន្តិសុខជាតិបានមានប្រសាសន៍ឲ្យដឹងថា លោកមានក្តីរំពឹងថា ទីក្រុងព្យុងយ៉ាងនឹងធ្វើសកម្មភាពបង្កហេតុកាន់តែច្រើន នៅប្រហែលថ្ងៃទី១០ និងទី១៨ ខែកញ្ញា ប៉ុន្តែលោកមិនបានផ្តល់សេចក្តីលម្អិតទេ។
សូមជម្រាប់ផងដែរថា ភាពតានតឹងលើឧបទ្វីបកូរ៉េបានកើនកាន់តែខ្លាំងឡើងក្នុងពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ស្របពេលដែលមេដឹកនាំកូរ៉េខាងជើងគីម ជុងអ៊ុន និងប្រធានាធិបតីអាមេរិកដូណាល់ ត្រាំបានគំរាមកំហែងដាក់គ្នាទៅវិញទៅមកហាក់ដូចជាសង្គ្រាម និងការប្រមាថគ្នាជុំវិញបញ្ហាកម្មវិធីអភិវឌ្ឍន៍មីស៊ីល និងនុយក្លេអ៊ែកូរ៉េខាងជើង។
ពាក់ព័ន្ធនឹងស្ថានភាពកូរ៉េខាងជើង ទីប្រឹក្សាសន្តិសុខជាន់ខ្ពស់ របស់ប្រធានាធិបតី បានលើកឡើងថា សម្ព័ន្ធមិត្តអាមេរិកនឹងដាក់ពង្រាយទ្រព្យសម្បត្តិយោធាជាយុទ្ធសាស្រ្តរបស់ខ្លួននៅជុំវិញឧបទ្វីបកូរ៉េនៅចុងឆ្នាំនេះដើម្បីទប់ទល់នឹងការគំរាមកំហែងផ្នែកយោធារបស់កូរ៉េខាងជើង ដែលវាអាចនឹងធ្វើឲ្យស្ថានភាពកាន់តែក្ដៅឡើងនៅតំបន់នោះ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧។
ការលើកឡើងរបស់លោក Chung Eui-young ប្រធានការិយាល័យសន្តិសុខជាតិធ្វើឡើងនៅក្នុងកិច្ចប្រជុំរបស់លោកប្រធានាធិបតី ជាមួយបណ្ដាមេដឹកនាំគណបក្សធំៗ នៅការិយាល័យប្រធានាធិបតីហើយអ្នកនាំពាក្យរបស់គណបក្សប្រជាធិបតេយ្យកំពុងកាន់អំណាច ក៏បានប្រាប់ក្រុមអ្នកសារព័ត៌មានផងដែរថា សម្ព័ន្ធមិត្តអាមេរិកគ្រោងនឹងដាក់ពង្រាយសម្ភារៈសង្គ្រាម នៅចុងឆ្នាំ២០១៧។
គួរបញ្ជាក់ថា ប្រធានាធិបតីកូរ៉េខាងត្បូងលោកមូនជេអ៊ីននិងប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ បានព្រមព្រៀងគ្នាកាលពីដើមខែនេះដើម្បីពង្រីកការដាក់ពង្រាយយុទ្ធសាស្ត្រយោធាសំខាន់ៗ របស់អាមេរិកទៅកាន់ឧបទ្វីប និងតំបន់ជុំវិញនោះក្នុងអំឡុងពេលកិច្ចចរចានៅមហាសន្និបាត អង្គការសហប្រជាជាតិកាលពីសប្តាហ៍មុន៕ ម៉ែវ សាធី